ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូនបានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ ឆ្នាំរបស់ខ្លួននៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូនក្រោមគំនិត «The Met's Sonata» នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មេដាយគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌចំនួន ៤ ត្រូវបានប្រគល់ជូនបុគ្គល និងសមូហភាពនៃក្រុមហ៊ុន Viettel Group និងក្រុមហ៊ុនមិត្តហ្វូន សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋាភិបាល និងក្រសួងនានាផងដែរ។ ក្រៅពីនេះក៏មានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។
ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ មិត្តហ្វូនបានបន្តយុទ្ធសាស្ត្រ «ហេដ្ឋារចនាសម្ព័ន្ធដំបូង អាជីវកម្មតាមក្រោយ» នាំយកសេវាទូរគមនាគមន៍ទៅកាន់តំបន់ឆ្ងាយបំផុត និងដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះបានបង្ហាញពីដំណើរការរបស់មិត្តហ្វូនដែលបានរួមចំណែកកសាងសេវាទូរគមនាគមន៍របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទូរស័ព្ទដល់ទៅ ៩៨% នៃចំនួនប្រជាជន។
ថ្លែងក្នុងពិធីរំលឹកខួបនេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន Viettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូនបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសយើង។ មិត្តហ្វូនបាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។
ក្នុងនាមក្រុមហ៊ុន Viettel Group និងមិត្តហ្វូនលោក Tao Duc Thang បានថ្លែងថា៖ «ដោយមានបំណងចង់បន្តរួមចំណែក និងកសាងប្រទេសកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យមានជីវភាពកាន់តែប្រសើរឡើង មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការសន្យារបស់យើងចាប់ពី ១៥ ឆ្នាំមុន និងទៅអនាគត។ ដូចជាទស្សនៈវិស័យរបស់យើងតាំងពីដើមគឺ «អ្នកច្នៃប្រឌិតនិងយកចិត្តទុកដាក់» (Caring Innovator)»។ ឆ្លៀតក្នុងឱកាសនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌមហាសេរីវឌ្ឍន៍ដល់បុគ្គល និងសមូហភាពដល់ក្រុមហ៊ុន Viettel Group និងមិត្តហ្វូន ជាការទទួលស្គាល់អំពីការរួមចំណែករបស់ពួកគេក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។
បុគ្គលនិងសមូហភាពទាំង ៤ រូប ដែលមានកិត្តិយសទទួលបានមេដាយរួមមាន៖
១. ក្រុមហ៊ុន វៀតធេល កម្ពុជា
២. លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel Group
៣. លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន Viettel Global
៤. លោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន
ក្នុងពិធីគម្រប់ខួបនេះ មិត្តហ្វូនក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលប៉ុស្តិ៍ទូរទស្សន៍ជាច្រើនប្រកបដោយគុណភាពខ្ពស់ជាមួយឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ កម្មវិធី TV360 គឺជាផ្នែកបន្ទាប់ដើម្បីបំពេញបន្ថែមប្រព័ន្ធអេកូឌីជីថលរបស់មិត្តហ្វូន៕