ភ្នំពេញ ប្រទេសកម្ពុជា – ខែធ្នូ ឆ្នាំ២០២៤ – ធនាគារ អ៊ូរី (ខេមបូឌា) ម.ក.មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការតែងតាំងលោក សុន ឆុលស៊ូ (CHEOL SU SOHN) ជាអគ្គនាយកប្រតិបត្តិថ្មី ដែលមានប្រសិទ្ធិភាពចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤។
លោក សុន នឹងនាំមកជាមួយនូវបទពិសោធន៍ដ៏សម្បូរបែប និងការអនុវត្តក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយបានបម្រើការក្នុងតួនាទីជាអ្នកដឹកនាំជាច្រើនដំណេង នៅក្នុងធនាគារ អ៊ូរីកន្លងមក។
លោក សុន បានធ្វើការជាមួយធនាគារ អ៊ូរី នៃប្រទេសកូរ៉េ ចាប់តាំងពីខែមករា ឆ្នាំ១៩៩៥ ក្នុងមុខតំណែងផ្សេងៗ ចាប់ពីថ្នាក់មន្រ្តី រហូតដល់តំណែងអ្នកគ្រប់គ្រងទូទៅ។ អាជីពរបស់គាត់ភាគច្រើននៅក្នុងផ្នែកលក់ បុគ្គលិកសាខា នាយករងសាខា និងនាយកសាខាផងដែរ។ ជំនាញពិសេសរបស់គាត់មាននៅក្នុងវិស័យសាជីវកម្ម រួមទាំងហិរញ្ញវត្ថុសាជីវកម្ម និងផ្នែកលក់កម្រិតសាជីវកម្ម។ គាត់ក៏ធ្លាប់ធ្វើការក្នុងមុខងារគាំទ្រផ្សេងទៀត ដូចជាក្រុមគាំទ្រអាជីវកម្ម នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានធនធានមនុស្ស ការិយាល័យតំបន់ និងនាយកដ្ឋានវិភាគឥណទាន និងការអនុម័ត ដែលផ្តោតលើសហគ្រាសសាជីវកម្មធំៗ។ ទាក់ទងនឹងបទពិសោធន៍របស់គាត់នៅបរទេស គាត់គឺជាអ្នកគ្រប់គ្រងទូទៅនៃសាខាធនាគារ អ៊ូរី នៃប្រទេស វៀតណាម ក្នុងអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។
ក្នុងតួនាទីថ្មីរបស់លោកជានាយកប្រតិបត្តិនៃធនាគារ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក លោក សុន បានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំធនាគារឆ្ពោះទៅរកភាពជោគជ័យថ្មីៗ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ និងការយល់ដឹងស៊ីជម្រៅអំពីវិស័យធនាគារនឹងមានសារៈសំខាន់ក្នុងការជំរុញការបង្កើតថ្មី ការលើកកម្ពស់សេវាកម្មអតិថិជន និងការជំរុញកំណើនប្រកបដោយនិរន្តរភាព។
ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃធនាគារអ៊ូរី (ខេមបូឌា) ម.ក មានសេចក្តីរំភើបរីករាយក្នុងការស្វាគមន៍ លោក សុន ហើយទន្ទឹងរង់ចាំការដឹកនាំរបស់លោកដែលពោរពេញដោយថាមវន្ត។
អំពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក.
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំ។
ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ១៩៩០ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ២០០៤។ បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន នៅឆ្នាំ២០២០ ដើម្បីពង្រីកបណ្តាញ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ២០២១ និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ២០២២ ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសាខាចំនួន១៤២ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០ នាក់ និងបម្រើអតិថិជនជាង ៤៧៥ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប ១.៤ ពាន់លាន សំពៀតឥណទាន ១,២៣៨ លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ ៦៨២លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”