ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (Danone Specialized Nutrition Cambodia) ដែល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅអឺរ៉ុប កាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដ៏គួរឱ្យគោរព ជាអាជីវកម្មដែលមានការប្តេជ្ញាក្លាយជា «បុព្វហេតុគោលការណ៍ល្អ» (force for good) តាមរយៈវិញ្ញាបនប័ត្រ B Corp™ (B CORPORATION)។ វិញ្ញាបនប័ត្រនេះបានកោតសរសើរចំពោះការប្រកាន់ខ្ជាប់នូវបទដ្ឋានសង្គម និងបរិស្ថាន ជាពិសេសឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនថាបានយកចិត្តទុកដាក់ខ្ពស់លើទំនួលខុសត្រូវសង្គម និរន្តរភាពបរិស្ថាន តម្លាភាព និងគណនេយ្យភាព។
ក្នុងនាមជាម៉ាកយីហោ FMCG ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដំបូងគេដែលសម្រេចបានវិញ្ញាបនប័ត្រ B Corp™, ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបង្កើតគំរូមួយឈានមុខគេ។ ជាមួយនឹងការសម្រេចបាននូវការទទួលស្គាល់ដ៏សំខាន់នេះ ក្រុមហ៊ុនមានបំណងចង់ជំរុញអាជីវកម្មក្នុងស្រុកផ្សេងទៀតឱ្យពួកគេប្រើប្រាស់ឥទ្ធិពលរបស់ពួកគេក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនឹងសង្គម និងបរិស្ថាន។
ចូលរួមជាមួយក្រុមហ៊ុនជាង ២៤០០ ក្រុមហ៊ុន នៅទូទាំង៥០ប្រទេស ក្រុមហ៊ុន Danone Specialized Nutrition Cambodia បង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការរួមចំណែកជាវិជ្ជមាន ដែលបម្រើផលប្រយោជន៍ដល់សង្គម បុគ្គលិក សហគមន៍មូលដ្ឋាន និងបរិស្ថាន។
លោក Maarten VAN LEEUWEN នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Danone Specialized Nutrition Cambodia បានសម្តែងនូវមោទកភាពយ៉ាងជ្រាលជ្រៅចំពោះការទទួលស្គាល់ដ៏មានកិត្យានុភាព ដោយលោកមានប្រសាសន៍ថា ៖«សមិទ្ធផលនេះបញ្ជាក់ពីសក្ខីភាពមួយចំពោះការលះបង់ឥតងាករេរបស់យើង ក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវ ដែលបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ និងសហគមន៍កាន់តែប្រសើរ»។
លោកបានបន្ថែមថា ៖«វាជួយពង្រឹងសម្មារតីនៃការសន្យារបស់យើងចំពោះអតិថិជន និងនិយោជិតរបស់យើង ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ឥតងាករេរបស់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក្នុងការធ្វើអាជីវកម្មក្នុងបុព្វហេតុល្អ។ សីលធម៌របស់យើងនៅក្រុមហ៊ុន បានចាក់ឫសយ៉ាងជ្រៅក្នុងការរួមចំណែកជំរុញឱ្យសុខុមាលភាពសង្គម និងសហគមន៍កាន់តែល្អប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះនៅតែជាការងារស្នូលដ៏សំខាន់ដែលយើងផ្តល់អាទិភាពដល់សុខុមាលភាពរបស់និយោជិត អតិថិជន និងសហគមន៍ដែលយើងកំពុងធ្វើអាជីវម្មយ៉ាងទូលំទូលាយ»។
វិញ្ញាបនប័ត្រ B Corp™ បានទទួលស្គាល់ក្រុមហ៊ុន Danone Specialized Nutrition Cambodia ចំពោះអភិបាលកិច្ចល្អ និងការអនុវត្តល្អបំផុតក្នុងការចូលរួមជាមួយសហគមន៍ ការថែរក្សាបរិស្ថាន ការគាំទ្រកម្លាំងពលកម្ម និងការផ្តល់សេវាកម្មអតិថិជនរបស់ខ្លួន។ កាលដើមឆ្នាំ២០២២ ក្រុមហ៊ុន Danone Specialized Nutrition Cambodia បានបើកសម្ពោធការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុននៅអគារ TK Central ក្នុងខណ្ឌទួលគោក។ ហើយក្នុងឆ្នាំដដែល ក្រុមហ៊ុន Danone Specialized Nutrition Cambodia ក៏បានឈ្នះពានរង្វាន់ «និយោជកឆ្នើម» នៅក្នុងកម្មវិធីពានរង្វាន់និយោជកឆ្នើមអាស៊ីនៅប្រទេសសិង្ហបុរី ដែលរៀបចំឡើងដោយ World HRD Congress and Star of the Industry Group។
សូមបញ្ជាក់ថា ក្រុមហ៊ុន Danone Specialized Nutrition Cambodia គឺជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន Danone Group ដែលជាក្រុមហ៊ុនអាហារនិងភេសជ្ជៈពិភពលោកដ៏ជោគជ័យបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ ប្រទេស និងមានបុគ្គលិកជាងដប់ម៉ឺននាក់៕
សម្រាប់ការសាកសួរសារព័ត៌មាន
កញ្ញា Nget Kunthida
ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនង
Danone Cambodia & Myanmar
ទូរសព្ទចល័ត +855 78 222 972
អីុមែល៖ Kunthida.nget@danone.com