ភ្នំពេញ៖ មនុស្ស​គ្រប់​រូប​រមែង​ជួប​នូវ​បញ្ហា​តានតឹង​នៃ​ផ្លូវ​​ចិត្ដ​ បង្ក​ឡើង​ពី​វិបត្ដិ​កូវីដ ១៩ រួម​ទាំង​កុមារ​ពិការភាព​ខួរ​ក្បាល​អូទីសឹម​ផង​ដែរ។

កុមារ​អូទីសឹម​ក៏​មាន​បញ្ហា​ស្មុគស្មាញ​​ផ្លូវ​ចិត្ដ​​ ពី​ការ​រឹត​ត្បិត​សកម្មភាព​លេង​កម្សាន្ដ​នៅ​ខាង​ក្រៅ​ ដោយ​ឪពុកម្ដាយ​បារម្ភ​​ចំពោះ​​សុវត្ថិភាព​ផ្នែក​សុខភាព​របស់​ពួក​គេ​។

លោក​ ហឿ សេធុល ជា​ស្ថាបនិក​សាលារៀន​អប់រំ​ពិសេស KCPS Counseling and Psycho-Education Services និង​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​​យោបល់ និង​អ្នក​ចិត្ដសាស្ដ្រ​​នៅ​កម្ពុជា​បាន​និយាយ​ថា៖ «កុមារ​អូទីសឹម ក៏​ចេះ​កើត​ស្ដ្រេស​​​ដែរ ហើយ​មាន​ឪពុកម្ដាយ​ជា​ច្រើន​ទាក់ទង​មក​ខ្ញុំ​អំឡុង​ពេល​វិបត្ដិ​កូវីដ​នេះ។ KCPS បាន​បង្ខំ​ចិត្ដ​បង្ហើប​ទ្វារ​សាលា​​បន្ដិច​សម្រាប់​កុមារ​អូទីសឹម​ដែល​ជួប​ការ​លំបាក​បំផុត​ និង​ឪពុក​ម្ដាយ​ទាល់​ដៃ​​ទាល់​ជើង​ខ្លាំង​មែន​ទែន​»។

លោក​ប្រាប់​អំពី​ដំណោះ​ស្រាយ​ខ្លះៗ​ថា​៖ «មាន​ក្មេង​ជា​ច្រើន​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ មួម៉ៅ រហូត​ដល់​គាត់​ធ្វើ​បាប​ខ្លួន​ឯង ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ ហើយ​សកម្មភាព​សកម្ម​របស់​គាត់​កើន​ឡើង​ ពី​ព្រោះ​ក្នុង​បរិបទ​កូវីដ គាត់​មិន​ចេញ​ទៅ​ណា ឪពុក​ម្ដាយ​ជាប់​រវល់ ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក»​។

អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ដ​រូប​នេះ​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ឪពុក​ម្ដាយ​ភាគ​ច្រើន​អាច​យល់​ចិត្ដ​កូន​បាន​​ ទោះបី​ជា​គាត់​អូទីសឹម​​ក៏​ដោយ។ គាត់​អាច​ស្វែង​យល់​តាមរយៈ​អាកប្បកិរិយា​របស់​កូន​នីមួយៗ​បាន​។ ទោះ​កូន​អត់​អាច​និយាយ​បាន​យ៉ាង​ណា​ តែ​រាល់​សកម្មភាព​របស់​គាត់​ជា​ភាសា​មួយ​បង្ហាញ​យើង»​។

លោក​បន្ដ​ថា៖ «នៅ​ពេល​គាត់​មាន​ភាព​តានតឹង គួរ​រក​ពេល​វេលា​នៅ​ជាមួយ​គាត់​ឱ្យ​បាន​ច្រើន​ ឬ​ចំណាយ​ពេល​ខ្លះ​ កុំ​ទុក​គាត់​នៅ​ម្នាក់​ឯង ពី​ព្រោះ​គាត់​ត្រូវ​ការ​ទំនាក់ទំនង ការ​យល់​ចិត្ដ និង​ការ​ថ្នាក់​ថ្នម​ដូច​ក្មេង​ធម្មតា​»។

