ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេស កម្ពុជាបានរៀបចំកម្មវិធីរ៉ូដសូការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈលើកដំបូង (IPO) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីថ្ងៃទី១៩ ខែមេសា។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងប្រាប់អ្នកមានវត្តមាននៅក្នុងពិធីនោះថា ជាផ្នែកមួយនៃផែនការច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានធ្វើសំណើទៅនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនជាផ្លូវការ។
ហើយលោកក៏បានអំពាវឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលសិស្សានុសិស្ស ចូលរួមទិញភាគហ៊ុនជាមួយក្រុមហ៊ុន ដើម្បីអាចពង្រីកនិងពង្រឹងខ្លួនកាន់តែរឹងមាំថែមទៀតសម្រាប់វិស័យអប់រំនៅកម្ពុជា។
ការបន្តភាពជោគជ័យរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានរួមចំណែកដល់ការចូលក្នុងទីផ្សារភាគហ៊ុនកម្ពុជា ដោយ IPO នេះបើកសម្រាប់អ្នកវិនិយោគទូទៅ និងមានបំណងរៃអង្គាសថវិកាចំនួន ១០ លានដុល្លារដើម្បីបង្កើតសាលារៀនបន្ថែមទៀត។
សម្រាប់កាលបរិច្ឆេទបរិវិសកម្ម បើកនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងបិទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយ MJQE នឹងចូលរួមជាផ្លូវការជាមួយ CSX នៅថ្ងៃទី២៨ ខែមិថុនា អាស្រ័យលើការអនុម័តតាមការយល់ព្រមជាមុនពីនិយ័តករមូលបត្រកម្ពុជា។
ក្នុងនោះមូលធនីយកម្មចំនួន ១០,000,000 លានដុល្លារអាមេរិក, ធានាភាគលាភ ៦.០% ក្នុង១ ឆ្នាំសម្រាប់រយៈពេល ២ ឆ្នាំដំបូង, ភាគហ៊ុន IPOចំនួន ១៩,៦០៦,៦០០ ភាគហ៊ុនស្មើនឹង ៥,៨៨%នៃភាគហ៊ុនក្រុមហ៊ុនសរុបហើយតម្លៃ IPO គឺ ២,០៨០ ឬ ០,៥១ ដុល្លារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បច្ចុប្បន្នមានសាខាសរុបចំនួន ១៥ ក្នុងរាជធានីខេត្តក្រុង មានសិស្សជាង ២០,០០០ នាក់ បុគ្គលិក ២,១៤៩ នាក់ និងមានអតីតសិស្សជាង ៥០,០០០ នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មី សម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤ សាខាជាច្រើនបន្ថែម ទៀតក្នុងនោះ រួមមាន៖សាខា សែនសុខ, សាខាច្បារអំពៅ,សាខា កំពង់ចាម, សាខាតាកែវនិងសាខាបាត់ដំបង៕