ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក»។ ពិធីនេះចុះហត្ថលេខានេះបានរៀបចំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាងរបស់ភាគីរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលជាតំណាងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ក៏ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីពាក់ព័ន្ធរបស់ភាគីទាំង ២ ជាច្រើនរូបផ្សេងទៀត។
ពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក» គឺជាបង្គោលចរដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីវិវឌ្ឍនាការដ៏ជឿនលឿនរបស់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យឌីជីថលនៅក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ កិច្ចសហការរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក នៅក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.កនេះ គឺជាតថភាព ដែលបង្ហាញអំពីសារសំខាន់នៃភាពជាដៃគូស្អិតរមួតរវាងរដ្ឋ និងឯកជននៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។
ស្របតាមផែនការរំដោះបន្ទារហ្វ្រេកង់ស៍របស់រាជរដ្ឋាភិបាលថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ដែលមានគុណភាពខ្ពស់ក្នុងការបញ្ជូនរូបភាព និងសម្លេងទៅកាន់ទស្សនិកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា,រាជរដ្ឋាភិបាលនឹងមានលទ្ធភាពរំដោះយកបន្ទារហ្វ្រេកង់ស៍ពីក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនជាពិសេសបន្ទារហ្វ្រេកង់ស៍តំបន់ ៧០០ MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ដូចជា ប្រព័ន្ធ 5G ដែលមានគុណប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ធៀបនឹងការប្រើប្រាស់ក្នុងវិស័យសោតទស្សន៍។ ការបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ក៏ជាលទ្ធផលនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការអនុលោមតាមឧត្តមានុវត្តន៍នៃបណ្តាប្រទេសក្នុងតំបន់ និងអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ស្របតាមគោលការណ៍ដ៏សំខាន់ៗទាំងនេះ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិដោយតម្រូវឱ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា (Simulcast) ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នារហូតដល់ដំណាច់ឆ្នាំ ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ៕