លោក​ ហឿ សេធុល ជា​ស្ថាបនិក​សាលារៀន​អប់រំពិសេស KCPS។ហុង មិនា

ចំពោះ​កុមារ​មាន​អាកប្បកិរិយា​មិន​ល្អ ដូចជា ការ​ធ្វើ​បាប​ខ្លួន​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ចិត្ដសាស្ដ្រ​រូប​នេះ បាន​​ណែនាំ​ឪពុក​ម្ដាយ​ឱ្យ​នាំ​គាត់​ចេញ​ក្រៅ​ ទៅ​កន្លែង​ណា​បរិយាកាស​ល្អ និង​ព្យាយាម​សង្កេត​មើល​ចំណង់​ចំណូល​ចិត្ដ​របស់​គាត់ និង​ព្យាយាម​បំពេញ​ឱ្យ​គាត់​មួយ​ចំនួន​។ ប៉ុន្ដែ​កុំ​ភ្លេច​គម្លាត​សង្គម​ ដើម្បី​សុវត្ថិភាព​។

លោក​បាន​បង្ហើប​ពី​ការ​សង្កេត​កូន​ថា ពេល​មើល​ឃើញ​ថា កូន​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន តើ​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​អ្វី​? គាត់​អាច​ចង់​ចេញ​ក្រៅ ចង់​មាន​សកម្មភាព​ហក់​លោត ចង់​លេង​អីជាដើម​ លើកលែង​សកម្មភាព​បង្ក​គ្រោះ​ថ្នាក់ ដែល​ឪពុក​ម្ដាយ​ត្រូវ​ព្យាយាម​ហាម​ឃាត់​។

លោក​បាន​បញ្ជាក់​ថា​៖ «កុមារ​អូទីសឹម​ក៏​មាន​ការ​គិត​របស់​ពួក​គេ​ដែរ គ្រាន់​តែ​ជា​ការ​គិត​ខុស​ប្លែក​ពី​មនុស្ស​ទូទៅ និង​ជា​ការ​គិត​ក្នុង​ពិភព​របស់​លោក​។ យើង​ព្យាយាម​ចូល​ទៅ​ក្នុង​ពិភព​របស់​ពួក​គេ​ឱ្យ​បាន​ច្រើន ទើប​យើង​បាន​ដឹង​។ កុំ​ចូល​ជាលក្ខណៈ​ខ្លួន​យើង ចូរ​សម្រប​ទៅ​ក្នុង​ពិភព​របស់​ពួក​គេ​»។

ក្មេង​អូទីសឹម​ខ្លះ​ចូលចិត្ដ​តោង និង​ឡើង​ ដោយសារ​បម្រែបម្រួល​សារធាតុ​​គីមី​ក្នុង​រាងកាយ​របស់​គាត់​ ត្រូវ​តែ​ធ្វើ​ឱ្យ​ពួក​គាត់​សកម្ម​។ ចូរ​រក​ទីធ្លា​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​គាត់​លេង​។ ចូរ​កុំ​ទប់​ស្កាត់​សកម្មភាព​គាត់​ ដែល​អាច​បង្ក​​ឱ្យ​មាន​លេច​ឡើង​នូវ​អាកប្បកិរិយា​អវិជ្ជមាន​បន្ថែម​ទៀត​។

ស្ថាបនិក​សាលា​អប់រំ​ពិសេស KCPS បាន​បន្ថែម​ថា​៖ «កុមារ​ម្នាក់​ទៀត ចូលចិត្ដ​លេង​ទឹក ហើយ​នៅ​ពេល​គាត់​មក​សាលា​ភ្លាម គាត់​ដោះ​ខោ​អាវ​ និង​រត់​ទៅ​រក​លេង​ទឹក​តែ​ម្ដង។ ដូច្នេះ យើង​ត្រៀម​ទឹក​សម្រាប់គាត់​លេង ប្រមាណ ១០ ​នាទី។ នៅ​ពេល​គ្រប់​ពេលវេលា យើង​យក​គាត់​ចេញ ទោះបី​ជា​គាត់​យំ​យ៉ាង​ណា​ក៏​ដោយ​។ ថ្ងៃ​ក្រោយ គាត់​ដឹង​ថា ខ្លួន​ឯង​ត្រូវ​លេង​ត្រឹម​ពេលវេលា​កំណត់​ណា​មួយ ហើយ​គាត់​ក៏​លែង​យំ​ទៀត​ដែរ»។

