គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន ភីអិលស៊ី កាលពីថ្ងៃអង្គារ បានចាប់ដៃគូជាមួយបុងកាហ្វេ (ខេមបូឌា) ក្នុងការផ្តល់ជូននូវហិរញ្ញវត្ថុ សម្រាប់អ្នកដែលចង់បើកហាងកាហ្វេ ដើម្បីអាចក្លាយជាម្ចាស់ម៉ាស៊ីនកាហ្វេមកពីអឺរ៉ុប ដែលមានគុណភាពខ្ពស់ គ្រឿងបរិក្ខារឆុងកាហ្វេ និងគ្រឿងធ្វើភេសជ្ជៈជាច្រើនទៀត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិ ហ្វាយនែន អាចផ្តល់ប្រាក់ខ្ចីរហូតដល់ ២០ ០០០ដុល្លារអាមេរិក ជាមួយរយៈពេលកម្ចីហូតដល់ ៣៦ខែ និងអត្រាការប្រាក់ទាបរហូតដល់១,៥ ភាគរយក្នុង១ខែ អាស្រ័យលើលក្ខណសម្បត្តិរបស់អ្នកស្នើសុំកម្ចី។
លោក Harry Wong អគ្គនាយកក្រុមហ៊ុន បុងកាហ្វេ ប្រចាំកម្ពុជាបានថ្លែងថា៖ «ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន ដែលផ្តល់ជូនដោយ សម្បត្តិហ្វាយនែន យើងមានទំនុកចិត្តថា អតិថិជនរបស់យើងពេលនេះនឹងអាចក្លាយជាម្ចាស់អាជីវកម្ម និងបើកហាងកាហ្វេរបស់ពួកគេបានដោយងាយស្រួល»។
លោក Harvey Poh អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្បត្តិហ្វាយនែន បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា គំនិតផ្តួចផ្តើមលើការផ្តល់ហិរញ្ញប្បទានរបស់យើងតាមរយៈភាពជាដៃគូជាមួយបុងកាហ្វេ នឹងអាចបណ្តុះ និងអភិវឌ្ឍនូវស្មារតីភាពជាសហគ្រិនក្នុងចំណោមយុវជន»៕