ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយក្រសួងការពារជាតិកម្ពុជា ចំពោះការចូលរួមចំណែកសំខាន់ៗជាច្រើន ដែលក្រុមហ៊ុនទូរគមនាគមន៍មួយនេះបានធ្វើ ដើម្បីជួយប្រទេសជាតិក្នុងគ្រាដែលមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំង។
ការទទួលស្គាល់នេះត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិជូនបណ្ណសរសើរ លិខិតសរសើរ ដែលរៀបចំឡើងដោយក្រសួងការពារជាតិនៅថ្ងៃទី ១៩ ខែសីហា សម្រាប់អង្គការ និងស្ថាប័នដែលបានជួយគាំទ្រទាំងអស់ សម្រាប់ការចូលរួមក្នុងបុព្វហេតុរួមគ្នានេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិបានផ្តល់បណ្ណសរសើរដល់ក្រុមហ៊ុន Smart Axiata ក្នុងពិធីសំណេះសំណាលបំពាក់ឋានន្តរស័ក្តិ ជូនបណ្ណសរសើរ លិខិតសរសើរនេះ ដែលធ្វើឡើងនៅក្រសួងការពារជាតិ ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែង និងសកម្មភាពដែលក្រុមហ៊ុន Smart Axiata បានធ្វើឡើង ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ ១៩ ចំពោះប្រទេសជាតិ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលក្រុមហ៊ុន Smart Axiata ទទួលបានបណ្ណសរសើរនេះ ដោយសារតែការចូលរួមចំណែកពីក្រុមការងាររបស់យើងនៅក្រុមហ៊ុន Smart Axiata។
«ការរួមចំណែក និងការខិតខំប្រឹងប្រែងរួមគ្នារបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងវិបត្តិដ៏មហន្តរាយនេះបានបង្ហាញឱ្យអ្នករាល់គ្នាដឹងថា ក្រុមហ៊ុន Smart Axiata ពិតជានៅទីនេះ ដើម្បីបម្រើប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់»។
«យើងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយយើងមានមោទនភាព ដែលអាចផ្តល់ការគាំទ្ររបស់យើងតាមលទ្ធភាពដែលយើងអាចធ្វើបាន»។
ការរួមចំណែករបស់ក្រុមហ៊ុន Smart Axiata ក្នុងការជួយទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ ១៩ រួមមានការបង្កើតមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ ១៩ ដើម្បីគាំទ្រដល់អាជីវកម្ម ដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ ១៩។
ក្រុមហ៊ុន Smart Axiata ជួយបង្កើតមណ្ឌលចាក់វ៉ាក់សាំងនៅទូទាំងរាជធានី-ភ្នំពេញ និងប្រើប្រាស់បណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់ជំនួយស្បៀងអាហារ និងទំនាក់ទំនងដោយគ្មានការរំខានទៅកាន់អ្នកដែលជាប់គាំងនៅក្នុងតំបន់ក្រហមក្នុងគ្រាដែលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩។
លើសពីនេះ ក្រុមហ៊ុន Smart Axiata បានបង្កើតមូលនិធិស្បៀងអាហារផងដែរ ដើម្បីឱ្យអតិថិជនរបស់ក្រុមហ៊ុនអាចបរិច្ចាគថវិកា និងជំនួយសង្គ្រោះបានងាយស្រួលក្នុងការជួយដល់អ្នកដែលត្រូវការជំនួយ៕ photos SUPPLIED