ក្រៅ​ពី​​​ឱ្យ​កុមារ​ធ្វើ​សកម្មភាព​តាម​ចំណូលចិត្ត អាណាព្យាបាល​ក៏​អាច​ស្វែង​យល់​ពី​កូន​អូទីសឹម​បន្ថែម​តាមរយៈ​​អំណាន​ដូចជា​សៀវភៅ «ឪពុក​ម្ដាយ​​កុមារ​អូទីសឹម» មាន ៤០ ​ទំព័រ តម្លៃ ១ ​ម៉ឺន​រៀល​ ចងក្រង​​ដោយ​អ្នកគ្រូ សុខ សុគន្ធមាលា បង្រៀន​នៅ​សាលា​អប់រំ​ពិសេស KCPS ក៏​ត្រូវ​បាន​បោះពុម្ព​ជាមួយ​សៀវភៅ ២ ​ប្រភេទ ​របស់​លោក សេធុល​ ផង​ដែរ​។

ការ​ប្រែប្រួល​សារធាតុ​គីមី​ក្នុង​រាងកាយធ្វើ​ឱ្យ​កុមារអូទីសឹម​ខ្លះ​​សកម្ម​ និង​មានតម្រូវការ​ទីធ្លា។ ហុង មិនា

លោក សេធុល បាន​បន្ដ​ថា​៖ «គាត់​មាន​ទេពកោលស្យ​ធ្វើ​ការ​ជាមួយ​កុមារ​អូទីសឹម គួប​ផ្សំ​នឹង​ការ​ពង្រឹង​សមត្ថភាព​គាត់​បន្ថែម។ ខ្ញុំ​លើក​ទឹក​ចិត្ដ​​ឱ្យ​គាត់​ចងក្រង​ជា​សៀវភៅ​ ពីព្រោះ​​ជាង ២ ​ឆ្នាំ​​កន្លង​មក យើង​បាន​សិក្សា​ស្រាវជ្រាវ​ច្រើន​ទាំង​ការ​អាន និង​ជួល​គ្រូ​ពី​បរទេស​ផង​ គាត់​អាច​សរសេរ​សៀវភៅ​។

នៅ​ក្នុង​សៀវភៅ​​នេះ ចំណុច​ចម្បង​បំផុត ឪពុក​ម្ដាយ​ត្រូវ​ស្គាល់​ថា តើ​អ្វី​ទៅ​ជា​អូទីសឹម​? តើ​កុមារ​អូទីសឹម​មាន​លក្ខណៈ​បែប​ណា​?

ការ​អប់រំ​ដល់​កុមារ​អូទីសឹម​ក៏​ជា​គោលដៅ​មួយ​របស់​​អ្នក​ចិត្ដវិទ្យា​រូប​នេះ​ ​ពី​ព្រោះ​ការ​បង្កើត​សាលា​អប់រំ​ពិសេស​នេះ ​ផ្ដោត​លើ​ការ​បង្រៀន​ក្មេង​ផង និង​​អភិវឌ្ឍ​ធនធាន​មនុស្ស​ផង​ តាមរយៈ​ការ​បណ្ដុះបណ្ដាល​​​គ្រូ​​។

លោក​បាន​បង្ហាញ​ពី​បំណង​ថ្ងៃ​អនាគត​ថា​៖ «ខ្ញុំ​ចង់​ឱ្យ​សាលា​របស់​យើង​ក្លាយ​ជា​ទីកន្លែង​មួយ (Resource Center) ​ផ្ដល់​ចំណេះដឹង​ដល់​ឪពុកម្ដាយ និង​កុមារ​អូទីសឹម​ ក៏​ដូចជា​អ្នក​ចង់​ចាប់​យក​ជំនាញ​ផ្នែក​អូទីសឹម​នេះ​​ រួម​ទាំង​ការ​ព្យាបាល​ផ្លូវ​ចិត្ដ និង​ការ​អប់រំ​ក្មេង​ជំទង់​»៕