កាលពីថ្ងៃអង្គារ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋញូវយ៉ក បានចេញសេចក្តីសង្ខេបលម្អិតពីការស៊ើបអង្កេតរបស់ខ្លួនចំពោះបទចោទប្រកាន់លើអភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo។ បន្ទាប់ពីសេចក្តីលម្អិតពីការស៊ើបអង្កេត នេះ ត្រូវបានផ្សាយដោយមានការអំពាវនាវឱ្យលោក Andrew Cuomo លាលែងពីតំណែង ហើយការអំពាវនេះរួមមានដោយលោកប្រធានាធិបតី ចូ បៃដិន ផងដែរនោះ។
តាមការរាយការណ៍របស់សារព័ត៌មាន DW អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក លោកស្រីLetitia Jamesបានឱ្យដឹងថា អ្នកស៊ើបអង្កេតបានរកឃើញថា អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo បានបៀតបៀនផ្លូវភេទទៅលើស្រ្តីចំនួន ១១ នាក់។ ទាក់ទងនឹងករណីចោទប្រកាន់ទៅលើលោក Cuomo ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «ខ្ញុំគិតថា លោកគួរតែលាលែងពីតំណែង» ។
តាមការផ្តល់សក្ខីកម្មរបស់ជំនួយការប្រតិបត្តិទី១ នាងបាននិយាយថា កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ លោក Cuomo បានសុំនាងថតរូបជាមួយគ្នានៅឯការិយាល័យ ដែលនៅគេហដ្ឋានផ្លូវការរបស់លោក។ នាងបានបន្តនិយាយថា អំឡុងពេលថតរូបនោះ លោកបានយកដៃរបស់លោកមកប៉ះកេរខ្មាសរបស់នាង។
ជនរងគ្រោះ និងមានងារជាជំនួយការប្រតិបត្តិទី១ នេះ បានផ្តល់សក្ខីកម្មថា នាងភ័យខ្លាចថា នាងអាចនឹង បាត់បង់ការងារប្រសិនបើនាងចែករំលែករឿងដែលកើតឡើងនេះ ហើយភ័យខ្លាចដំណឹងនេះ ដឹងឮទៅដល់បុគ្គលិក ជាន់ខ្ពស់។
នាងបាននិយាយថា៖ «របៀបដែលលោកមិនឱ្យ ខ្ញុំបង្ហាញរូបថតនោះទៅអ្នក ដទៃបានធ្វើឱ្យ ខ្ញុំមានភ័យ ខ្លាចថាប្រសិនបើខ្ញុំនិយាយពីរឿងដែលកើតឡើងនោះ ហើយប្រសិនបើStephanie Benton ឬ Melissa ដឹងឮ ពីរឿងនេះ ខ្ញុំប្រាកដជាបាត់បង់ការងារខ្ញុំហើយ»។
លោក Cuomo មានវ័យ ៦៣ ឆ្នាំ បដិសេធទៅលើការចោទប្រកាន់នេះ ហើយបាននិយាយថា លោកនឹងមិនចុះចេញពីតំណែងឡើយ។បន្ទាប់ពីការចេញផ្សាយរបាយការណ៍នោះ លោក Cuomoក៏បានធ្វើការបញ្ជាក់ពីភាពស្អាតស្អំរបស់លោកជាថ្មីម្តងទៀត ដោយលោកនិយាយថា លោកមិនដែលប៉ះពាល់នរណាម្នាក់ដោយមិនសមរម្យឡើយ ។
លោកបានបន្តនិយាយថា ការចោទប្រកាន់ទៅលើរូបលោក គឺត្រូវបានគេប្រឌិត ហើយការស៊ើបអង្កេតនេះ ត្រូវបានជំរុញបែបលក្ខណៈនយោបាយ និងភាពលម្អៀង។
តាមការស្រង់សម្តីរបស់សារព័ត៌មាន Associated Press លោក Cuomo បាននិយាយថា៖« សម្រាប់អ្នកដែលកំពុងប្រើពេលវេលានេះដើម្បីរកចំណេញផ្នែកនយោបាយ ឬផលប្រយោជន៍ផ្ទាល់ខ្លួន។ ខ្ញុំអាចនិយាយបានថា ពួកគេពិតជាធ្វើឱ្យខូចកិត្តិយសជនរងគ្រោះពីអំពើបៀតបៀនផ្លូវភេទដែលច្បាប់នេះ បង្កើតឡើងដើម្បីការពារពួកគេ» ។
អគ្គមេបញ្ជាការរដ្ឋញូវយ៉កលោកស្រី James បាននិយាយថា របាយការណ៍ស៊ើបអង្កេតនេះផ្អែកលើកិច្ចសម្ភាសន៍រយៈពេលជិត ៥ ខែ ដែលមេធាវីឯករាជ្យចំនួន ២ រូប បានធ្វើការជាមួយបុគ្គលចំនួន ១៧៩ នាក់ ដែលជាសមាជិកបុគ្គលិកនៅការិយាល័យរបស់លោក Cuomo ដែលអ្នកទាំងនោះរួមមាន មន្រ្តី ប៉ូលិសបុគ្គលិករដ្ឋ និងអ្នកផ្សេងទៀតដែលបានធ្វើការជា ១ រូបលោក ។
ទោះជាយ៉ាងណាក្ដី លោក Cuomo បានបដិសេធយ៉ាងដាច់ខាតចំពោះការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងទាក់ទងនឹងបញ្ហាដំណោះស្រាយរោគរាតត្បាតកូវីដ១៩ ក៏ដូចជាការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ផ្ទុយទៅវិញ លោកបានផ្តល់សញ្ញាថា លោកមានបំណងបន្តតំណែងរបស់លោកនៅអាណត្តិទី៤៕