នៅល្ងាចថ្ងៃទី១៤ ខែមីនា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសទទួលស្គាល់ជាផ្លូវការនូវកម្មវិធី «គូព្រេងព្រឹទ្ធ» សម្រាប់តួនាទីដ៏សំខាន់នៃកម្មវិធីនេះក្នុងការលើកកម្ពស់សុភមង្គលគ្រួសារនៅកម្ពុជា។
ក្នុងពិធីនោះ លោក នេត្រ ភក្ត្រា បានប្រគល់ប័ណ្ណសរសើរដល់កម្មវិធី «គូព្រេងព្រឹទ្ធ» ហើយលោកចាត់ទុកកម្មវិធីនេះជាកម្មវិធីឯកមួយ ដែលបានផ្ដួចផ្ដើមគំនិតដោយកោះស្លាកែតស្ទូឌីយោ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «កម្មវិធី គូព្រេងព្រឹទ្ធ ជាចំណែកតូចមួយដែលធ្វើឱ្យយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលទទួលជោគជ័យ។ នោះគឺរាជរដ្ឋាភិបាលរបស់យើងត្រូវត្រៀមខ្លួនក្នុងការកសាងប្រទេសទៅមុខ គឺ ២៥ឆ្នាំទៅមុខ ជាមួយគោលដៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់»។
លោកបន្តថា នៅពេលដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅឋានៈជាប្រទេសអភិវឌ្ឍន៍ រាជរដ្ឋាភិបាលក៏កំពុងបន្ដពង្រីក និងពង្រឹងទៅលើសីលធម៌សង្គមដើម្បីឱ្យសមស្របទៅតាមសង្គមជឿនលឿន និងស៊ីវីល័យ។
លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឱ្យដឹងថា លោកក៏បានតាមដានកម្មវិធី «គូព្រេងព្រឹទ្ធ» ដែលលោកមើលឃើញពីខ្លឹមសារជ្រៅជ្រះ ផលិតចេញឡើងពីដំណើរជីវិតពិតរបស់គូស្វាមីភរិយា។
កម្មវិធី «គូព្រេងព្រឹទ្ធ» ជាថ្នាលមួយដើម្បី «បង្កើតសុភមង្គលគ្រួសារ» ហើយខ្លឹមសារសំខាន់ក្នុងកម្មវីធីនេះរួមមាន ការបណ្ដុះនូវសុជីវធម៌ សីលធម៌ គុណធម៌ វប្បធម៌ និងទេសចរណ៍ និងការរស់នៅប្រកបដោយក្ដីស្រឡាញ់ សន្ដោសប្រណី គោរព ឱ្យតម្លៃគ្នា ភាពស្មោះត្រង់ ភាពថ្លៃថ្នូរក្នុងសង្គមគ្រួសារ និងក្នុងសហគមន៍។
លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា៖ «កម្មវិធីនេះបានបង្ហាញពីស្ថានភាពជាក់ស្ដែង បទពិសោធន៍ជាក់ស្ដែង ហើយអត់មានសាលារៀនទេ គឺចេញពីបទពិសោធន៍ ទម្លាប់ និងការចែករំលែក។ ខ្ញុំអរគុណបង ចិត្រា និងបង ដាវី ដែលបានជ្រើសរើសគូដែលមានគ្រប់រសជាតិ»។
លោកបានថ្លែងថា កម្ពុជាគឺជាប្រទេសមួយដែលបានកាត់បន្ថយអត្រាហិង្សាក្នុងគ្រួសារបានច្រើន ដោយរបាយការណ៍របស់ក្រសួងកិច្ចការនារីឆ្នាំ២០១៤ គឺមាន ២៩ភាគរយនៃអត្រាហិង្សាក្នុងគ្រួសារ។ ប៉ុន្ដែនៅឆ្នាំ២០២១ កម្រិតនៃអំពើទាំងនេះបានធ្លាក់ចុះនៅសល់ ២១ភាគរយ។ នេះបង្ហាញថា សង្គមខ្មែរចាប់ផ្ដើមយល់ដឹង និងផ្ដល់តម្លៃដល់ស្ដ្រី សិទ្ធិស្មើរភាព។
លោករដ្ឋមន្ដ្រី នេត្រ ភក្ដ្រា បានថ្លែងថា ចំនួនវីដេអូសរុប ៦៣៦ ឃ្លីប ដែលមានការទស្សនាជាង ៥០០លានដង មានន័យថា វីដេអូទាំងនេះមានគេមើលច្រើនយ៉ាងច្រើន និងមានការគាំទ្រច្រើនពីក្រៅប្រទេសផងដែរ ដែលលើកទឹកចិត្ដឱ្យដាក់អក្សរជាភាសាផ្សេងៗ។
