សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលជាសាលាអន្តរជាតិឈានមុខគេមួយក្នុងរាជធានីភ្នំពេញ និងមានការទទួលស្គាល់លើគុណភាពអប់រំពីសំណាក់មាតាបិតា កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសន្និសីទសារព័ត៌មានមួយនៅផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ដើម្បីប្រកាសពីព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ស៊ី អាយ អេ ហ្វឺសត៍ ហ្វាន់រ៉ាន់ ជាលើកដំបូងរបស់ខ្លួនដើម្បីអបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
ក្នុងសន្នីសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញចូលរួមជាកិត្តិយសពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល លោក ហ៊ឹម សំអាតស្ព្រង់ សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល លោក Michael Wilde ប្រធាននាយកប្រតិបត្តិ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកទុំ រ៉ា មន្ត្រីជាន់ខ្ពស់នៃមូលនិធិគន្ធបុប្ជាកម្ពុជា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូជាច្រើនរូបនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏ដូចជាអ្នកសារព័ត៌មាននិងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ព្រឹត្តិការណ៍ហ្វាន់រ៉ាន់ (Fun Run) នេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការបង្កើតសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងប្រមូលថវិកាពីការលក់សំបុត្រដើម្បីបរិច្ចាគជូនកាកបាទក្រហមកម្ពុជានិងមូលនិធិគន្ធបុប្ផាកម្ពុជា។
ថ្លែងនៅក្នុងពិធីនោះ លោក Michael Wilde នាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានមានប្រសាសន៍ថា៖ «សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រំពឹងថា មាតាបិតា អ្នកអាណាព្យាបាលសិស្ស បុគ្គលិកសិក្សា សិស្សានុសិស្ស និងសាធារណជនប្រមាណ ៣០០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ»។
«សំបុត្រចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ អាចរកទិញបានតាមប្រព័ន្ធអនឡាញក្នុងតម្លៃ ៥ ដុល្លារអាមេរិកចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ហើយថវិកាប្រមូលបានពីការលក់សំបុត្រនេះ នឹងត្រូវបរិច្ចាគទាំងស្រុងជូនកាកបាទក្រហមកម្ពុជានិងមូលនិធិគន្ធបុប្ជាកម្ពុជា»។
លោក Michael Wilde មានប្រសាសន៍បន្ថែមទៀតថា៖« ក្រៅអំពីការចូលរួមរត់ អ្នកចូលរួមក៏អាចទស្សនាការសម្តែងសិល្បៈជាច្រើនផ្សេងទៀត ដែលសាលានឹងរៀបចំក្នុងសាលមហោស្រពកោះពេជ្រ និងជាពិសេសអ្នកចូលរួមដែលទិញសំបុត្រចូលរួមរត់មួយសន្លឹក នឹងទទួលបានឱកាសឈ្នះរង្វាន់តាមរយៈកម្មវិធីចាប់ឆ្នោតផ្សងសំណាងដែលមានរង្វាន់ជាច្រើន មានតម្លៃជាទឹកប្រាក់រហូតដល់ ១០,០០០ ដុល្លារអាមេរិក»។
សូមបញ្ជាក់ថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបង្កើតឡើងដោយឯកឧត្តមឧ កញ៉ាបណ្ឌិត ត្រាំ លី និងលោក ហ៊ឹម សំអាតស្ព្រង់ កាលពីឆ្នាំ២០០៤ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំគត់។ សាលាបានបន្តវិវត្តខ្លួនឥតឈប់ឈរ ពោលគឺពីសាលាដែលមានទីតាំងសិក្សាមួយកន្លែង មានសិស្សត្រឹមតែ ១៧នាក់រហូតក្លាយជាសាលាអន្តរជាតិមួយ ដែលមានការទទួលស្គាល់គុណភាពអប់រំយ៉ាងទូលំទូលាយពីសំណាក់ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។ មកដល់ឆ្នាំ២០២៤ នេះ សាលាមានសិស្សចំនួនប្រមាណ ៥ ៤០០ នាក់ និងមានទីតាំងសិក្សា ៣ កន្លែងធំៗក្នុងខណ្ឌសែនសុខ និងខណ្ឌច្បារអំពៅ និងទីតាំងសិក្សាទី៤ ដែលកំពុងសាងសង់ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ ឆ្នាំ២០២៥៕