ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រមូលថវិកាបានពីការលក់សំបុត្រសរុបចំនួន ២៤,០៤០ដុល្លារសហរដ្ឋអាមេរិក បរិច្ចាគជូនកាកបាទក្រហមកម្ពុជានិងមូលនិធិគន្ធបុប្ផាកម្ពុជា។
ថ្លែងក្នុងពិធីអបអរសាទរនេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍រម្លឹកពីការចាប់ផ្ដើមបើកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដំបូងកាលពី២០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ២០០៤ ដោយផ្ដើមចេញពីឯកឧត្ដមផ្ទាល់មានឆន្ទៈបង្កើតសាលារៀនមួយ ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្សក្នុងរាជធានីភ្នំពេញបានចូលសិក្សារៀនសូត្រ ហើយជាពិសេសសម្រាប់កូនៗរបស់ឯកឧត្ដមផ្ទាល់។
ឯកឧត្ដមឧកញ៉ាបណ្ឌិតក៏បានបន្តទៀតថា តាំងពីថ្ងៃបង្កើតរហូតមកដល់ពេលនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ដោយសាលាមានត្រឹមតែសិស្ស ១៧នាក់នៅឆ្នាំ២០០៤ កើនឡើងរហូតដល់ជាង ៥,០០០ នាក់ និងមានសាខាចំនួន៣ ដែលកំពុងដំណើរការទទួលសិស្សឱ្យចូលរៀន ព្រមទាំងសាខាទី៤ ស្ថិតនៅជិតក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្រោងនឹងបើកទ្វារទទួលសិស្សចូលរៀននៅឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ខាងមុខនេះ។
សមិទ្ធផលទាំងនេះ តាមប្រសាសន៍របស់ឯកឧត្ដមឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល កើតឡើងបានដោយមានការចូលរួមចំណែកពីតួអង្គសំខាន់ៗ គឺលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារនិងទទួលបានការទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាលទាំងអស់មកលើសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍, ក្រសួងអប់រំ យុវជន និង កីឡាដែលបានដឹកនាំគាំទ្រនិងតម្រង់ទិសគ្រឹះស្ថានអប់រំសំដៅធ្វើឱ្យសម្រចបាននូវនវានុវត្តន៍ គុណភាពនៃការសិក្សានិងជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ភាពជោគជ័យក្នុងព្រឹត្តិការណ៍ហ្វាន់រ៉ាន់នៅថ្ងៃនេះ ជាសក្ខីភាពស្រាប់ ដោយមានការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា ក្នុងសហគមន៍ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល សាលាប្រមូលថវិកាសរុបបាន ២៤,០៤០ដុល្លារសហរដ្ឋអាមេរិក ដោយបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជាចំនួន ៥០% ស្មើនឹងទឹកប្រាក់ ១២,០២០ដុល្លារសហរដ្ឋអាមេរិក និងមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ៥០% ដែលស្មើនឹងទឹកប្រាក់ ១២,០២០ដុល្លារសហរដ្ឋអាមេរិកដូចគ្នាផងដែរ។
ជាមួយនឹងការអញ្ជើញចូលរួមផ្ដល់កិត្តិយសក្នុងព្រឹត្តិការណ៍ ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២នៃកាកបាទក្រហមកម្ពុជានិងលោកស្រី វ៉ាន់ អជីត្តា អគ្គនាយករងនិងជាប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានសម្ដែងការសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី និងសហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សម្រាប់គំនិតផ្ដួចផ្ដើមកៀរគរថវិកាសប្បុរសធម៌ បរិច្ចាគជូនកាកបាទក្រហមកម្ពុជានិងមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឱកាសអបអរសាទរខួប ២០ឆ្នាំរបស់សាលា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំនៃការបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នេះទទួលបានការចូលរួមពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដៃគូសហការរៀបចំកម្មវិធី ភ្ញៀវកិត្តិយស និងសាធារណជនទូទៅប្រមាណជាង ៤ ពាន់នាក់៕