ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កាលពីថ្ងៃទី២៦ ខែកុម្ភៈបានប្រារព្ធកម្មវិធីរាត្រីសមោសរដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ «នាំមុខគេជានិរន្តរ៍» ដើម្បីអបអរសារទរដល់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងឆ្នើមសម្រាប់សមិទ្ធផលនៅក្នុងឆ្នាំ ២០២១ ព្រមទាំងការចូលរួមចំណែករបស់ពួកគាត់ក្នុងការប្រឹក្សា និងផ្ដល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជា តាមបណ្តាធនាគារដៃគូ (ធនាគារ ABA និង ស្ថាបនា) ផងដែរ។
កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដើម្បីប្រគល់ពានរង្វាន់ និងការទទួលស្គាល់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ប្រធានផ្នែកលក់ និងប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ឆ្នើមៗប្រមាណ ៤០រូប របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ប្រចាំការនៅតាមធនាគារដៃគូទាំង២ គឺធនាគារស្ថាបនា និងធនាគារ ABA ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការប្រឹក្សា និងដំណោះស្រាយអនាគតហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា ៖«ចាប់តាំងពីយើងចាប់ផ្តើមប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ មក យើងបានការពារអនាគតហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាជាង ១១ម៉ឺនគ្រួសារ និងបានផ្តល់សំណង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗជាង ៧លានដុល្លារអាមេរិករួចមកហើយ។
នេះគឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីបេសកកម្មក្នុងការជួយលើកកម្ពស់ការអប់រំ ការការពារ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយនឹងសុខសន្តិភាពពេញលេញ និងកំណើននៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ ១០ ឬ ២០ ឬ ៣០ឆ្នាំខាងមុខ តាមរយ:គម្រោងធានារ៉ាប់រងអាយុជីវិតជាមួយ មេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនមានបទពិសោធន៍អាជីវកម្មនៅទូទាំងសកលលោកជាង ១៥៥ ឆ្នាំ ជាមួយភាពរឹងមាំនៃផ្នែកហិរញ្ញវត្ថុ សេវាកម្មបម្រើអតិថិជន និងកិត្តិនាមលំដាប់ពិភពលោករបស់យើង»៕