កាលពីពេលថ្មីៗនេះ ធ្យូបកាហ្វេ ដែលជាម៉ាកយីហោបង្កើតឡើងដោយកូនខ្មែរ បានប្រកាសបើកសម្ពាធជាផ្លូវការសាខាថ្មីទី41 ក្នុងទឹកដីអង្គរ ខេត្តសៀមរាប។ ទីតាំងថ្មីនេះ ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ដែលជាខេត្តនៃវប្បធម៌ និងប្រាង្គប្រាសាទដ៏អស្ចារ្យបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។
សាខាថ្មីដែលស្ថិតនៅលើវិថីស៊ីវុត្ថា នៃទឹកដីអង្គរនេះគឺជានិមិត្តរូបនៃស្មារតីសហគ្រិនខ្មែរក្នុងសម័យទំនើប។
ពិធីបើកសម្ពោធជាផ្លូវការនេះ គឺជាឱកាសដ៏រីករាយមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបុគ្គលិក និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ដើម្បីអបអរការបើកសម្ពោធជាផ្លូវការនេះ ធ្យូបកាហ្វេ បានចែកកាដូរហូតទៅដល់ ១ ០០០ រង្វាន់ ជូនអតិថិជនដែលបានអញ្ជើញចូលរួមគាំទ្រ។ រង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់នេះមានដូចជា កាបូប ឆ័ត្រ ដបទឹកបួនម៉ូត ព្រមទាំងគូប៉ុងភេសជ្ជះជាច្រើនទៀត។
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូបកាហ្វេ បានចែករំលែកនូវមោទនភាពរបស់កញ្ញាលើ សមិទ្ធផលរបស់ក្រុមហ៊ុន ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ។
កញ្ញា ស៊ូ មុន្នីពេជ្រ បានឱ្យដឹងថា៖ ធ្យូបកាហ្វេ បានបើកដំណើរការតាំងពីឆ្នាំ២០១៧ ហើយកត្តាដែលធ្វើឱ្យធ្យូបកាហ្វេ មានការគាំទ្រពីសំណាក់អតិថិជន នោះគឺដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងបំផុតក្នុងការធ្វើភេសជ្ជៈដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ តម្លៃសមរម្យ និងសេវារហ័សជូនអតិថិជន»។
ការបើកសាខាថ្មី ក្នុងទីរួមខេត្តសៀមរាបបានបញ្ជាក់អំពី ការប្តេជ្ញាចិត្តក្នុងការពង្រីកទីតាំងរបស់ខ្លួនទៅ ជុំវិញខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាពច្នៃប្រឌិតលើកម្មវិធីប្លែក ភេសជ្ជៈថ្មីរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងតម្លៃសមរម្យ សម្រាប់បម្រើជូនប្រជាជនកម្ពុជា។
កញ្ញាក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់វត្ថុធាតុដើមនៅក្នុងស្រុក ផងដែរ។
កញ្ញា មុន្នីពេជ្រ បានគួសបញ្ជាក់ថា ធ្យូបកាហ្វេ នឹងបន្តស្វែងរកនូវរសជាតិ និងគ្រឿងផ្សំពិសេសៗ សម្រាប់អតិថិជនក្នុងគោលដៅជួយលើកកម្ពស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាយើង៕