យោង​តាម​គណៈកម្មាធិការ​​អូឡាំពិក​​អន្តរ​ជាតិ​​ (IOC) អ្នក​រត់​ប្រណាំង​ជនជាតិ​បេឡា​រុស​ម្នាក់​ ត្រូវ​បាន​គេ​បង្ខំ​ឱ្យឈប់​ពាក់កណ្ដាល​ការ​ប្រកួត និង​បញ្ជាឱ្យ​ចាក​ចេញ​ពី​ទី​ក្រុង​តូក្យូ​ ដោយ​សារ​រិះគន់​មន្ត្រី​កីឡា​អូឡាំពិក​។​

កីឡាការិនី Krystsina Tsimanouskaya បានរិះគន់​​គណៈកម្មាធិការអូឡាំពិក​បេឡារុ​ស​​​នៅ​លើ​បណ្តាញ​សង្គម​​ថា​ គ្រូបង្វឹក​បានបញ្ជា​​​នាង​​​ឱ្យ​​ចូ​ល​រួម​​​ក្នុ​​ង​​​ការ​​​ប្រ​ណាំង​​ភ្លាមៗ​ទាំង​​មិនទាន់​បាន​​ហ្វឹក​ហាត់​​ ក្រោយ​ក្រុម​ការងារ​ដដែល​នេះ​ មិន​បាន​ប្រាប់​ដល់​អត្តពលិ​ក​ដទៃទៀ​ត​ឱ្យ​បញ្ចប់​កា​រ​​​ធ្វើ​​តេ​ស្ត​​​សារ​ធា​តុ​​​ហាម​​​ឃាត់​តាម​កាល​កំណត់​​។

យោងតាមលោក Aliaksandr Apeikin នាយកប្រតិបត្តិនៅមូលនិធិ​ Vilnius ប្រទេស​បេឡារុស ដែលមា​ន​មូលដ្ឋាន​នៅ​ Lithuania កីឡាការិនី Tsimanouskaya បាន​បដិសេធ​មិន​ចាក​ចេញ​ពី​រដ្ឋ​ធានី​របស់​ប្រទេស​ជប៉ុន​ទេ ក្រោយ​អាជ្ញាធរកីឡាបេឡារុស បញ្ជូន​កីឡា​ការិនី​រូប​នេះ​​​​ទៅ​អាកាស​យានដ្ឋានទាំង​បង្ខំ​។

យ៉ាងណា​មិញ​ គណៈកម្មាធិការអូឡាំពិកជាតិបេឡារុស​ បាន​និយាយ​កាល​ពី​ថ្ងៃ​ អាទិត្យថា ខ្លួន​បាន​សម្រេច​ចិត្ត​ដ​ក​កីឡាការិនីរូបនេះ​ ចេ​ញ​ពី​ការ​ប្រ​កួ​តកី​ឡា​អូឡាំ​ពិ​ក ​ដោយ​សា​រតែ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​ មិន​នឹង​​របស់​នា​ង ដោយ​យោង​តាម​កា​រស​ន្និ​ដ្ឋា​នរ​ប​ស់​វេ​ជ្ជប​​ណ្ឌិត​។

ទោះយ៉ាងណាក្ដី គណៈ​កម្មការ​ IOC ក៏​ធ្លាប់​បានស៊ើបអង្កេត​លើ​​ប្រទេស​​​បេ​ឡា​រុ​ស​ជាច្រើន​ខែ​មក​ហើយ​ ក្រោយ​មាន​រ​បាយ​ការ​ណ៍​ថា រដ្ឋា​ភិ​បា​ល​រ​បស់​ប្រ​ធា​នា​ធិ​បតី Alexander Lukashenko បាន​ដាក់​ទណ្ឌកម្ម​អត្តពលិក​ ដែលបា​ន​និ​យា​យ​ប្រ​ឆាំ​ង​នឹ​ង​ច្បា​ប់​រ​ប​ស់​គា​ត់​ ឬចូល​រួ​ម​ក្នុ​ងកា​រ​ត​វ៉ាប្រឆាំង​នានា​។

កីឡាការនី​អាយុ ២៤ ឆ្នាំរូប​នេះ ​បា​ន​និយា​យ​នៅ​ក្នុ​ងប​ទ​ស​ម្ភា​ស​​ជាមួ​យ​គេហ​ទំ​ព័រ​កីឡា​ Tribuna.com ដែលបានចុះផ្សាយកាលពី​ថ្ងៃ​អា​ទិត្យថា៖ «ខ្ញុំខ្លាច​ថា គេបញ្ជូនខ្ញុំ​ទៅ​ពន្ធនាគារ​នៅ​បេឡា​រុស»​។​

​មូល​និ​ធិ​សាម​គ្គី​ភា​ព​កី​ឡា​បេ​ឡា​រុស​ បាន​និ​យា​យ​ថា ក្រោយ​មាន​រឿ​ងហេតុ​កើត​ឡើង​ កីឡាការិនី Tsimanouskaya គ្រោង​ស្វែងរក​សិ​ទ្ធិជ្រ​ក​កោ​ន​នៅ​ប្រ​ទេស​អា​ល្លឺម៉​ង់​ ឬអូទ្រីស។ ​ទោះយ៉ាងណា​ របាយ​ការណ៍​ពីសារព័ត៌មាន​ Sky News ក្រោយមក​បាន​បង្ហាញថា​ នាង​បាន​មក​​ដល់​ស្ថា​នទូ​ត​ប៉ូឡូញ​នៅ​តូក្យូ​វិញ​ បន្ទាប់​ពី​ប៉ូឡូញ​និ​​ង​​សា​​​ធា​រណ​រដ្ឋ​ឆែក ​បា​នផ្តល់សិទ្ធិជ្រកកោនដល់នាង។

