Bloom ដែលជាហាងឯកទេសនំខេកដ៏ល្បីល្បាញកាលពីថ្ងៃទី ១៩ ខែឧសភា បានរៀបចំពិធីបង្ហាញពីការផ្លាស់ប្តូរឈ្មោះពី Bloom ទៅ Glow និងប្តូរឡូហ្គោរថ្មី ដើម្បីបន្ថែមភាពទាក់ទាញជូនអតិថិជនទៅកាន់កម្រិតមួយថ្មីទៀត ដែលពិធីដ៏អធិកអធមនេះត្រូវបានប្រារព្ធធ្វើនៅហាងនំ Glow ដែលមានអស័យដ្ឋានផ្ទះលេខ ៤០ ផ្លូវ ២២២ រាជធានីភ្នំពេញ និងទទួលបានការអញ្ញើញចូលរូមពីភ្ញៀវកិត្តិយសជាច្រើនរូប។
ហាងនំខេក GLOW ដែលពីមុនមានឈ្មោះថា Bloom បានបើកអាជីវកម្មនេះអស់រយៈពេល ១៣ ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនមកពីគ្រប់មជ្ឍដ្ឋានដែលមានលក់នំខេកគ្រប់ជម្រើស គ្រប់ទំហំ សម្រាប់គ្រប់កម្មវិធី ក្នុងនោះក៏មាននំខូឃី និងកាហ្វេដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីផ្តល់ជូនអតិថិជនផងដែរ។
ថ្លែងនៅក្នុងពិធីនោះ កញ្ញា ចាន់សុទ្ធា នាយិកាហាងនំខេក Glow បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ ដោយឥឡូវនេះយើងកំពុងនាំយកអ្វីដែលយើងកំពុងធ្វើទៅកាន់កម្រិតមួយថ្មីទៀត គឺធ្វើបច្ចុប្បន្នភាព ផ្លាស់ប្តូររូបរាង និងឡូហ្គោររបស់យើងពី Bloom ទៅ Glow ដើម្បីបំពេញតម្រូវការអតិថិជនឱ្យកាន់តែទូលំទំលាយ និងសម្បូរបែប ជាមួយរសជាតិ និងភាពច្នៃប្រឌិត»។
កញ្ញាបន្ថែមថា៖ «គោលដៅរបស់យើង គឺដើម្បីបង្កើតអ្វីដែលទំនើបទាន់សម័យ ភាពទាក់ទាញ និងការចងចាំល្អៗ ជាមួយគ្នានោះដែរនាំមកនូវគុណភាព និងសេវាកម្មឱ្យកាន់តែប្រសើរសម្រាប់អតិថិជនជាទីស្រលាញ់របស់យើង»។
សូមបញ្ជាក់ថា ក្រៅពីលក់នំខេក នំខូឃី និងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ហាងនំ GLOW ក៏មានថ្នាក់កម្សាន្តរយៈពេលខ្លីឱ្យអតិថិជនអាចរចនាម៉ូតលើនំខូឃី និងខាប់ខេកជាមួយគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ ដើម្បីបង្កើតភាពស្និទ្ធស្នាល និងបរិយាកាសរីករាយ ព្រមទាំងកសាងចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ៕