ក្រុមហ៊ុន Elite Hospitality & Management (EHM) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងវិស័យបដិសណ្ឋារកិច្ច បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរួមគ្នាជាមួយនឹងក្រុមហ៊ុន វីរៈប៊ុនថាំ ដោយផ្តោតលើការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលពាក់ព័ន្ធសំខាន់ៗមកពីក្រុមហ៊ុនទាំងពីរ។
ភាពជាដៃគូនេះបានរួមបញ្ចូលនូវជំនាញគ្រប់គ្រងប្រត្តិបត្តិការនៃវិស័យបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន EHM ជាមួយនឹងវិធីសាស្រ្តបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងគោលបំណងធ្វើឱ្យសេវាកម្មសណ្ឋាគារ និងរីសតកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម។
ថ្លែងនៅក្នុងឱកាសនេះ លោក Faz Ghotbi ស្ថាបនិក និងជានាយកប្រតិបត្តិនៃ EHM បានសម្តែងការសាទរចំពោះកិច្ចសហការ និងបានលើកឡើងដូច្នេះថា៖ «ភាពជាដៃគូលើកិច្ចសហប្រត្តិបត្តិការជាមួយក្រុមហ៊ុន វីរៈប៊ុនថាំ នេះផងដែរគឺបានសមស្របទៅនឹងបេសកកម្មរបស់យើងក្នុងការបង្កើតនូវស្តង់ដារបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចរបស់យើងជាមួយនឹងការផ្តោតសំខាន់លើកំណើនវិជ្ជាជីវៈ របស់ក្រុមហ៊ុន វីរៈប៊ុនថាំ យើងមានគោលបំណងផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យទៅកាន់អតិថិជនទាំងអស់ពេលមកស្នាក់នៅក្នុងសណ្ឋាគារ និងរីសតរបស់យើង ក៏ដូចជាបង្កើតឱកាសការងារថ្មីៗទៅកាន់និយោជិកផងដែរ»។
ក្រុមហ៊ុន Elite Hospitality & Management និងក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងរួមគ្នាដើម្បីលើកកំពស់វិស័យបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់ជូននូវសេវាកម្មស្តង់ដាថ្មីមួយជូនដល់អតិថិជន និងបង្កើតម៉ាកយីហោក្នុងស្រុកដែលអាចប្រកួតប្រជែងទៅនឹងកម្រិតពិភពលោក។
លោក សួរ វីរៈ ម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានថ្លែងថា៖ «គោលដៅរបស់យើងគឺបំពាក់ជំនាញ និងចំណេះដឹងទៅដល់ក្រុមការងារដើម្បីតម្រូវទៅតាមស្តង់ដាបដិសណ្ឋារកិច្ចអន្តរជាតិ»។
ការបណ្តាក់ទុនវិនិយោគរួមគ្នានេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាចក្ខុវិស័យរួមគ្នាដើម្បីកែលម្អ និងបង្កើតភាពច្នៃប្រឌិតក្នុងវិស័យបដិសណ្ឋារកិច្ចនៃប្រទេសកម្ពុជា។
កិច្ចសហការនេះបានរួមមានកម្មវិធីបណ្តុះបណ្តាលបង្កើនជំនាញបដិសណ្ឋារកិច្ច ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតឱកាសការងារ និងមុខរបរសម្រាប់ប្រជាជនក្នុងវិស័យទេសចរណ៍តាមតំបន់ និងឧត្តមភាពនៃប្រតិបត្តិការ ដោយអនុវត្តស្តង់ដានៃការគ្រប់គ្រងបដិសណ្ឋារកិច្ចដែលមានគុណភាពខ្ពស់ចំពោះសណ្ឋាគារ និងរីសតទាំងអស់។
ភាពជាដៃគូរវាងក្រុមហ៊ុន EHM និង ក្រុមហ៊ុន វីរៈប៊ុនថាំ មានគោលបំណងកំណត់ស្តង់ដាថ្មីសម្រាប់គុណភាពសេវាកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចនៃប្រទេសកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់សណ្ឋាគារ រីសត និងអាជីវកម្មដែលផ្សាភ្ជាប់ទៅនឹងវិស័យទេសចរណ៍ទូទាំងប្រទេស។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវគុណតម្លៃរយៈពេលវែងដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា។
ការបណ្តាក់ទុនវិនិយោគរួមគ្នានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដោយមានការសហការ និងគំនិតផ្តួចផ្តើមជាច្រើនទៀតដែលគ្រោងនឹងបង្ហាញក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុន Elite Hospitality & Management (EHM) គឺជាក្រុមហ៊ុនគ្រប់គ្រងបដិសណ្ឋារកិច្ច នៅក្នុងប្រទេសកម្ពុជាដែលមានបទពិសោធន៍ និងជំនាញនៅក្នុងការគ្រប់គ្រងសណ្ឋាគារ និងរីស៊តជាច្រើនឆ្នាំជាមួយនឹងភាពជោគជ័យគួរអោយកត់សំគាល់។ ចំណែកក្រុមហ៊ុន វីរៈប៊ុនថា គឺជាក្រុមហ៊ុនខ្មែរ ក្នុងវិស័យដឹកជញ្ជូន និងបដិសណ្ឋារកិច្ចក្នុងប្រទេសកម្ពុជា ដែល ផ្តល់ជូននូវរថយន្តក្រុងទំនើប ដែលធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាង។
ក្រុមហ៊ុននេះក៏កំពុងបន្តពង្រីកសេវាកម្មទៅលើរីឯវិស័យបដិសណ្ឋារកិច្ចដែលរួមមានសណ្ឋាគារ និងរីសត ដោយផ្តល់ជូននូវការស្នាក់នៅលំដាប់ស្តង់ដា និងសេវាកម្មកម្រិតខ្ពស់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