ក្រុមហ៊ុន ONODERA USER RUN ដែលជាសាលាបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេស គឺចំណេះដឹងផ្នែកភាសាជប៉ុន និងជំនាញផ្នែកថែទាំមនុស្សចាស់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៣ បានសម្ពោធបើកដំណើរការជាផ្លូវការហើយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ លោក អីហ្សឺមិ ម៉ាស្សាយូគី តំណាង ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំនៅកម្ពុជា លោក កាតូ ជូន អ្នកតំណាងនៃសាលា ONODERA USER RUN CAMBODIA ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្សទាំងអស់ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម សេង សក្តា បានថ្លែងអបអរសាទរចំពោះលោក កាតូ ជូន និងសហការីទាំងអស់នៃសាលា ONODERA USER RUN CAMBODIA ដែលបានបង្កើតសាលានេះឡើង ដោយផ្តោតលើការបណ្តុះបណ្តាលភាសាជប៉ុន និងជំនាញថែទាំមនុស្សចាស់នៅកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថា៖ «ខ្ញុំចាប់អារម្មណ៍ឃើញថា សាលា ONODERAUSER RUN CAMBODIA នេះបង្កើតឡើងដោយជនជាតិជប៉ុន តាមស្តង់ដាររបស់ប្រទេសជប៉ុន និងបានផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដែលនេះគឺជាការផ្តល់ឱកាសដល់យុវជនកម្ពុជា និងជាពិសេស អ្នកដែលមិនមានលទ្ធភាព ក៏អាចទទួលបានការបណ្តុះបណ្តាលភាសាជប៉ុន និងជំនាញសម្រាប់ប្រើប្រាស់ប្រកបរបរទៅថ្ងៃមុខ»។
ឯកឧត្តម សេង សក្តា សង្ឃឹមយ៉ាងមុតមាំថា សាលាដែលមានលោក កាតូ ជូន ជាអ្នកតំណាងព្រមទាំងសហការី លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់សាលា នឹងចូលរួមចំណែកល្អប្រសើរ ក្នុងការផ្តល់នូវការបណ្តុះបណ្តាលទៅតាមស្តង់ដារ និងតម្រូវការទីផ្សារការងារដល់យុវជនកម្ពុជា។ យើងដឹងហើយថា សាលាល្អ គ្រូបង្រៀនល្អ នឹងនាំឱ្យមានធនធានល្អទៅថ្ងៃមុខ។ ធនធានល្អ នឹងជាផ្នែកមួយដែលជួយឱ្យជាតិយើងបន្តរីកចម្រើន។
លោក កាតូ ជូន អ្នកតំណាងនៃសាលា ONODERA USER RUN CAMBODIA បានថ្លែងថា៖ «យើងណែនាំធនធានមនុស្សដែលអាចធ្វើការប្រកបដោយស្ថិរភាពក្នុងរយៈពេលយូរតាមរយៈការផ្តល់សេវាកម្មតែម្តងគត់តាំងពីការអប់រំផ្នែកភាសាជប៉ុន និង ជំនាញជាក់លាក់ដល់ការជ្រើសរើសបុគ្គលិក ការគាំទ្រសម្រាប់ជីវិត បន្ទាប់ពីការងារ និងការទទួលបានសញ្ញាប័ត្រ»។
លោក កាតូ ជូន បញ្ជាក់ថា នៅកម្ពុជា មានសិស្សចំនួន ២៥ នាក់ប្រលងជាប់ ក្នុងនោះសិស្ស ១៥ នាក់បានសម្ភាសន៍ជាប់ក៏ដូចជា ចូលបំរើការងារនៅក្នុងប្រទេសជប៉ុនរួចជាស្រេច។ ហើយយើងគ្រោងនឹងអប់រំសិស្សចំនួន ២០០ នាក់បន្ថែមទៀតនៅក្នុងឆ្នាំ ២០២៣ នេះ។ លោកយល់ថា វាជាសម្ទុះដ៏អស្ចារ្យសម្រាប់ការរីកចម្រើនទៅមុខ។
តំណាងសិស្សនៃសាលា ONODERA USER RUN CAMBODIA ឈ្មោះ ហាក់ ទី ដែលមកពីខេត្តកំពត បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកជាភាសាជប៉ុននៅក្នុងពិធីសម្ពោធនោះថា លោកបានចូលសាលា ONODERA USER RUN CAMBODIA នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២២ ហើយសាលា ONODERA USER RUN CAMBODIA ផ្តល់ការអប់រំដោយឥតគិតថ្លៃ និងឱកាសទៅធ្វើការនៅប្រទេសជប៉ុនសម្រាប់យុវជនកម្ពុជាដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងផ្តល់ឱកាសដល់មនុស្សជាច្រើន។
លោក ហាក់ ទី បានលើកឡើងថា៖ «មុនពេលចូលសាលា ONODERA USER RUN CAMBODIA ខ្ញុំមិនមានចំណេះដឹងច្រើនអំពីភាសាជប៉ុន និងការថែទាំមនុស្សចាស់ទេ ប៉ុន្តែបន្ទាប់ពីចូលសាលា ONODERA USER RUN CAMBODIA ភាសាជប៉ុនរបស់ខ្ញុំគឺបានប្រសើរឡើង និងចំណេះដឹងការងារថែទាំមនុស្សចាស់កាន់តែទូលំទូលាយច្រើនផងដែរ។ បន្ថែមពីលើចំណេះដឹងភាសាជប៉ុន និងការថែទាំមនុស្សចាស់ លោកគ្រូអ្នកគ្រូគឺបានបង្រៀនខ្ញុំអំពីវប្បធម៌ជប៉ុន ទំនៀមទម្លាប់ ច្បាប់ អាកប្បកិរិយា និងវិធីដោះស្រាយនៅពេលមានបញ្ហា និងពេលជួបទុក្ខលំបាកនៅប្រទេសជប៉ុនផងដែរ។ សម្រាប់ខ្ញុំ ការធ្វើការនៅប្រទេសជប៉ុន គឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយខ្ញុំគិតថា វានឹងនាំខ្ញុំទៅរកអនាគតដ៏ល្អ»។
លោក កាតូ ជូន បានបន្ថែមទៀតថា ៖«ក្រុមហ៊ុន ONODERA USER RUN បានបង្កើតសាលាបណ្តុះបណ្តាលធនធានមនុស្សតាំងពីឆ្នាំ ២០១៦ រួមមាន ៥ ប្រទេស ក្នុងនោះមានប្រទេស មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេស គឺសាលាទាំង ៥ ប្រទេសនេះ មិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាឡើយ»។
សូមបញ្ជាក់ថា ការបណ្តុះបណ្តាលរបស់សាលា ONODERA USER RUN CAMBODIA គឺផ្តល់ជូននូវចំណេះដឹងផ្នែកភាសាជប៉ុន និងជំនាញផ្នែកថែទាំមនុស្សចាស់ ដើម្បីឱ្យសិស្សក្លាយជាពលករជំនាញកម្រិតមួយដែលហៅថា SSW។ ដែលមានន័យថាសិស្សទទួលបានវីសា (Visa) ការងាររយៈពេល ៥ឆ្នាំ ទទួលបានការគាំទ្រពីស្ថាប័នចុះបញ្ជីសេវាកម្មការងារអន្តោប្រវេស៍ ទទួលបានការស្វែងរកកន្លែងស្នាក់នៅដ៏ត្រឹមត្រូវ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយសម្រាប់អាយុជីវិត និង ការងារ ពីនិយោជក់ពេលទៅដល់ប្រទេសជប៉ុន៕