
លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី (ឆ្វេង) និងសមភាគីសិង្ហបូរី លោក Vivian Balakrishnan ក្នុងអំឡុងជំនួបរបស់ពួកគេនៅសិង្ហបុរី។ AFP
លោកវ៉ាង យី ទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីក្រសួងការបរទេសចិន បន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ក្រោយមកប្រទេសវៀតណាម និងកម្ពុជា។ លោកមកដល់សិង្ហបុរីនៅថ្ងៃចន្ទ។
ក្រសួងការបរទេសសិង្ហបុរីបានឱ្យដឹងថា លោក វ៉ាង នឹងចូលជួបលោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee HsienLoong) លោកឧបនាយករដ្ឋមន្ត្រី ហេង ស្វ៊ីគៀត (HengSweeKeat) និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាក់គ្រីស្នាន (VivianBalakrishnan)។
កាលពីខែមីនាកន្លងទៅ លោក បាឡាក់គ្រីស្នាន បានធ្វើដំណើរទៅកាន់ទីក្រុងហ្វ៊ជាន ប្រទេសចិន ហើយបានទៅជួបជាមួយលោក វ៉ាង យី ដោយនៅកាលនោះរដ្ឋមន្ត្រីការបរទេសទាំង ២ រូប បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបើកឱ្យមានការធ្វើដំណើររវាងប្រទេសទាំង ២ ហើយក៏ដូចជានិយាយអំពីស្ថានភាពនៅមីយ៉ាន់ម៉ាផងដែរ។
លោក វ៉ាង យី ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីប៉ាស៊ីហ្វិកកាលពីសប្ដាហ៍មុនដោយចាប់ផ្ដើមដំបូង គឺវៀតណាម ក្រោយមកកម្ពុជាបន្ទាប់មកសិង្ហបុរី និងចុងក្រោយប្រទេសកូរ៉េខាងត្បូងមុនត្រឡប់មកស្រុកចិនវិញ៕
ហ៊ីម រដ្ឋា