The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រគំ​តន្ត្រី​អូខេស្ត្រា​ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ នៃ​មិត្តភាព​រវាង​ជប៉ុន​ និង​កម្ពុជា

ប្រគំ​តន្ត្រី​អូខេស្ត្រា​ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ នៃ​មិត្តភាព​រវាង​ជប៉ុន​ និង​កម្ពុជា

ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ នៃ​មិត្តភាព​រវាង​ជប៉ុន​ និង​កម្ពុជា ស្ថានទូត​ជប៉ុន កាល​ពី​ថ្ងៃទី​ ១៥ ខែ​កញ្ញា ឆ្នាំ​ ២០២៣ បាន​រៀបចំ​ការ​ប្រគំ​តន្រ្តី​អូខេស្ត្រា​ខួប ៧០ ឆ្នាំ នៃ​មិត្ត​ភាព​ជប៉ុន និង​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហប្រតិបតិ្តការ​កម្ពុជា-ជប៉ុន (CJCC)។ ការ​ប្រគំ​តន្រ្តី​នេះ​ទទទួល​បាន​ការ​ចូលរួម​ជា​អធិបតីភាព​ពី​វត្តមាន​លោក​ជំទាវ ឃួន សុដារី ប្រធាន​រដ្ឋសភា, ឯកអគ្គរាជទូត​ជប៉ុន អ៊ូ អ៊ិណុ អាត់ស៊ូស៊ី រួម​ទាំង​ថ្នាក់​ដឹកនាំ និង​វត្តមាន​ភ្ញៀវ​កិត្តិយសជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត។

នៅ​ក្នុង​ពិធី​បើក​ការ​ប្រគំ​តន្ត្រី​អូខេស្ត្រា​នោះ ឯក​ឧត្ដម អ៊ីណូ អាត់សូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​ឆ្នាំ​នេះ​ គឺ​ជា​ឆ្នាំ​ខួប​អនុស្សាវរីយ៍​លើកទី​៧០ ក្នុង​ការ​បង្កើត​ទំនាក់ទំនង​​ការ​ទូត​រវាង​ជប៉ុន ​និង​កម្ពុជា​។ រយៈពេល​ ៧០ ​ឆ្នាំ​មក​នេះ ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​យើង​ទាំង ២ បាន​អភិវឌ្ឍ​ក្រោម​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព ការ​កសាង​ឡើង​វិញ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ។

ឯកឧត្ដម អ៊ីណូ អាត់សូស៊ី មាន​ប្រសាសន៍​បន្ថែម​ថា៖ «ថ្ងៃ​នេះ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​អញ្ជើញ​វង់​តន្ត្រី​ជប៉ុន Worldship Orchestra (WSO) មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​អបអរ​សាទរ​​ខួប​លើក​ទី​៧០ ​ឆ្នាំ រវាង​ប្រទេស​ទាំង​ ២»។

សូម​បញ្ជាក់​ថា ការ​ប្រគំ​តន្រ្តី​អូខេស្ត្រា​ខួប ៧០ ឆ្នាំ​នៃ​មិត្តភាព​ជប៉ុន និង​កម្ពុជា នឹង​ធ្វើ​ឡើង​នៅ ៣ ទីតាំង​ផ្សេង​គ្នា ដោយ​លើក​ទី១ ធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ ខែ​កញ្ញា ​នៅ​មជ្ឈមណ្ឌល​សហប្រតិបតិ្តការ​កម្ពុជា-ជប៉ុន (CJCC)។ ​លើក​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃទី ១៦ ខែកញ្ញា នៅ​ផ្សារ​ទំនើប​អ៊ីអនសែនសុខ​ស៊ីធី និង​លើក​ទី៣ ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី ១៧ ខែ​កញ្ញា នៅ​ផ្សារទំនើប​អ៊ីអន​មានជ័យ៕