សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីការផ្តល់អាហារូបករណ៍ជូននិស្សិត ជំនាញភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក Kim Nam Soo អគ្គនាយកនៃធនាគារស៊ិនហាន (ខេមបូឌា) ម.ក។ ទិសដៅនៃអាហារូបករណ៍នឹងត្រូវផ្តល់ជូននិស្សិតឆ្នើមចំនួន ១០ នាក់ដំបូង ដែលមានពិន្ទុខ្ពស់ជាងគេនៅក្នុងនាយកដ្ឋានភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេស។ អាហារូបករណ៍នឹងផ្តល់ជូនក្រោមឈ្មោះនៃស្លាក «Shinhan Financial Group Hope Scholarship»។ ឯកឧត្តមបណ្ឌិត ជេត ជាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតផ្នែកភាសាកូរ៉េនៃវិទ្យាស្ថានភាសាបរទេស ទាំង ១០ នាក់ សម្រាប់ឆ្នាំបញ្ចប់របស់ពួកគេ។ ជាមួយគ្នានោះផងដែរ អគ្គនាយកនៃធនាគារស៊ិនហាន (ខេមបូឌា) លោក Kim Nam Soo បានជូនពរ និងកោតសរសើរដល់និស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍ និងសង្ឃឹមយ៉ាងមុតមាំថា អាហារូបករណ៍នេះនឹងជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ តាមរយៈនិស្សិត ភាសាកូរ៉េនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕ photos SUPPLIED