សហគ្រិនខ្មែរកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ បានប្រកាសជយលាភីដែលជាក្រុម និងក្រុមហ៊ុនដែលបានឈ្នះការប្រកួតពានរង្វាន់សហគ្រិនខ្មែរទាំង ៣ ប្រភេទប្រចាំឆ្នាំ ២០២៣ គឺ៖ ពានរង្វាន់កម្រិតវិទ្យាល័យ ពានរង្វាន់ធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រាសធុនតូច និងមធ្យម.។
កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ និងបានប្រកាសជយលាភីចំនួន ១១ ក្រុម/ក្រុមហ៊ុន ក្នុងចំណោមអ្នកដាក់ពាក្យចំនួន ៤០៣ ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតនៅក្នុងវិស័យសហគ្រិនភាពរបស់កម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា៖ «សហគ្រិនខ្មែរ ដែលជាកត្តាលីករជំរុញសហគ្រិនភាពនៅកម្ពុជាបានអនុវត្តកម្មវិធីជាច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សិស្ស និស្សិត ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ សហគ្រិនខ្មែរបានអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនដោយបានកំណត់ចំណុចកែលម្អ បង្កើនទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សហការបង្កើតកម្មវិធីជាមួយដៃគូ និងពង្រឹងយន្តការសហហិរញ្ញប្បទាន»។
ឯកឧត្តមបន្ថែមថា៖ «ខណៈពេលដែលយើងអបអរសាទរជយលាភីទាំង ១១ នៅថ្ងៃនេះ ខ្ញុំសូមលើកទឹកចិត្តដល់សហគ្រិនទាំងអស់ឱ្យខិតខំចាប់យកស្តង់ដារបច្ចេកវិទ្យាទំនើប និងបង្កើនប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៃប្រទេសជាតិរបស់យើង»។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ «ក្រោយការអនុវត្តកម្មវិធីនេះអស់រយៈពេលច្រើនឆ្នាំកន្លងមក សហគ្រិនខ្មែរបានសង្កេតឃើញថា កម្មវិធីនេះបានចូលរួមលើកស្ទួយដល់វិស័យសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងចូលរួមកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំតាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិនឱ្យបានចូលរួមសិក្សារៀនសូត្រ, សាកល្បង សមត្ថភាព, ឱកាសទទួលបានការវិនិយោគ, និងបន្តពង្រីកអាជីវកម្ម»។
គួរបញ្ជាក់ថា នេះគឺជាឆ្នាំទី៣ ហើយដែលកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើង ដែលមុននឹងឈានមកដល់ការប្រកាសទទួលពានរង្វាន់ បេក្ខជនចូលរួមទាំងអស់ត្រូវឆ្លងកាត់វគ្គជម្រុះតាមដំណាក់កាលដូចជា៖ ការជម្រុះតាមលក្ខខណ្ឌការប្រកួតធ្វើបទបង្ហាញអាជីវកម្មពាក់កណ្តាលផ្តាច់ព្រ័ត្រ ការចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត និងចុងក្រោយការប្រកួតធ្វើបទបង្ហាញអាជីវកម្មវគ្គផ្តាច់ព្រ័ត្រ។
ជយលាភីទាំង ១១ សម្រាប់ការប្រកួតទាំង ៣ ប្រភេទរួមមាន៖
ជយលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម ទាំង ៤ ក្រុមហ៊ុនរួមមាន៖
១. ជយលាភីលេខ ១៖ គ្រួសារលតឆានំគូឆាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ ដុល្លារ)
២. ជយលាភីលេខ ២៖ ស្វាយអង្គរ អ៊ិនធើប្រាយ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,០០០,០០០ រៀល (៦,០០០ ដុល្លារ)
៣. ជយលាភីលេខ ៣៖ ម៉ាច់ ម៉ូបាល ហ៊ែលឃែរ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)
៤. ជយលាភីលេខ ៤៖ ដាំដុះ អាល់វីន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)
ជយលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ៤ ក្រុមហ៊ុនរួមមាន៖
១. ជយលាភីលេខ ១៖ កសិដ្ឋានកូនចៀមធម្មជាតិ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)
២. ជយលាភីលេខ ២៖ វ៉នឌើរផាស ថេកណឡជី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)
៣. ជយលាភីលេខ ៣៖ ចបប៊ីហ្វាយ (ខេមបូឌា) ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)
៤. ជយលាភីលេខ ៤៖ សាបារា បេស ហ្វូដ ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)
ជយលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ៣ ក្រុមរួមមាន៖
១. ជយលាភីលេខ ១៖ Kon-Nichiwa ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)
២. ជយលាភីលេខ ២៖ The 3R-Youths ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,០០០,០០០ រៀល (១,៥០០ ដុល្លារ)
៣. ជយលាភីលេខ ៣៖ Bubblegum ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៤,០០០,០០០ រៀល (១,០០០ ដុល្លារ)
សូមបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរត្រូវបានរៀបចំឡើងស្របតាមចក្ខុវិស័យនៃការផ្តល់ជាវេទិកាជាតិ ដើម្បីលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា ផ្តល់ឱកាសដល់ការកសាងបណ្តាញ ទទួលបានប្រាក់រង្វាន់ និងការបណ្តុះបណ្តាល ចូលរួមការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ និងកម្មវិធីគាំទ្រផ្សេងៗទៀត ដើម្បីជំរុញការរីកលូតលាស់ និងភាពជោគជ័យរបស់សហគ្រិនកម្ពុជា៕