អាជ្ញាធរនៅសាធារណរដ្ឋតួកគីខាងជើងនៃកោះស៊ីប បានចេញសេចក្ដីប្រកាសកាលពីថ្ងៃអង្គារថា ផ្នែកមួយនៃក្រុង Varoshaដែលត្រូវបានបោះបង់ចោល នឹងត្រូវបើកឡើងវិញ ខណៈមានការជំទាស់យ៉ាងខ្លាំងពីក្រិក ស៊ីប និងមេដឹកនាំអន្តរជាតិដទៃទៀតរួមទាំងសហរដ្ឋអាមេរិក។
ក្រុង Varosha ដែលជាកន្លែងប្រមូលផ្ដុំដោយសណ្ឋាគារ និងអគារស្នាក់នៅខ្ពស់ៗ ត្រូវបានគេបោះបង់ចោលក្លាយជាតំបន់យោធា ដោយមិនអនុញ្ញាតឱ្យនរណាចូលតាំងពីសង្រ្គាមក្នុងឆ្នាំ ១៩៧៤ ហើយធ្វើឱ្យកោះស៊ីបបាក់បែក។
អាជ្ញាធរស៊ីបភាគខាងជើង បានបើកតំបន់តូចមួយសម្រាប់ដំណើរទស្សនកិច្ចកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ហើយកាលពីថ្ងៃអង្គារនេះ បាននិយាយថា ផ្នែកមួយនៃក្រុងនេះនឹងត្រូវបើកជាធម្មតាជាមួយនឹងយន្តការមួយដែលអាចឱ្យប្រជាជនចូលទៅយកនូវទ្រព្យសម្បត្តិរបស់ខ្លួនបាន។
ប្រធានាធិបតីស៊ីប លោក Nicos Anastasiades បានពិពណ៌នាអំពីការផ្លាស់ប្តូរនេះថា ជាការមិនអាចទទួលយកបាន។ ចំណែកឯរដ្ឋមន្រ្តីការបរទេសអាមេរិកលោក អានតូនី ប្លីនកែន បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាសេចក្តីសម្រេចនេះគឺមិនស៊ីគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវយ៉ាងជាក់លាក់ថា ក្រុង Varosha ត្រូវបានគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណា ប្រធានាធិបតីតួកគីលោក រ៉េសិបតៃយីប អេរដូហ្គែន ប្រាប់ថា៖ «យើងមិនមានពេលវេលាខ្ជះខ្ជាយ ៥០ឆ្នាំទៀតទេ»។ លោកនិយាយបែបនេះដោយសំដៅលើកិច្ចខិតខំប្រឹងប្រែងដែលចាត់ទុកថា ជាការបរាជ័យជាច្រើនទសវត្សរ៍របស់អង្គការសហប្រជាជាតិ ដើម្បីបង្រួបបង្រួមកោះស៊ីបដែលបែកបាក់៕
ហួន ឌីណា