ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ស្គាល់ថា កូកា-កូឡាកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Swire Coca-Cola Limited មានសេចក្ដីសោមនស្សក្លាយជាអ្នកផ្គត់ផ្គង់ភេសជ្ជៈផ្តាច់មុខរយៈពេល ៣ឆ្នាំទៅមុខ សម្រាប់ក្រុមហ៊ុន Pizza Hut កម្ពុជា។
កិច្ចសហការរវាងក្រុមហ៊ុនលំដាប់ពិភពលោកទាំង២ នឹងធ្វើឲ្យអតិថិជនក្រេបនូវរសជាតិភីហ្សាដ៏ឆ្ងាញ់របស់ Pizza Hut និងភេសជ្ជៈដ៏ស្រស់ស្រាយផ្សេងៗរបស់កូកា-កូឡា ដែលញុំាងឲ្យបរិយាកាសនៅតុអាហារកាន់តែមានន័យ។
ពិធីចុះហត្ថលេខាភាពជាដៃគូនេះត្រូវបានប្រារព្ធធ្វើឡើងនៅផ្សារទំនើបអ៊ីអន មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំង២។
តាមរយៈភាពជាដៃគូនេះ កូកា-កូឡាកម្ពុជា នឹងផ្គត់ផ្គង់ភេសជ្ជៈរបស់ខ្លួនរួមមាន Coca-Cola, Sprite, Fanta, Aquarius, Schweppes, Samurai, Dasani និងផ្សេងៗទៀតដល់សាខា Pizza Hut នៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះដើរស្របគ្នា នឹងបេសកកម្មរបស់ក្រុមហ៊ុនទាំង២៖ បេសកកម្មរបស់កូកា-កូឡាកម្ពុជា គឺនាំយកភាពស្រស់ស្រាយមកជូនសហគមន៍ដែលជាផ្ទះទី២ របស់ក្រុមហ៊ុន រីឯបេសកកម្មរបស់ Pizza Hut វិញគឺដើម្បីឲ្យអតិថិជនអាចផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែស្អិតរមួត តាមរយៈភាពរីករាយនៃការញុំាភីហ្សា។
លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត មានប្រសាសន៍ថា ៖«យើងមានសេចក្តីរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុន Pizza Hut កម្ពុជា។ ភាពជាដៃគូនេះនឹងឱ្យអ្នកចូលចិត្តភីហ្សានូវ "ភាពរីករាយដ៏ពិតប្រាកដ" ដែលមិត្តភក្តិ និងក្រុមគ្រួសារពួកគេរីករាយនៅតុអាហារជុំគ្នា បង្កើតសុភមង្គលជាមួយនឹងភីហ្សាដ៏មានឱជារស និងកូកា-កូឡាត្រជាក់ៗនោះនឹងធ្វើឲ្យភីហ្សាដ៏ល្បីល្បាញរបស់ Pizza Hut កាន់តែពិសេសថែមមួយកម្រិតទៀត»។
រៀបរាប់ក្នុងទឹកមុខញញឹមញញ៊ែម លោកស្រី ផល្លា ស៊ុនធីស៊ីរី អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Pizza Hut កម្ពុជាបានលើកឡើងអំពីកត្តាសំខាន់ៗដែលនាំឱ្យក្រុមហ៊ុនលោកស្រីចាប់ដៃគូជាមួយកូកា-កូឡាកម្ពុជា។
លោកស្រី ផល្លា ស៊ុនធីស៊ីរី មានប្រសាសន៍ថា៖«នៅ Pizza Hut កម្ពុជា យើងមានមោទកភាពចាប់ដៃសហការជាមួយកូកា-កូឡា ដែលជាម៉ាកយីហោដ៏ល្បីល្បាញលើពិភពលោក។ ដូចគ្នាទៅនឹងកូកា-កូឡាកម្ពុជាដែរ យើងមានការប្តេជ្ញាចិត្តក្នុងការធានាស្តង់ដារគុណភាពលំដាប់ពិភពលោក។ ចំណុចនេះធានាថា គ្រប់ម៉ាត់នៃភីហ្សារបស់យើង គឺមានរសជាតិល្អឯក ស្របទៅនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់យើង ហើយអតិថិជននឹងទទួលបានបទពិសោធន៍ញុំាភីហ្សាល្អឥតខ្ចោះផងដែរ»។
ក្រោមការដឹកនាំថ្មីរបស់ក្រុមហ៊ុន PH Restaurant Co., Ltd., Pizza Hut កម្ពុជា បានខិតខំប្រឹងប្រែងផ្តល់នូវបទពិសោធន៍ពិសេសសម្រាប់អតិថិជនជាលក្ខណៈគ្រួសារដែលមានកូនតូចៗនិងយុវវ័យដែលនិយមញុំាភីហ្សាជុំមិត្តភក្តិផងដែរ។
ជាមួយនឹងទំព័រថ្មីនៃប្រវត្តិសាស្ត្រដ៏គួរឱ្យរំភើបរបស់ Pizza Hut កម្ពុជា ក្រុមហ៊ុនសូមអញ្ជើញអតិថិជនមកទទួលយករសជាតិភីហ្សាដ៏ល្អឯកនៅ Pizza Hut ទាំង៨ សាខា រួមមាន ទួលទំពូង កាល់ម៉ែត បឹងកេងកង កម្ពុជាក្រោម គីរីរម្យ ចោមចៅ ដំរីផាកម៉ល និងសាខាផ្សារទំនើបអ៊ីអនមានជ័យ។ លោកអ្នកអាចស្វែងរកសាខា Pizza Hut ដែលនៅជិតបំផុតនៅទីនេះ៖ https://maps.app.goo.gl/CaT1wRErLLELyXyv8?g_st=it ។
កិច្ចសហការនេះផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផង និងអតិថិជនផង។ Pizza Hut ទទួលបានការផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោកតាមរយៈបណ្ដាញចែកចាយទូទាំងប្រទេសរបស់កូកា-កូឡាកម្ពុជា ខណៈពេលដែលអតិថិជនអាចទទួលបាននូវរសជាតិអាហារដ៏ល្អឥតខ្ចោះជាមួយនឹងភីហ្សារបស់ Pizza Hut និងភេសជ្ជៈកូកា-កូឡាត្រជាក់ៗស្រស់ស្រាយ៕