លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ និង ជាអនុប្រធានក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី (ក្រុមការងារចម្រុះតែមប្រិ៍) របស់អគ្គនាយកដ្ឋានពន្ធដារ (អពដ) និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា (អគរ) តំណាងរបស់បណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអពដ និងជាសហ ប្រធាន ក្រុម ការងារ និងលោក ហ៊ុល ប៊ុនថា អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអគរ និង ជាអនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក កើត សុធារ៉ា អគ្គនាយករង នៃអគរ និងជាសហប្រធានក្រុមការងារ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ បានដឹកនាំអនុក្រុមការងារចម្រុះទី១ ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់ បារី ដល់អាជីវករនៅតាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារី មួយ ចំនួនក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងការចុះផ្សព្វផ្សាយនៅរាជធានីភ្នំពេញ អនុក្រុមការងារចម្រុះតែមប្រិ៍ផ្សេងៗទៀត ក៏បាន និង កំពុងចុះបំពេញការងារដូចគ្នានៅតាមបណ្តាខេត្តផ្សេងៗទៀតដូចជា៖ ខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប ផងដែរ។
ក្នុងការចុះបំពេញការងារនោះ ក្រុមការងារបានជម្រាបជូនដល់បណ្តាអាជីវករទាំងអស់ថា ការលក់បារី ឬផលិតផលថ្នាំជក់ដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ គឺជាអំពើខុសច្បាប់ ដោយបារីទាំងនោះ នឹងត្រូវរឹបអូស ហើយម្ចាស់បារីនឹងទទួលរងនូវការផាកពិន័យជាប្រាក់ រួមនិងទោស ទណ្ឌផ្សេងៗ ទៀត ស្របតាមច្បាប់ជាធរមាន។
ក្នុងន័យនេះ ក្រុមការងារបានណែនាំដល់អាជីវករទាំងនោះឱ្យបញ្ឈប់ការទិញ និងលក់បារីដែល មិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ ឬរងនូវទោសទណ្ឌផ្សេងៗ ព្រមទាំងបានស្នើសុំកិច្ចសហការពីអាជីវករទាំងនោះ ឱ្យផ្តល់ព័ត៌មានរបស់អ្នកផ្គត់ផ្គង់ បារី ដែលមិនមាន បិទតែមប្រិ៍អាករត្រឹមត្រូវដល់ក្រុមការងារ ដើម្បីមានវិធានការបន្ត ដោយបានសន្យាផ្តល់រង្វាន់ និង រក្សាការសម្ងាត់ជូនផងដែរ។
ជាមួយគ្នានេះ ក្រុមការងារក៏បានបញ្ជាក់ជូនដល់អាជីវករទាំងនោះឱ្យបានជ្រាបផងដែរថា ការចុះផ្សព្វផ្សាយ និងអប់រំណែនាំលើកនេះ គឺជាវិធានការទន់ភ្លន់លើកចុងក្រោយ បន្ទាប់ពីក្រុមការងារ បានចុះផ្សព្វផ្សាយជាបន្តបន្ទាប់កាលពីឆ្នាំ ២០១៩ និងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយកាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ហើយវិធានការបន្ទាប់ គឺជាការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមានដែលមានជាអាទិ៍ ការរឹបអូសបារីដែលមិនមានបិទតែមប្រិ៍អាករត្រឹមត្រូវ ការផាក ពិន័យ និងការប្តឹងទៅតុលាការជាដើម ដែលវិធានការនេះនឹងចាប់អនុវត្តនាពេលឆាប់ៗខាងមុខ ដោយ មិនមានការពន្យារពេលទៀតឡើយ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី សូមអំពាវនាវដល់លោក-លោកស្រីជាម្ចាស់សហគ្រាសផលិត ឬនាំចូល អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបញ្ឈប់ទាំងស្រុងនូវការផលិត នាំចូល ចែកចាយ ឬលក់បារីដែលមិនមានបិទតែមប្រិ៍អាករប្រភេទថ្មី ឬបិទតែមប្រិ៍អាករក្លែងក្លាយ ឬតែមប្រិ៍អាករដែលប្រើប្រាស់រួច ដោយត្រូវចូលរួមអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករ ប្រភេទថ្មី សម្រាប់ បារីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ បើពុំនោះទេនឹងត្រូវទទួលរងនូវទោសទណ្ឌ ផ្សេងៗ ស្របតាមច្បាប់ជាធរមាន៕