ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដំបូងគេនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ បានរៀបចំវិធីជប់លៀងប្រចាំឆ្នាំ និងជួបជុំតំណាងចែកចាយនៅសណ្ឋារគារសុខាភ្នំពេញ។ វិធីដ៏អធិកអធមនេះទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងវត្តមានតំណាងចែកចាយ បុគ្គលិក អ្នកសារព័ត៌មាននិងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ថ្លែងនៅក្នុងវិធីនោះលោក កុយ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង បុគ្គលិកនិងតំណាងចែកចាយទូទាំងប្រទេសសម្រាប់ការរួមចំណែក និងសហការដែលធ្វើឱ្យក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលដ៏គាប់ប្រសើរសម្រាប់ឆ្នាំ ២០២៣ កន្លងទៅ។
លោក កុយ សុវណ្ណ មានប្រសាសន៍ថា៖ «ក្នុងនាមនាយកដ្ឋានផ្នែកលក់និងទីផ្សារ យើងខ្ញុំនឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗគុណភាពខ្ពស់ជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារប្រកបដោយនិរន្តភាព និងដើម្បីពង្រីកទំហំទីផ្សាររបស់យើងឱ្យកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ»។
លោកបញ្ជាក់ថា៖ «ក្រុមហ៊ុននឹងខិតខំបង្កើតនូវយុទ្ធសាស្ត្រទីផ្សារថ្មីៗដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រគួតប្រជែងលើទីផ្សារប្រកបដោយយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ។ ក្រុមហ៊ុនមានការរំពឹងទុកថាការសហការធុរកិច្ចក្នុងឆ្នាំ ២០២៤ នេះ នឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ ២០២៣ ហើយនឹងមានកំណើនមិនតិចជាង ១០-១៥% នោះឡើយ ដោយសារយើងមានយុទ្ធសាស្ត្រល្អ ផលិតផលល្អ អ្នកចែកចាយពូកែការសហការល្អនោះនឹងទទួលបានលទ្ធផលគាប់ប្រសើរ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរឌែរីប្រូដាក់ខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាបណ្ណ័ពីរាជរដ្ឋាភិបាលនាខែវិច្ឆិកា ឆ្នាំ ២០១៣ លើផ្ទៃដី ៣ ហិចតា ហើយបានដំណើរផលិតផលិតផលទឹកដោះគោដំបូងនៅខែកញ្ញា ឆ្នាំ ២០១៥ ជាមួយការដាក់បន្ថែមទុនវិនិយោគជាបន្តបន្ទាប់ហើយមកដល់ពេលនេះទុនវិនិយោគបានកើនឡើងដល់ប្រមាណជិត ៤១ លានដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីរោងចក្រផលិតបានកើនដល់ ៦ ហិចតា (ទ្វេដង) នាពេលបច្ចុប្បន្ននេះ។
លោក កុយ សុវណ្ណ ថ្លែងបន្ថែមថា ក្រុមហ៊ុនកំពុងផ្តល់ការងារជូនកម្មករនាយោជិតប្រមាណជាជិត ៦០០ នាក់ ក្នុងនោះនាយកដ្ឋានផ្នែកលក់ និងទីផ្សារមានចំនួន ១៥៨ នាក់ទូទាំងប្រទេស (ឆ្នាំ ២០២៤ មានកំណើនប្រមាណ ១០%) និងបានចូលរួមចំណែកបង់ពន្ធជូនថវិកាជាតិប្រមាណ ៨ ទៅ ១០ លានដុល្លារសហរដ្ឋអាមេរិកកក្នុង ១ ឆ្នាំៗ។
ជាក់ស្តែងក្នុងឆ្នាំ ២០២៣ ថ្មីៗកន្លងទៅនេះក្រុមហ៊ុនបានផលិតផល ១ ប្រភេទបន្ថែមទៀត គឺទឹកដោះគោបេស៍ខៅប្រភេទប្រអប់ក្រដាសបរិស្ថានចំណុះ 1,284Kg ហើយរំពឹងទុកជាមុនថា ផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំង និងមានការពេញនិយមគាំទ្រពីអតិថិជន។
សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ផលិតផលិតផលទឹកដោះគោគុណភាពខ្ពស់ជាច្រើនប្រភេទដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទឹកដោះគោខាប់ទឹកដោះគោ UHT ទឹកដោះគោជូរទឹកដោះគោស្រស់ UHT យ៉ាអួរទឹកដោះគោម្សៅទឹកដោះគោរសជាតិផ្លែឈើ និងទឹកដោះគោបេស៍ខៅប្រភេទប្រអប់ក្រដាសបរិស្ថានដែលសុទ្ធសឹងជាផលិតផលមានគុណភាពខ្ពស់តម្លៃសមរម្យ និងផ្តល់សុខភាពល្អដល់មនុស្សគ្រប់គ្នា។
អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!