ក្រុមហ៊ុន យូ-ផេឌីជីធលម.ក និង ក្រុមហ៊ុន អ៊ី-ហ្គេតថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ទៅលើភាពជាដៃគូសម្រាប់សេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលនិងទាញយកប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធរួមរបស់ភាគីទាំង២។ ពិធីនេះបានធ្វើឡើងនៅថ្ងៃសុក្រទី ២១ ខែមករា ឆ្នាំ ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និង បុគ្គលិកទាំងអស់ រួមទាំងភ្ញៀវកិត្តិយសនៃក្រុមហ៊ុនទាំង ២ ផងដែរ។
តាមរយៈអនុស្សរណៈនៃការយោគយល់នេះ ប្រព័ន្ធទូទាត់ប្រាក់របស់ក្រុមហ៊ុន យូ-ផេ នឹងត្រូវធ្វើសន្ធានកម្មជាមួយកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកដ៏ធំមួយឈ្មោះ អ៊ី-ហ្គេត(E-GetS)។ កិច្ចសហការនេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែអស្ចារ្យដល់អាជីវករដែលលក់ទំនិញលើកម្មវិធីទូរស័ព្ទដៃរបស់ អ៊ី-ហ្គេត និងអ្នកប្រើប្រាស់ យូ-ផេវ៉ាឡេត ផងដែរ ខណៈពេលដែលកិច្ចសហការនេះនឹងអនុញ្ញាតឱ្យមានបណ្តាញទូទាត់ប្រាក់តាមបែបអេឡិចត្រូនិកកាន់តែងាយស្រួលជាងមុន។ អាជីវករនឹងអាចទទួលការបញ្ជាទិញ និងពិនិត្យមើលស្ថានភាពដឹកជញ្ជូន នៅលើម៉ាស៊ីន POS តែមួយ ដែលនឹងអនុញ្ញាតឱ្យពួកគាត់មានពេលវេលាផ្តោតទៅលើគុណភាពអាហារនិងល្បឿននៃការផ្ដល់សេវាកម្ម។ ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយការបង់ប្រាក់ដោយសុវត្ថិភាពខ្ពស់តាមរយៈទូរស័ព្ទដៃស្មាតហ្វូន រួចទទួលបានការដឹកជញ្ជូនដល់ទីតាំងរបស់ពួកគេតែម្តង។ គោលដៅចម្បងនៃកិច្ចសហការនេះ គឺចង់ឱ្យអាជីវករនិងអតិថិជនចូលរួមទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងធ្វើឱ្យបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារកាន់តែអស្ចារ្យជាងមុន។
លោក Koh Hao Jie នាយកប្រតិបត្តិក្រុមហ៊ុន យូ-ផេ បានថ្លែងឡើងនៅក្នុងឱកាសនោះថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន អ៊ី-ហ្គេត ដើម្បីលើកកម្ពស់បទដ្ឋានទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និង ចាប់ផ្តើមយុទ្ធនាការប្រម៉ូសិនផ្សេងៗជាច្រើនទៀតរួមគ្នាចាប់ពីថ្ងៃនេះតទៅ។ យើងជឿជាក់ថា ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាផ្នែកមួយនៃរបៀបរស់នៅថ្មីរបស់អតិថិជនយើង។ កិច្ចសហការនេះ នឹងជួយដល់អាជីវកម្មខ្នាតតូច និង មធ្យមជាច្រើន ក្នុងការអភិវឌ្ឍន៍ខ្លួនដោយការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រកបអាជីវកម្មដែលសកម្មភាពនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឈានទៅរកសង្គមឌីជីថលនិងសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ»។
លោក Zhang JuHui នាយកប្រតិបត្តិផ្នែកប្រតិបត្តិការក្រុមហ៊ុន អ៊ី-ហ្គេត មានប្រសាសន៍ថា៖ «ភាពជាដៃគូសហការយុទ្ធសាស្ត្រនេះពិតណាស់នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រាល់អាជីករទាំងឡាយរបស់យើងដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការគ្រប់គ្រងការប្រមូលសាច់ប្រាក់របស់ពួកគេហើយយើងជឿជាក់ថា អតិថិជនរបស់យើងនឹងទទួលបាននូវបទពិសោធន៍ល្អៗ នៅពេលប្រើប្រាស់»។
លោកក៏បានបន្ថែមទៀតថា៖ «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ការផ្តល់ជូនពិសេសផ្សេងៗ ជាច្រើនទៀតនឹងកើតមានជាបន្ដបន្ទាប់»។
ក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីបម្រើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាដឹកជញ្ជូនរហ័ស។ អ្នកប្រើប្រាស់អាចធ្វើការបញ្ជាទិញអាហារ ភេសជ្ជៈ និងផលិតផលពីរាប់ពាន់ហាងតាមរយៈទូរស័ព្ទស្មាតហ្វូន ហើយទំនិញទាំងនោះនឹងត្រូវបានដឹកជញ្ជូនមកដល់ទីតាំងផ្ទាល់តែម្ដង។
ក្រុមហ៊ុន យូ-ផេឌីជីធល ម.ក ចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៩ និងទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ក្នុងស្រុក ចេញដោយធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០២០។ រហូតមកដល់ពេលនេះ យូ-ផេ បានបង្កើតមជ្ឈដ្ឋានទូទាត់បែបអេឡិចត្រូនិក ដែលរួមមានកម្មវិធី យូ-ផេវ៉ាឡេត«U-Pay Wallet»និងម៉ាស៊ីនដាក់/ដកប្រាក់ «យូ-ផេ KIOSK»។ អតិថិជនអាចទាញយក យូ-ផេវ៉ាឡេតពី App Store/ Play Store រួចចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃដោយចំណាយពេលខ្លីបំផុត។ អតិថិជនអាចដាក់ប្រាក់ចូលគណនី យូ-ផេវ៉ាឡេត របស់ពួកគេតាមរយៈម៉ាស៊ីន យូ-ផេ KIOSK ដែលមាននៅរាជធានីភ្នំពេញ និង បណ្តាខេត្តមួយចំនួនទៀតដូចជា ខេត្តកណ្ដាល បាត់ដំបង សៀមរាប និង ខេត្តព្រះសីហនុ។
សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចសហប្រតិបត្តិការរវាង យូ-ផេនិង អ៊ី-ហ្គេត សូមទូរស័ព្ទទៅលេខ +855 85 978 899 ឬ +855 81 978 899៕