BYTEDC គឺជាក្រុមហ៊ុនដែលផ្តល់នូវមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំមួយ ក្រោមការវិនិយោគរវាង ប្រទេសកម្ពុជា និងប្រទេសសឹង្ហបុរី បានបើកសម្ពោធជាផ្លូវការហើយនៅប្រទេសកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
មានប្រសាសន៍នៅក្នុងថ្ងៃបើកសម្ពោធនេះ លោក BOB LIM (ប៊ប លីម) នាយកប្រតិបត្តិក្រុមហ៊ុន BYTEDC Solutions បានរំលឹកថា បច្ចុប្បន្នយើងកំពុងរស់នៅក្នុងពិភពលោកមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យា ហើយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធទិន្នន័យធំៗ (big data)ការរក្សាទិន្នន័យនៅលើប្រព័ន្ធក្លោដ (cloud computing) និងការតភ្ជាប់បណ្តាញ អ៊ីនធឺណិត បាននាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩បានពន្លឿនដល់ការផ្លាស់ប្តូរនេះបន្ថែមទៀត ជាពិសេស នៅក្នុងវិស័យមួយចំនួន ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើការងារពីចម្ងាយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថា យើងបានបោះជំហានយ៉ាងលឿនឆ្ពោះទៅរកទសវត្សរ៍មួយនៅក្នុងវឌ្ឍនភាពឌីជីថល។ នៅក្នុងបរិបទនេះការមានមជ្ឈមណ្ឌលទិន្នន័យដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពសម្រាប់ការរក្សាទុក និងគ្រប់គ្រងទិន្នន័យ កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
ក្នុងន័យនេះលោកថ្លែងថា ៖«ខ្ញុំមានមោទនភាពជាខ្លាំង ដែលប្រកាសថា ក្រុមហ៊ុន ByteDC របស់យើងខ្ញុំ គឺជាមជ្ឈមណ្ឌលទិន្នន័យដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ Uptime Design Tier III។ វាគឺជាសក្ខីភាពមួយដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការបន្តស្ថិតនៅជួរមុខជានិច្ច ក្នុងការផ្តល់នូវបទដ្ឋានគុណភាពខ្ពស់នៃសេវាកម្មមជ្ឈមណ្ឌលទិន្នន័យរបស់យើង»។
តបទៅនឹងការលើកឡើងពីបេសកកម្មរបស់ BYTEDC Solutions នៅកម្ពុជានាពេលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន BYTEDC Solutions ចំពោះកិច្ចខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ដែលជាការបើកដំណើរការនៃការផ្តល់សេវាកម្ម ឌីជីថល និង សេវាកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវិញ្ញាបនបត្រ Uptime Design Tier III។
ឯកឧត្តមបានបន្តថា សមិទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការរីកចម្រើនជឿនលឿនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលមានភាពទំនើប និងទាន់សម័យ ក៏ដូចជា អំពីភាពរួចរាល់របស់កម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថល សម្រាប់ជាប្រយោជន៍ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។
ក្នុងន័យនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណម្ដងទៀតចំពោះក្រុមហ៊ុន BYTEDC Solutions ដែលមានទំនុកចិត្តលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជានិងបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលក្នុងរបត់នៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅក្នុងយុគសម័យឌីជីថល។ ពិតណាស់ ទន្ទឹមនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និង ការធ្វើពិពិធកម្មទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ និង ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀតក៏ដូចជា ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើបប្រកបដោយប្រសិទ្ធភាពនិងផលិតភាពកាន់តែខ្ពស់។
ក្រុមហ៊ុន BYTEDC Solutions មានទីតាំងនៅតំបន់បឹងកក់ជិត អេឌិនហ្គាឌិន ស្ថិតក្នុងអគារដ៏ធំស្កឹមស្កៃក្រោមទុននិយោគរាប់រយលានដុល្លារអាមេរិក។ នៅទីនោះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីធានាសុវត្ថិភាពល្អឥតខ្ចោះ ជាមួយការតម្លើង និងការគ្រប់គ្រងឧបករណ៍ IT មានភាពងាយស្រួល ប៉ុន្តែមានភាពគួរឱ្យទុកចិត្ត។ ប្រព័ន្ធរក្សាភាពត្រជាក់ និងលំហូរខ្យល់ប្រកបដោយប្រសិទ្ធភាព ក៏ត្រូវបានធានាផងដែរ ដែលជាហេតុធ្វើឱ្យការថែទាំ និងការកែលម្អ មិនជួបប្រទះការលំបាក។
BYTEDC ក៏ផ្ដល់ផងដែរនូវសេវាកម្មជួលទីតាំងផង ដោយផ្តល់ជូនដល់ធុរកិច្ចនានានូវទីធ្លា ការផ្គត់ផ្គង់ថាមពល និងបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ដើម្បីរៀបចំដំណើរការឧបករណ៍ IT ផ្ទាល់ខ្លួនរបស់ពួកគេ និងស្របពេលជាមួយគ្នានោះ ក៏នៅតែទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលបច្ចេកវិទ្យាចុងក្រោយរបស់យើងផងដែរ ពោលគឺបច្ចេកវិទ្យាដែលបានទទួលវិញ្ញាបនបត្រកម្រិត Uptime Design Tier III ក្នុងតម្លៃសមរម្យ។ ByteDC ក្នុងនាមជាមជ្ឈមណ្ឌលរក្សាទិន្នន័យអព្យាក្រឹត នឹងផ្តល់ឱ្យអតិថិជននូវជម្រើស និងភាពបត់បែនជាច្រើន ដែលនាំឱ្យសមត្ថភាពបំពេញការងារកាន់តែប្រសើរជាងមុន កាត់បន្ថយការចំណាយ និងបង្កើនភាពជឿជាក់៕