មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញកាលពីថ្ងៃទី២៩ ខែតុលាបានប្រារព្ធខួបលើកទី ៧ឆ្នាំ នៃការផ្តល់សេវាថែទាំវេជ្ជសាស្រ្ដដ៏ឆ្នើមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះទទួលបានការអញ្ជើញ ចូលរួមពីវត្តមានលោក KAMATA Keiya នាយកប្រតិបត្តិ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ, លោកវេជ្ជបណ្ឌិត OKAWADA Manabu ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ វេជ្ជបណ្ឌិត បុគ្គលិក ព្រមទាំងដៃគូ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតដែលបានប្រារព្ធធ្វើឡើងនៅឯមន្ទីរពេទ្យផ្ទាល់ នៅក្នុងខណ្ឌជ្រោយចង្វារ។
លោក KAMATA Keiya បានបង្ហាញមោទនភាពយ៉ាងធំធេងចំពោះមន្ទីរពេទ្យនេះដែលបានឈានដល់ដំណាក់កាលដ៏សំខាន់ ដោយលោកបានមានប្រសាសន៍ថា ៖«ការប្រារព្ធខួប ៧ ឆ្នាំនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញនៅថ្ងៃនេះ គឺជាមោទនភាពយ៉ាងក្រៃលែង សម្រាប់យើងទាំងអស់គ្នា»។
«ក្នុងរយៈពេល ៧ ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាថែទាំសុខភាពល្អបំផុតជូនប្រជាជនកម្ពុជា ជាមួយនឹងការយកចិត្តទុកដាក់ឥតងាករេរបស់ខ្លួន ដោយផ្តោតលើសេវាថែទាំវេជ្ជសាស្ត្រស្តង់ដារជប៉ុន និងការព្យាបាលដោយចាត់ទុកអ្នកជំងឺជាអាទិភាព»។
លោកបន្ថែមថា ៖«សព្វថ្ងៃនេះយើងបានអភិវឌ្ឍន៍ខ្លួនក្លាយជាមន្ទីរពេទ្យពហុជំនាញ ដែលមានក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក ក៏ដូចជាបុគ្គលិកមកពីគ្រប់ផ្នែកទាំងអស់បានខិតខំព្យាយាមផ្តល់ការថែទាំសុខភាពដ៏ល្អបំផុតដល់ប្រជាជនកម្ពុជា»។
នៅក្នុងព្រឹត្តិការណ៍នោះក៏មានស្តង់ផ្តល់ព័ត៌មានផ្សេងៗរបស់ធនាគារអេស៊ីលីដា Getz Pharma, Japan Eye Hospital, Malis Dental Clinic, NTT, Brown និងបានបង្ហាញពីសេវាកម្មជាច្រើន ដែលមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍មាន។ លើសពីនេះអ្នកចូលរួមមានឱកាសបានទស្សនាស្តង់នីមួយៗ និងជួបជាមួយវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យដើម្បីពិភាក្សាអំពីបញ្ហាសុខភាពសំខាន់ៗដូចជា ផ្នែកអាហារូបត្ថម្ភ លំហាត់ប្រាណ ការថែទាំមាត់ធ្មេញ និងលាងរបួសដល់ជំងឺដាច់សរសៃឈាមខួរក្បាល ឈឺក្បាលរ៉ាំរ៉ៃ ជំងឺមិនឆ្លង ជំងឺក្រពះពោះវៀន មហារីក និងមានច្រើនទៀត។
ព្រឹត្តិការណ៍នេះក៏មានសកម្មភាពកម្សាន្តជាច្រើនទៀតសម្រាប់ក្រុមគ្រួសារ និងកុមារដើម្បីទទួលបានភាពរីករាយក្នុងនោះមាន Baby Art Photos និង VR Games ជាមួយអាហារភេសជ្ជៈនិងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។
ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ មានមជ្ឍមណ្ឌលចំនួន ៤ សម្រាប់ព្យាបាលជូនអ្នកជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យរួមមាន៖ មជ្ឍមណ្ឌលសង្គ្រោះបន្ទាន់ មជ្ឈមណ្ឌលវះកាត់ប្រព័ន្ធប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាល មជ្ឈមណ្ឌលព្យាបាលសរីរាង្គរំលាយអាហារ និងមជ្ឍមណ្ឌលជំងឺទូទៅ និងពិនិត្យសុខភាព។
ក្នុងនោះមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ក៏មានសេវាមួយចំនួនទៀតដូចជា ផ្នែកអមរូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ ផ្នែកស្តាកាយនិតិសម្បទារ ផ្នែកឱសថសាស្ត្រ ក្នុងនោះមានបន្ទប់វះកាត់ ២ បន្ទប់ បន្ទប់សង្គ្រោះជំងឺកំរិតធ្ងន់(ICU & HCU) គ្រែចំនួន ៥០ រថយន្តសង្រ្គោះបន្ទាន់ចំនួន ២ រួមជាមួយគ្រឿងបរិក្ខាទំនើបៗស្តង់ដារខ្ពស់ដូចជា ម៉ាស៊ីន x-ray, CT, MRI, និង Angiography ជាដើម។
២ ឆ្នាំបន្ទាប់នាឆ្នាំ២០១៨ មជ្ឈមណ្ឌលកុមារបានចាប់ផ្តើមបម្រើជូនលោកអ្នកបន្ថែមពីលើមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលមាន។ ដើម្បីអោយការមានសេវាថែទាំពេញលេញសម្រាប់មនុស្សគ្រប់វ័យនៅ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរពេទ្យបានបើកផ្នែករោគស្រ្ដី និងផ្នែកសម្ភពក្នុងខែវិច្ឆិកាឆ្នាំដដែល។
ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំសុខភាពតាមស្តង់ដារជប៉ុននិង ចាត់ទុក អ្នកជំងឺជាអាទិភាព មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានបង្កើននូវមជ្ឈមណ្ឌលសរុបចំនួន ៧ រួមមាន៖
- មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់
- មជ្ឈមណ្ឌលវះកាត់ប្រព័ន្ធប្រសាទនិងជំងឺដាច់សរសៃឈាមខួរក្បាល
- មជ្ឈមណ្ឌលព្យាបាលសរីរាង្គរំលាយអាហារ
- មជ្ឈមណ្ឌលជំងឺទូទៅ
- មជ្ឈមណ្ឌលអមវេជ្ជសាស្រ្ត
- មជ្ឈមណ្ឌលជំងឺកុមារ
- មជ្ឈមណ្ឌលសម្ភព និងរោគស្រ្តី
កាលពីពេលថ្មីៗនេះ បានបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខក្នុងខែមេសាឆ្នាំ២០២៣ កន្លងទៅ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខនេះគឺផ្តល់ការការពារសុខភាពការព្យាបាល ជំងឺទូទៅក្នុងដំណាក់កាលដំបូងនិងការអន្តរាគមន៍ទាន់ពេលនៃជំងឺផ្សេងៗមុនជំងឺនោះឈានដល់ដំណាក់កាលស្រួចស្រាវដែលអាចគំរាមកំហែងដល់អាយុជីវិត៕