ក្រុមហ៊ុន ខូហ្វី កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដាក់សម្ពោធសហគ្រាសកែច្នៃកាហ្វេធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាគម្រោង «អភិវឌ្ឍន៍ខ្សែចង្វាក់តម្លៃកាហ្វេប្រកបដោយចីរភាព» របស់ក្រុមហ៊ុន ខូហ្វី និងសហការរួមគ្នាជាមួយនឹងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍអាកាសធាតុ DFCD ដោយទទួលបានមានការអញ្ជើញចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី, ប្រធានមន្ទីរខេត្ត និងអនុប្រធានមន្ទីរខេត្ត, ប្រធានអង្គការ SNV, ប្រធានសមាគមន៍ដាំដំណាំកាហ្វេ រួមទាំងបងប្អូនប្រជាកសិករជាច្រើនរូបផងដែរ។
លោក ឆាយ មុនី នាយកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន ខូហ្វី មានប្រសាសន៍ថា៖ «នៅក្នុងថ្ងៃនេះ យើងបានឃើញថា គម្រោងរបស់យើងកំពុងតែដំណើរការទៅមុខមួយកម្រិតទៀត ដោយសម្រេចបាននូវសមិទ្ធផលកន្លែងកែច្នៃកាហ្វេធម្មជាតិក្នុងគោលបំណងជាកន្លែងប្រមូលទិញទិន្នផលកាហ្វេពីប្រជាកសិករ និងធ្វើការកែច្នៃឱ្យមានគុណភាពប្រកបដោយប្រសិទ្ធភាពខ្ពស់។
«កន្លងមក ក្រុមហ៊ុនក៏បានធ្វើការជាមួយប្រជាកសិករជាច្រើនរួចមកហើយ ជាពិសេសទៅលើកិច្ចសន្យាផលិតកម្មកសិកម្ម ក្នុងរយៈពេល ២ ឆ្នាំ ដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ ការចុះចែកកូនពូជកាហ្វេ និងបង្កើតសិក្ខាបទបង្រៀនអំពីការដាំដុះកាហ្វេជាដើម»។
នៅក្នុងពិធីសម្ពោធនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា៖ «ដាំណាំកាហ្វេ ជាដំណាំប្រចាំខេត្តមណ្ឌលគិរី កំពុងដាំដុះភាគច្រើនដោយជនជាតិដើមភាគតិចភ្នង មានទិន្នផល និងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យកសិករភាគច្រើនបានបោះបង់ដំណាំកាហ្វេចោល»។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ «ប៉ុន្តែកន្លងមក ក្រុមហ៊ុន ខូហ្វី បានធ្វើការជាមួយប្រជាកសិករជាច្រើនរួចមកហើយ ជាពិសេសទៅលើកិច្ចសន្យាផលិតកម្មកសិកម្មក្នុងរយៈពេល ២ ឆ្នាំ ដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ ការចុះចែកកូនពូជកាហ្វេ និងបង្កើតសិក្ខាបទបង្រៀនអំពីការដាំដុះកាហ្វេជាដើមក្នុងគោលបំណងកែលម្អ គុណភាព និងពង្រីកការដាំដុះដំណាំកាហ្វេឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ និងបង្កើនផលិតភាពដែលអាចឱ្យកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ»។
លោក ឆាយ មុនី បានបញ្ជាក់ថា៖ «ការបើកសហគ្រាសកែច្នៃកាហ្វេធម្មជាតិនេះ ពិតជាអាចជួយឱ្យប្រជាកសិករដែលដាំដំណាំកាហ្វេមានក្តីសង្ឈឹមឡើងវិញ និងបន្តដាំដើមកាហ្វេឱ្យបានច្រើនតាមរយៈការជួយជំរុញ និងបណ្តុះបណ្តាលបន្ថែមពីក្រុមហ៊ុន និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងសហការជាមួយនឹងអ្នកជំនាញកាហ្វេពីបរទេស ដើម្បីអភិវឌ្ឍដំណាំកាហ្វេ និងអាចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករដាំកាហ្វេខ្នាតតូចឱ្យមានភាពប្រសើរឡើង ដើម្បីបង្កើនគុណភាពកាហ្វេមណ្ឌលគីរី ឱ្យមានគុណភាពខ្ពស់ស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករដាំកាហ្វេខ្នាតតូចឱ្យមានភាពប្រសើរឡើង៕
សម្រាប់ព័ត៌មានបន្ថែម៖ www.kofi.com.kh