
ក្រុមរៀបចំកម្មវិធីផ្សាយសំឡេងផតខេស ចូលរួមវេទិការប្រចាំឆ្នាំនៅហាងលក់សៀវភៅមួយក្នុងក្រុងប៉េកាំង។ AFP
ក្រុងប៉េកាំង៖ អារម្មណ៍ស្រឡាញ់ស្រីដូចគ្នាស្រាប់ពុះកញ្ជ្រោលឡើង រឿងរ៉ាវភូមិឋានមួយខិតខំបិទបាំងរឿងរំលោភបំពាន និងការវែកញែករឿងគោលនយោបាយកូន ៣នាក់។ ការផ្ទុះឡើងនៃកម្មវិធីវិទ្យុ (ផតខេស) ចិនកំពុងតែកក្រើកក្នុងការជីកឫសគល់បញ្ហាសង្គម ដែលធ្លាប់តែជាប្រធានបទរងភាសាមាក់ងាយក្រោមការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដ៏តឹងរ៉ឹងរបស់ប្រទេស។
កម្មវិធីវិទ្យុថ្មីៗជាង ៧ ពាន់ ត្រូវបានបង្កើតឡើងលើអនឡាញកាលពីឆ្នាំមុន ដោយមានប្រិយមិត្ដអ្នកស្ដាប់ជិត ១០ លាននាក់ ដែលទោះបីជានៅតិចតួច តែវាកំពុងតែកើនឡើងខ្លាំងក្នុងទីក្រុងដ៏ធំបំផុតក្នុងលោកនេះសម្រាប់មាតិការសោតទស្សន៍វេបសាយ។
ខណៈការផ្សាយសំឡេងធ្លាប់តែជាប្រពៃណីបណ្ដាញផ្សព្វផ្សាយបស្ចិមប្រទេស វាកំពុងតែទទួលបានការពេញនិយមនៅក្នុងសង្គមចិន ដោយមានទាំងការនិយាយរឿង និងវិភាគរិះគន់សង្គមជាដើម។
សម្រាប់និស្សិត ឈិង យីហ្វាន ដែលស្ដាប់កម្មវិធីរៀងរាល់យប់ កម្មវិធីទាំងនោះគឺជាដង្ហើមនៃខ្យល់បរិសុទ្ធ។

ពិធីករកម្មវិធីកំពុងថតផ្សាយសំឡេង សម្រាប់កម្មវិធីផតខេស ដែលធ្លាប់តែល្បីនៅបស្ចិមប្រទេស។ AFP
យុវជន ឈិង អាយុ ១៩ ឆ្នាំ បានប្រាប់ AFP ថា៖ «កម្មវិធីផតខេស មិនសូវសំចៃមាត់រឿងបញ្ហាសង្គមដូចបណ្ដាញផ្សព្វផ្សាយប្រពៃណីដទៃទៀតឡើយ។ បណ្ដាញផ្សព្វផ្សាយទូទៅទំនងជាមាននិន្ននាការគាំទ្រ និងសម្របសម្រួលទៅតាមប្រធានបទ ដូចជា «ថាមពលវិជ្ជមាន» ជាដើម តែនៅខ្វះធាតុផ្សំនៃការវិភាគ»។
គូ អាយជឺ អាយុ ៣៨ ឆ្នាំ ជាអ្នកបង្កើត StoryFM ជាកម្មវិធីផតខេស ដែលរៀបរាប់ពីបទពិសោធជីវិតរបស់បុគ្គលម្នាក់ៗ បាននិយាយថា ក្រុមទាំងនោះ មានបំណងបន្ដប្រើប្រាស់មាតិការស៊ីជម្រៅ។ កម្មវិធីរបស់លោកតែម្នាក់ឯងមានអ្នកស្ដាប់ ១,២ លាននាក់។
យ៉ាង យី សហស្ថាបនិកក្រុមហ៊ុនផតខេស JustPod បានប៉ាន់ប្រមាណទំហំទីផ្សារថាមានចំនួនរហូតដល់ ១០ លាននាក់ នោះគ្រាន់តែមួយចំណែកដ៏តូចនៃចំនួនប្រជាជនចិនប៉ុណ្ណោះ។

ពិធីករកម្មវិធីកំពុងថតផ្សាយសំឡេង សម្រាប់កម្មវិធីផតខេស ដែលធ្លាប់តែល្បីនៅបស្ចិមប្រទេស។ AFP
ចំពោះប្រិយមិត្ដជាច្រើន មាតិកានិយាយមិនសំចៃ ជីកឫសគល់ស៊ីជម្រៅ និងបញ្ហាផ្លូវភេទ គឺជាប្រធានបទដ៏ទាក់ទាញបំផុត។
នៅលើកម្មវិធី StoryFM មានប្រធានបទរសើបមួយចំនួន ដូចជា នារីស្រឡាញ់ភេទដូចគ្នាម្នាក់បានរំឭកពីមូលហេតុដែលនាងរៀបការជាមួយបុរសខ្ទើយ គ្រូបង្រៀនម្នាក់រៀបរាប់ពីរបៀបដែលនាងត្រូវបានរំលោភបំពានផ្លូវភេទនៅក្នុងភូមិ និងនារីរកស៊ីផ្លូវភេទម្នាក់ពន្យល់ពីរឿងរ៉ាវដែលនាងធ្លាក់ខ្លួនចូលក្នុងមុខរបរនេះ។
គូ បាននិយាយថា៖ «ពេលមនុស្សម្នានិយាយប្រាប់ពីរឿងរ៉ាវរបស់ពួកគេ ច្បាស់ជាមានការបង្កប់នូវអារម្មណ៍ដ៏ពិតប្រាកដ។ នោះជាអ្វីដែលយើងអាចយល់ពីបទពិសោធ និងជម្រើសរបស់ពួកគេ»៕ AFP/HR

ពិធីករកម្មវិធី «The Weirdo» លោក ម៉េង ឆាង និង ស៊ី រូហាន កំពុងថតផ្សាយសំឡេង។ AFP

ទស្សនិកជនស្ដាប់ការជជែកវែកញែកកម្មវិធីផតខេសពីប្រធានបទរសើបៗ នៅក្រុងប៉េកាំង។ AFP