ដើម្បីបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ និងរឹតចំណងមិត្តភាពនៃប្រទេសកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំ និងយូរអង្វែងបន្ថែមទៀត ជាពិសេសផ្តោតសំខាន់លើភាពរីកចម្រើននៃវិស័យកសិកម្មរវាងប្រទេសទាំង២បន្ថែមទៀត កម្មវិធីសម្ពោធជាផ្លូវការនៃការនាំចូលសាច់គោគុណភាពពិសេស គឺ Hanwoo បានប្រារព្ធធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ឯកឧត្តម ឌិត ទីណា និងឯកឧត្តម Chung- Hwang-Keun រដ្ឋមន្ត្រីកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃធារណរដ្ឋកូរ៉េ នារាត្រីដ៏សោមនស្សរីករាយពីសណ្ឋាគារ Rosewood និងការអញ្ជើញចូលរួមពីសំណាក់អ្នកមុខអ្នកការ ថា្នក់ទេសរដ្ឋមន្ត្រី មន្ត្រីរាជការក្រសួងកសិកម្ម ព្រមទាំងអ្នកជំនួញ ធុរជនលើវិស័យកសិកម្មធំៗ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
នៅក្នុងពិធីនោះ ឯកឧត្តម Chung Hwang Keun រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទសាធារណរដ្ឋកូរ៉េបានមានប្រសាសន៍ថា៖ «ខ្ញុំសូមណែនាំសាច់គោនេះជាពិសេសដល់ប្រជាជនកម្ពុជាថា «ហាន់នូ គឺជាតុល្យភាពនៃរសជាតិ»។ ហាន់នូ ក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ សម្រាប់រសជាតិដ៏ល្អឥតខ្ចោះរបស់វាផងដែរ មិនតែប៉ុណ្ណោះគេក៏បានបរិភោគវានៅក្នុងឱកាសពិសេសៗ ដូចជា ថ្ងៃខួបកំណើត និងពិធីបុណ្យផ្សេងៗទៀត។ ពួកយើងសង្ឃឹមថា ការនាំចេញមកកាន់ប្រទេសកម្ពុជានេះនឹងនាំមកនូវការផ្សព្វផ្សាយសាច់គោកូរ៉េទៅកាន់ពិភពលោក ហើយពួកយើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកចំនួនប្រទេសនាំចេញនាពេលអនាគត»។
ឯកឧត្តមបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា ការនាំចេញសាច់គោកូរ៉េ មកកាន់ប្រទេសកម្ពុជាលើកដំបូងនេះគឺជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកកសិកម្មរវាងប្រទេសទាំង ២»។
លើសពីនេះឯកឧត្តមរដ្ឋមន្ត្រីកូរ៉េ ក៏បានសំណេះសំណាលជាមួយនឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីយុទ្ធសាស្ត្រផ្សេងៗក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរបស់ប្រទេសទាំង ២ ផងដែរ ក្នុងនោះក៏មានការពង្រីកចង្វាក់ផលិតកម្ម ជារោងចក្រកែច្នៃសាច់គោហាន់នូផងដែរ ដើម្បីបង្កើនការងារធ្វើ និងងាយស្រួលវាយលុកទីផ្សារអន្តរជាតិ។
មូលហេតុដែលសាច់គោកូរ៉េទទួលបានការពេញនិយមជាច្រើននោះគឺ ដោយសារសាច់គោនេះមានរសជាតិឈ្ងុយឆ្ងាញ់ ជាសាច់គោដ៏ល្អឥតខ្ចោះ ដែលបានឆ្លងកាត់ការគ្រប់គ្រងអនាម័យយ៉ាងតឹងរ៉ឹង ការត្រួតពិនិត្យសុវត្ថិភាពតាមស្ដង់ដាយ៉ាងត្រឹមត្រូវ និងត្រូវបានផលិតក្រោមលក្ខខណ្ឌធានាសុវត្ថិភាពអនាម័យ ដោយប្រើប្រព័ន្ធ HACCP គ្រប់គ្រងដំណើរការទាំងអស់ដូចជាការចិញ្ចឹម ការសម្លាប់ ការកែច្នៃ ការវេចខ្ចប់ និងការចែកចាយសាច់គោ Hanwoo។
ពិធីចុះហត្ថលេខាក៏បានចុះរវាងក្រុមហ៊ុននាំចេញសាច់គោរបស់ប្រទេសកូរ៉េ គឺក្រុមហ៊ុន Gibon Co., Ltd. និងអតិថិជនសាច់គោកូរ៉េនៅប្រទេសកម្ពុជា ដូចជា Auskhmer និងក្រុមហ៊ុន World Bridge ជាដើម ដែលបានធ្វើឡើងប្រកបដោយមោទនភាព និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា។
នាឱកាសនោះភ្ញៀវកិត្តិយសទាំងអស់ក៏បានភ្លក្ស សាច់គោប្រភេទអាំង Hanwoo ដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំដោយចុងភៅល្បីៗ មានដូចជាចុងភៅ chelin នៅសណ្ឋាគារ Rosewood Phnom Penh ផងដែរ៕