អាន់ឆ័រវ៉ាយ (Anchor White) ទទួលបានការកោតសរសើរពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបទៅនឹងការយកអង្ករបាត់ដំបង ដ៏ល្បីល្បាញមកធ្វើជាគ្រឿងផ្សំ ចម្បងដើម្បីផលិតបាន អាន់ឆ័រវ៉ាយដែលមានរសជាតិស្រាល ស្រទន់ ស្រស់ស្រាយ។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើទ្បើង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ បានប្រគល់លិខិតសសើរដល់ លោក AndyHewson ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ វិញ្ញាបនបត្រនេះជាការឆ្លើយតប ចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការប្រើប្រាស់ និងលើកកម្ពស់អង្ករក្នុងស្រុកសម្រាប់ផលិតស្រាបៀររបស់ខ្លួន ជាពិសេសអង្ករដែលមានប្រភពមកពីវាលស្រែដែលមានជីជាតិរបស់ខេត្តបាត់ដំបង។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារា បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រនិងការលើកស្ទួយវិស័យកសិកម្មក្នុងស្រុក។ តាមរយៈការប្រើប្រាស់អង្ករកម្ពុជាសម្រាប់ផលិតស្រាបៀរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមិនត្រឹមតែជួយដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញពីមរតកកសិកម្មដ៏សម្បូរបែបរបស់ប្រទេសយើងផងដែរ។ នេះជាយន្តការឈ្នះឈ្នះទាំងសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចរបស់កម្ពុជាយើង»។
អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តឥតងាករេ ក្នុងការលើកស្ទួយស្រូវអង្ករកម្ពុជា និងគាំទ្រកសិករកម្ពុជា។
លោកបញ្ជាក់ថា ការលះបង់នេះជាសក្ខីភាពបញ្ជាក់ពីការខិត្តខំ និងលះបង់របស់កសិករខ្មែរ ដែលផលិតបានជាអង្ករល្អបំផុតនៅអាស៊ីបានយ៉ាងជាប់លាប់។ ជាពិសេស អង្ករបាត់ដំបងដែលបាននឹងកំពុងធ្វើឱ្យកក្រើកឆាកអន្តរជាតិ សម្រាប់គុណភាព ក្លិន និងរសជាតិដ៏ពិសេសរបស់វា ដូចដែលបានបង្ហាញនៅក្នុងការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកចំនួន ៥ដងក្នុងទសវត្សរ៍ចុងក្រោយនេះ។
កញ្ញា Kelly Chng ប្រធានផ្នែកគ្រប់គ្រងម៉ាកយីហោនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ផងដែរថា៖ «នៅកម្ពុជាគេតែងតែនិយាយតៗគ្នាថា មានបាយឆ្ងាញ់ ម្ហូបអ្វីក៏ឆ្ងាញ់តាមហ្នឹងដែរ។ នេះបង្ហាញពីសារសំខាន់ និងការឱ្យតម្លៃខ្ពស់ លើគុណភាពអង្ករនៅក្នុងសង្គមខ្មែរយើង។ យើងពេញចិត្តក្នុង ការបង្កើតស្រាបៀរដែលស័ក្តិសមយ៉ាងល្អឥតខ្ចោះ ជាមួយនឹងមុខម្ហូបដ៏សម្បូបែបរបស់ប្រទេសកម្ពុជា មានទាំងរសជាតិ ផ្អែម ប្រៃ ជូរ ហឹរ។ ហើយនេះ ជាមូលហេតុដែលយើងជ្រើសរើសប្រើប្រាស់អង្ករដែលមានប្រភពពីដីស្រែមានជីជាតិរបស់កម្ពុជា។
កញ្ញា Kelly Chng ក៏បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការការទទួលស្គាល់ជាទីមោទនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា អាន់ឆ័រវ៉ាយក៏នឹងចេញលក់ដបចំណុះ ៣០០ មល ផងដែរ។
ដើម្បីគាំទ្របន្ថែមទៀតដល់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពសម្រាប់វិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានចាប់ដៃគូជាមួយអង្គការ CPSA ដើម្បីគាំទ្រកសិករ។ ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុន BECIS ដើម្បីប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករដើម្បីបង្កើតថាមពលកកើតឡើងវិញ (កំដៅ) នៅរោងចក្រជីវម៉ាស បន្ថែមពីនេះសំណល់ផេះដែលបានពីការដុតអង្កាមក៏ត្រូវយកមកច្នៃធ្វើជាជីសរីរាង្គសម្រាប់កសិកម្មផងដែរ៕