លោក ពេជ្រ ចិត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កោះស្លាកែតស្ទូឌីយោ ឯ.ក បានថ្លែងថា៖ «ខ្ញុំបាទនិងយើងខ្ញុំទាំងអស់គ្នាក៏សូមគោរពថ្លែងអំណគុណ និងដឹងគុណ ចំពោះសុខសន្តិភាព បើគ្មានសន្តិភាព យើងខ្ញុំទាំងអស់គ្នាក៏គ្មានវត្តមាននៅទីនេះដែរ»។
លោកបន្តថា តាមរយៈការមើលឃើញនូវសារៈសំខាន់ដែលមិនអាចខ្វះបាននូវតម្លៃ និងភាពចាំបាច់នៃ សីលធម៌ សុជីវធម៌ និងសុភមង្គលគ្រួសារ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោកនិងភរិយា ព្រមទាំងក្រុមការងារកោះស្លាកែតស្ទូឌីយោ បានបង្កើតមាតិកាមួយឈ្មោះថា កម្មវិធី «គូព្រេងព្រឹទ្ធ»។
កម្មវិធីនេះបានបង្កើតសកម្មភាពជាច្រើន កម្មវិធីសិក្ខាសាលាតាមតាមបណ្ដាររាជធានីខេត្ត ការចែករំលែកនូវបទពិសោធន៍ជីវិតគូពី ឯកឧត្តម លោកជំទាវ និងលោក លោកស្រី មកពីស្ថាប័នផ្សេងៗក្នុងកិច្ចសម្ភាសន៍ ការចែករំលែកបទពិសោធន៍ និងគន្លឹះល្អៗក្នុងកម្មវិធីអាហារសាមគ្គី ការប្រឹក្សាយោលបល់ដោយឥតគិតថ្លៃអំពី គន្លឹះបង្កើតសុភមង្គលក្នុងគ្រួសារ ក៏ដូចជាការផលិតរឿងអប់រំ រឿងកំប្លែងខ្លីៗ ផលិតចម្រៀង ការបង្កើតរូបភាព និងសារអប់រំខ្លីៗអំពីសុភមង្គលគ្រួសារ។
លោក ពេជ្រ ចិត្រា ថ្លែងថា៖ «មាតិកាកម្មវិធីគូព្រេងព្រឹទ្ឋនេះ ពិតជាទទួលបានការគាំទ្រជាបន្តបន្ទាប់ និងច្រើនលើសលប់ រហូតទទួលបានជាមាតិកាកម្មវិធីឈានមុខគេក្នុងប្រទេសកម្ពុជាស្ដីពី សុភមង្គលគ្រួសារ»។
កម្មវិធី «គូព្រេងព្រឹទ្ធ»នេះមិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេ គឺថែមទាំងបានពង្រីកទៅក្រៅប្រទេស ដោយមានការចូលរួមពីគូស្វាមីភរិយាជាជនជាតិ អាមេរិកកាំង អាល្លឺម៉ង បារាំង ថៃ ហើយនាថ្ងៃអនាគត លោក ចិត្រា មានបំណងពង្រីកឱ្យទៅជាកម្មវិធីសកល ដែលទទួលស្គាល់ពីប្រជាជនទូទាំងសកលលោក។
លោកថា កម្មវិធីនេះ ពិតជាបានទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកចូលរួមផ្ទាល់ ក្នុងកម្មវិធីសិក្ខាសាលានៅតាមបណ្ដារាជធានី ខេត្ត ក្រុង ទូទាំងព្រះរាជណាចក្រកម្ពុជា ចំនួន ២០លើក ដែលមានការចូលរួមដោយផ្ទាល់ពីសិក្ខាកាមជាគូស្វាមីភរិយាសរុបចំនួន ១៥០០នាក់។
លើសពីនេះក៏មានការចូលរួមផ្តល់បទសម្ភាស៍ និងចែករំលែកបទពិសោធន៍អំពីជីវិតគ្រួសារដោយផ្ទាល់ ពីសំណាក់គ្រួសារគំរូ ចំនួន ២៥គូ និងការចូលទស្សនា តាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន និងគណនីបណ្តាញសង្គមផ្សេងៗ ដូចជា Tik Tok, Facebook, YouTube ជាដើម៕