ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានរៀបចំកម្មវិធីរាត្រី Non-Farm Payrolls ក្នុងគោលបំណងបង្កើតនូវវេទិកាដ៏មានតម្លៃមួយសម្រាប់បណ្តាញសង្គម ចែករំលែកនូវបទពិសោធជួញដូរជាក់ស្ដែង និងបង្ហាញនូវឱកាសវិនិយោគល្អៗនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ បើនិយាយអំពី Non-Farm Payrolls វិញ វាគឺជាអត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិក (លើកលែងតែផ្នែកកសិកម្ម) ដែលត្រូវបានចេញផ្សាយជារៀងរាល់ខែដោយការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក និងជាទិន្នន័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលវិនិយោគិន និងអ្នកជួញដូរអាចប្រើប្រាស់ជាសូចនាករ ដើម្បីចាប់យកឱកាសជួញដូរ និងបង្កើតប្រាក់ចំណេញ។ ក្នុងអំឡុងកម្មវិធីនេះ ភ្ញៀវកិត្ដិយសទាំងអស់បានចូលរួមយ៉ាងសកម្ម និងមានចំណាប់អារម្មណ៍កាន់តែខ្លាំងទៅលើការស្វែងយល់ និងការចាប់ផ្ដើមការវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីពួកគាត់បានមើលឃើញពីការប្រែប្រួលហាងឆេងតម្លៃឧបករណ៍ហិរញ្ញវត្ថុជាក់ស្តែង ក៏ដូចជា ការចែករំលែកយ៉ាងប៉ិនប្រសប់ពីអ្នកជំនាញទីផ្សារក្នុងតំបន់ និងអ្នកជំនាញមកពីក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម។ ជាលទ្ធផល អ្នកចូលរួមទាំងអស់ទទួលបាននូវការយល់ដឹងអំពីទីផ្សារ និងជំនាញជួញដូរកាន់តែទូលំទូលាយ ដែលអាចជួយបង្កើនទំនុកចិត្ត និងជួយឱ្យពួកគាត់ត្រៀមខ្លួនបានរួចរាល់ សម្រាប់ដំណើរវិនិយោគរបស់ពួកគាត់។ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល មានមោទនភាពលើកម្មវិធីរាត្រី Non-Farm Payrolls ពីព្រោះកម្មវិធីនេះបានបំពេញបេសកកម្មរបស់ក្រុមហ៊ុនក្នុងការផ្ដល់ការអប់រំដល់វិនិយោគិន និងអ្នកជួញដូរ ដើម្បីលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជា ជួយដល់ពួកគាត់ក្នុងការផ្លាស់ប្តូរជីវិតឱ្យកាន់តែល្អប្រសើរ ជាពិសេសលើស្ថានភាពហិរញ្ញវត្ថុ៕