ប៉េកាំង​:​ ទីក្រុង​នានា​របស់​ប្រទេស​ចិន​បាន​ធ្វើ​តេស្ត​មនុស្ស​រាប់​លាន​នាក់​ និង​បាន​ដាក់​កំហិត​លើ​បម្រាម​​គោចរ​ថ្មីៗ​ ខណៈ​អាជ្ញាធរ​សុខាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​ថ្មី​នៃ​ជំងឺ​កូវីដ ១៩ ​ក្រោយ​ពី​បាន​ធូរ​ស្បើយ​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​។​

​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង ​Agence France Presse ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​រាយការណ៍​ជំងឺ​កូវីដ ១៩ ​ថ្មី​ចំនួន​ ៧៥​ ករណី ​ដោយ​រាប់​បញ្ជូល​ទាំង​ ៥៣ ករណី​ក្នុង​សហគមន៍​ ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជា​ចង្កោម​នៃ​វ៉ារ្យ៉ង់​ដែលតា​​ពី​អាកាស​យានដ្ឋាន ​Nanjing ​កាល​ពី​ចុង​ខែ​កក្កដា​​ ដែល​មក​ទល់​ឥឡូវ​នេះ​ បាន​​រាល​ដាល​ដល់​​ក្រុង​ជាង​ ២០ ​និង​ខេត្ត​ជាង​ ១០​។​

​ខណៈ​នេះ ​អាជ្ញាធរ​ចិនបាន​ធ្វើ​​តេស្ត​ចំនួន ​៣ ​ជុំ​ទៅ​លើ​ប្រជាជន​ចំនួន​ ៩,២ ​លាន​នាក់​ ក្នុង​ទី​ក្រុង​ Nanjing ​​ហើយ​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​​ដែល​មាន​ប្រជាជន​រស់​នៅ​រាប់​សែន​នាក់​ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​​វ៉ារ្យ៉ង់​ដែល​ឆ្លង​រហ័ស​នេះ​។​

ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​ក៏​កំពុង​តាម​ដាន​មនុស្ស​ជាង​ ៥ ០០០​ នាក់​ នៅ​ទូទាំង​ប្រទេស​ដែល​បាន​ចូល​រួម​មហោស្រព​​​នៅ​ទី​ក្រុង​ Zhangjiajie​ ដែល​ជា​ទីក្រុង​ទេសចរណ៍​មួយ​ក្នុង​ខេត្ត​ហ៊ូណាន​។ ​ក្រុង​ដែល​មាន​ប្រជាជន​ ១,៥ លាន​នាក់​នេះ​ ត្រូវ​បាន​បិទ​ខ្ទប់ ​រួម​ជាមួយ​កន្លែង​ទាក់​ទាញ​ទេសចរណ៍​ទាំង​អស់ក្នុ​ង​ក្រុង​បន្ទាប់​ពី​អ្នក​ទេសចរ​ ៤ ​នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​។​

​​ចំណែក​ឯ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ឯណោះ​វិញ​ បាន​​បិទ​ផ្លូវ​ដែក​ឡាន​ក្រុង​និង​ផ្លូវ​អាកាស​ទាំង​អស់​ ក្នុង​តំបន់​ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា ​និង​បិទ​ទេសចរក្នុង​ស្រុក​ដោយ​អនុញ្ញាត​ឱ្យ​ចូល​តែ​អ្នក​ធ្វើ​ដំណើរ​សំខាន់ៗ​ដែល​មាន​លិខិត​បញ្ជាក់​ថា​គ្មាន​វីរុស​ប៉ុណ្ណោះ​។​ករណី​ថ្មី​ៗ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​កោះ​ហៃណាន ​ខេត្ត ​Ningxia​ និង​ខេត្ត​ Shandong​ ផង​ដែរ​​។​

​យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​ប៉េកាំង​បាន​និយាយ​ថា ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ចិន​បាន​ចាក់​វ៉ាក់សាំង​ជាង​ ១,៦៥ ​ប៊ីលាន​ដូស​​ដល់​ប្រជាជន​របស់​ខ្លួន​ តែ​​មិន​ផ្តល់​តួលេខ​អំពី​ចំនួន​មនុស្ស​ដែលបាន​ទទួល​​វ៉ាក់សាំងពេ​ញ​លេញ​នោះទេ​៕

ហួន ឌីណា