ដោយឡែក គណៈ​ក​ម្មា​ធិការIOC និងមន្រ្តីតូក្យូ ២០២០ ក៏​នឹ​ង​បន្តការសន្ទនា​របស់​ពួក​គេ​ ជាមួយ​អាជ្ញាធរ​ និង​កីឡាការិនី​រូប​នេះ​បន្ទាប់​ទៀត​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

យ៉ាងណាមិញ បើ​គិត​មក​ត្រឹម​​​ថ្ងៃ​ចន្ទ កញ្ញា​មាន​សុវត្ថិភាព​ហើយ​។​ នេះ​បើ​តាម​អ្ន​ក​នាំពា​ក្យ​គ​ណៈ​ក​ម្មាធិ​កា​រ​អូ​ឡាំ ពិ​ក​អន្ត​រ​ជាតិ​ លោកMark Adams ។ លោក​បាន​និយាយ​ថា៖«ខ្ញុំ​យល់ថា ឧត្តម​ស្នង​ការ​អង្គកា​រ​សហ​ប្រជាជាតិ​ទទួ​ល​ប​ន្ទុ​កជ​ន​ភៀ​ស​ខ្លួ​ន​ ​UNHCR គួរ​តែ​អន្តរាគមន៍​ចំពោះ​រឿង​នេះ។ យើង​ក៏​បានស្នើ​សុំរ​បាយការណ៍​ពេញ​លេ​ញ​រ​ប​ស់បេ​ឡា​រុ​សប៉ុន្តែ​យើ​ង​ធ្លាប់​ចាត់​​វិ​​​ធាន​កា​រ​ប្រ​ឆាំង​នឹ​ងប្រទេស​នេះ​កាល​ពី​ឆ្នាំ​មុន​ដូចគ្នា​»​។

ថ្លែងទៅកាន់ សារព័ត៌មាន​រ៉យទ័រ​តាមតេឡេ​ក្រា​ម​ កាល​ពី​ថ្ងៃអាទិត្យ អ​ត្ត​ពលិ​​កអា​យុ ​​២​៤​ ឆ្នាំ​រូ​ប​​នេះ​ បាន​និ​យា​យ​ថា នាង​ត្រូ​វ​បា​ន​ដ​ក​ចេ​ញ​ពីក្រុ​ម​ដោ​យ​សា​រនា​ងបានផុស​នៅ​លើ ​In​stagram អំពី​ការ​ធ្វេស​ប្រហែស​រប​ស់​គ្រូ​ប​ង្វឹ​ក​បេឡារុស​។

ក្រុមអត្តពលិកចំនួន ១៦ នាក់ មកពី​ប្រទេស​បេឡារុស​ ក៏​នឹង​ត្រូវ​ ចាក​ចេ​ញពី​ប្រទេស​ជប៉ុន​នៅថ្ងៃ​ចន្ទ ដូច​គ្នា​តាម​កាល​វិភាគ​។ អ្នក​ចូលរួ​ម​ក្នុ​ង​កា​រ​ប្រ​កួត​ តម្រូ​វ​ឱ្យ​ចា​ក​ចេ​ញ​ពី​ប្រ​​ទេស​ក្នុ​ង​រ​យៈ​ពេ​ល​​៤៨​​ម៉ោង​ បន្ទា​ប់​ពី​ការ​ប្រកួតចុង​ក្រោយ​រ​បស់​ពួ​ក​គេក្រោ​ម​វិធាន​ទប់​ស្កាត់​ការ​ឆ្លង​​មេរោគ​ក្នុង​ព្រឹត្តិការណ៍​អូ​​ឡាំពិ​​​ក​។​

យោងតា​ម​ទិន្នន័​យ​ព្រឹត្តិការណ៍​អូ​ឡាំពិ​ក​ទីក្រុ​ង​តូ​ក្យូ កីឡាការិនី Tsimanouskaya បាន​រត់​ប្រកួត​ជម្រុះច​ម្ងាយ ​១០០ ម៉ែត្រ​ផ្នែក​នារី​ កាលពីថ្ងៃសុក្រ ហើយ​គ្រោងនឹង​ប្រ​កួត​​ជម្រុះរត់ចម្ងាយ ២០០ ម៉ែត្រ​​នៅ​ថ្ងៃ​ចន្ទ​។​កញ្ញា​ក៏​​​​​ត្រូវ​បា​ន​គេ​ចុះចូល​ក្នុង​ប​​ញ្ជី​​​​ជា​​​ស​​មា​ជិ​ក​នៃក្រុមបញ្ជូនស្ត្រីចម្ងាយ ៤x១០០ ម៉ែត្ររបស់បេឡារុស។

លោក Adam ក៏​បាន​សម្តែងការ​សោកស្តាយ​ ដែល​អ្នករត់​ប្រណាំង​រូប​នេះ​ខកខានចូល​រួមព្រឹត្តិការណ៍​របស់​នាង ដោយ​សារ​មាន​រឿង​ហេតុ​កើត​ឡើង​៕