គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន កាលពីថ្ងៃអង្គារបានរៀបចំព្រឹត្តិការណ៍ចាប់ឆ្នោតផ្សងសំណាងផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនសម្រាប់យុទ្ធនាការទូទាត់ប្រាក់កម្ចីតាមអនឡាញ ២.០ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ជាមួយនឹងរង្វាន់ដ៏អស្ចារ្យចំនួន ២២ រង្វាន់ ដូចជា ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ១ រង្វាន់ និងទូរស័ព្ទស្មាតហ្វូន OPPO ចំនួន ២១ រង្វាន់។ ក្នុងឱកាសនោះក៏មានការដាក់ឱ្យប្រើប្រាស់នូវ ឡូហ្កោ និងឈ្មោះនៃប្រព័ន្ធស្នើសុំប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលរបស់ខ្លួនឈ្មោះ «Kjey PAPA» ផងដែរ។ លោក Harvey Poh អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែនមានប្រសាសន៍ថា៖ «គោលបំណងនៃយុទ្ធនាការនេះគឺមិនត្រឹមតែដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលនៃការរាតត្បាតខ្លាំងបំផុតកាលពីឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងសម្រាប់អតិថិជនក្នុងការទទួលយករបៀបទូទាត់កម្ចីតាមឌីជីថលដែលជាមធ្យោបាយឆ្ពោះទៅមុខផងដែរ»។ ប្រព័ន្ធឌីជីថល «Kjey PAPA» នេះបង្ហាញអំពីបំណងប្រាថ្នារបស់ សម្បត្តិ ហ្វាយនែន ក្នុងការកសាងចំណងទំនាក់ទំនងដ៏រឹងមាំជាមួយនឹងអតិថិជនរបស់ខ្លួន ដោយផ្អែកលើ ការទទួលខុសត្រូវ សុចរិតភាព ភាពស្មោះត្រង់ ភាពបើកចំហ និងការជឿទុកចិត្ត ប្រៀបដូចជាទំនាក់ទំនងរវាងឪពុក និងកូន៕