អាជ្ញាធរនៃរដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានដឹកជញ្ជូនជំនួយនានាសម្រាប់ប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយរាប់បញ្ចូលទាំងវ៉ាក់សាំងផងដែរ ទៅកាន់ក្រុមជនជាតិភាគតិចនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានមូលដ្ឋាននៅក្បែរព្រំប្រទល់របស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ក្រុមជនជាតិទាំងនោះ ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP។
លោក NawBu អ្នកនាំពាក្យនៃកងទ័ពឯករាជ្យកាឈីន (KIA) បានលើកឡើងថាកងកម្លាំងប្រដាប់អាវុធ KIA បានចាក់វ៉ាក់សាំងរបស់ចិនឱ្យប្រជាពលរដ្ឋចំនួន ១ ម៉ឺននាក់ ហើយនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកក៏បានបន្ថែមថា ខាងបុគ្គលិកកាកបាទក្រហមចិន បានមកជួយក្រុមជនជាតិភាគតិចកាឈីននេះម្ដងម្កាលហើយក្រុមនេះក៏បានទទួលនូវអំណោយពីចិនមានដូចជា ម៉ាស់ និងទឹកលាងដៃផងដែរ។
ស្រដៀងគ្នានេះដែរគណបក្សវឌ្ឍនភាពរដ្ឋសាន (Shan State Progress Party) អះអាងថា ខ្លួនបានចាក់វ៉ាក់សាំងចិនឱ្យមនុស្សចំនួន១ពាន់នាក់ហើយ។ ក្រុមនេះបន្តថា កន្លងមកខ្លួនបានកុម្ម៉ង់វ៉ាក់សាំងពីចិនចំនួន ៥០ ម៉ឺនដូស។
ចំណែកឯកងទ័ពរំដោះជាតិតាអាង (Ta''ang National Liberation Army) វិញបានប្រាប់ AFP ថា ចិនសន្យានឹងផ្ដល់វ៉ាក់សាំងទៅដល់ខ្លួន។ នេះបើតាមការលើកឡើងរបស់លោក Tar Phone Kyaw។
យោងតាមសារព័ត៌មាន AFP នៅឯស្រុក Muse ដែលនៅជាប់ព្រំដែនចិនគេសង្កេតឃើញមានការសាងសង់មជ្ឈមណ្ឌលចត្តាឡីស័ក ដែលអាចផ្ទុកមនុស្សបាន ១ ពាន់នាក់។ពាណិជ្ជករដែលមានបំណងធ្វើជំនួញជាមួយចិនទំនងជាតម្រូវឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលនេះហើយ។ គេសង្កេតឃើញថា ពលរដ្ឋមីយ៉ាន់ម៉ាជាអ្នកសាងសង់តែសម្ភារនានាត្រូវបានផ្គត់ផ្គង់ដោយចិន៕
ហ៊ីម រដ្ឋា