The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ចុះហត្ថលេខា​លើ «​លក្ខន្តិកៈ​ក្រុមហ៊ុន​» ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ «​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​»

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​និង​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា ចុះហត្ថលេខា​លើ «​លក្ខន្តិកៈ​ក្រុមហ៊ុន​» ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ «​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​»

រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ស័ម្ពន្ធ​ទូរទស្សន៍​កម្ពុជា​នៅ​ថ្ងៃទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ ​«​លក្ខន្តិកៈ​ក្រុមហ៊ុន​» ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​រាជរដ្ឋាភិបាល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អន្តរក្រសួង​មកពី​ក្រសួង​ព័ត៌មាន ក្រសួង​ប្រៃសណីយ៍​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស័ម្ពន្ធ​ទូរទស្សន៍​កម្ពុជា ដែលជា​ការវិនិយោគទុន​រួម​រវាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំៗ​ចំនួន​ ៣ គឺ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប​របស់​លោក​ជំទាវ ហ៊ុន ម៉ាណា និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មាន​ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប​របស់​លោក​ឧកញ៉ា អ៊ឹង ឆៃងួន អ្នកវិនិយោគទុន​ជាតិ-​អន្តរជាតិ​ និង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត​។

នៅក្នុង​ឯកសារ «​លក្ខន្តិកៈ​ក្រុមហ៊ុន​» នេះ​សម្រេច​ចំនួន​សមាសភាព​ក្រុមប្រឹក្សាភិបាល ៧ ​រូប ដែល​ ១ ​រូប តំណាង​មកពី​រាជរដ្ឋាភិបាល និង ​៦ ​រូប​ទៀត តំណាង​មកពី​ក្រុមហ៊ុន​ស័ម្ពន្ធ​ទូរទស្សន៍​កម្ពុជា​។ ហើយ​លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង​។

ក្រុមហ៊ុន​ «​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​» ​នឹង​ផ្ដល់ជូន​សេវាកម្ម​ទូរទស្សន៍​ឌីជីថល ដែល​មាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និង​ជម្រើស​ច្រើន​ប្រភេទ​ដ៏សម្បូរបែប ប្រកប​ដោយ​គុណភាព​ខ្ពស់ សំដៅ​លើកស្ទួយ​ការផ្ដល់​ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និង​ទស្សនីភាព​ដល់​ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ឈានទៅ​សម្រេច​ឱ្យ​បាន​តាម​អនុសាសន៍​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយ​ជារួម​ និង​និយាយ​ដោយឡែក​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​យក​ឆ្នាំ​ ២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការដាក់ឱ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណាឡូក​ឯកជន​ទាំងអស់ មក​ប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា និង​បន្ត​ការផ្សាយ​ព្រម​គ្នា​ជា​ប្រព័ន្ធ​អាណាឡូក និង​ប្រព័ន្ធ​ឌីជីថល​ស្របគ្នា​មុន​នឹង​ដល់​ដំណាច់​ឆ្នាំ​ ២០២៥ ដែលជា​កាលបរិច្ឆេទ​សម្រាប់​បិទ​ការផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណាឡូក​ជា​ស្ថាពរ​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់​ទំនង
1. ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប​, ទូរស័ព្ទ​លេខៈ ០១២ ៩៥៩ ៥១៩
2. ក្រុមហ៊ុន​ទូរទស្សន៍ CBS, ទូរស័ព្ទ​លេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧
3. ​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប​, ទូរស័ព្ទ​លេខៈ ០១២ ៩៥៩ ៥១៩