​ប្រទេស​ចំនួន ១៣០ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាស​កល​មួយ​ស្តីពី​កំណែទម្រង់ពន្ធ​សាជីវកម្ម​ដែលមាន​គោលបំណង​លុបបំបាត់​ទីជម្រក​ពន្ធ ដោយ​នឹង​ជួយ​រក​ចំណូល​ជាង ១៥០ ប៊ី​លាន​ដុល្លារ ​ក្នុង ​១ ​ឆ្នាំ​បន្ថែមទៀត ​ពី​ក្រុមហ៊ុន​ពហុ​ជាតិ​។​

​ប្រទេស​ទាំងនេះ​ក៏​យល់ព្រម​ផងដែរ​ ចំពោះ​ការហាមឃាត់​រយៈពេល ​២ ​ឆ្នាំ ​លើ​ការដាក់​ពន្ធ​ថ្មី​លើ​ក្រុម​បច្ចេកវិទ្យា​ដូចជា​ Google និង Amazon ​ខណៈពេលដែល​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ​ព្យាយាម​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​សហរដ្ឋអាមេរិក​។​

​កិច្ចព្រមព្រៀង​ដែលជា​កំណែទម្រង់ពន្ធ​សាជីវកម្ម​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង​ ១ ​សតវត្សរ៍​ដែល​រៀបចំឡើងដោយ​អង្គការ​ដើម្បី​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD) នេះ​រួមបញ្ចូល​ទាំង​អត្រាពន្ធ​សាជីវកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​អប្បបរមា ១៥ ភាគរយ​ នៅ​ទូទាំង​ពិភពលោក​បូករួម​ទាំង​ច្បាប់​ថ្មី ​ដើម្បី​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ពហុ​ជាតិ​របស់​ពិភពលោក​ប្រកាស​ប្រាក់ចំណេញ​ និង​បង់ប្រាក់​បន្ថែម​នៅក្នុង​ប្រទេស​ដែល​ពួកគេ​ធ្វើ​អាជីវកម្ម​។​

​យោងតាម​អ្នក​ដែល​ស្និទ្ធ​នឹង​កិច្ចចរចា​នេះ ចំនួន​ប្រទេស​ដែល​ត្រៀមខ្លួន ​ដើម្បី​ចុះបញ្ជី​បាន​ប្រែប្រួល​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​មុន​ដោយ​ឥណ្ឌា​យល់ព្រម​ចុងក្រោយ​គេ​បង្អស់​ហើយ​មាន​ចិន​ និង​ប្រេ​ស៊ី​ល​ជា​ហត្ថលេខី​ដែល​ស្ទាក់​ស្ទើរនឹង​កិច្ចព្រមព្រៀង ហើយ​មានតែ​ស្រីលង្កា ប៉ា​គី​ស្ថាន​នី​ហ្សេ​រី​យ៉ា ​និង​កេ​ន​យ៉ា​ប៉ុណ្ណោះ​ដែល​បដិសេធ​វិញ​។​

​កិច្ចព្រមព្រៀង​នេះ ​គឺជា​ជ័យជម្នះ​មួយ​សម្រាប់​អង្គការ ​OECD ដែល​ព្យាយាម​ទប់ស្កាត់​ការចៀសវាង​ពន្ធ​សាជីវកម្ម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការចរចា​ដ៏​ស្មុគស្មាញ​។ លោក ​Mathias Cormann ​អគ្គលេខាធិការ​របស់​អង្គការ​និយាយថា​ កិច្ចព្រមព្រៀង នេះ​នឹង​ធ្វើឱ្យ​ប្រព័ន្ធ​ពន្ធ​សាជីវកម្ម​អន្តរជាតិ​មាន​យុត្តិធម៌​និង​ដំណើរ​ការល្អ​ជាង​មុន​។​

​កិច្ចព្រមព្រៀង​ដដែល​បានបញ្ចប់​ព័ត៌មាន​លម្អិត​ស្តីពី​ការចែករំលែក​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ​ធំៗ ដូច្នេះ​ពួកគេ​បង់ពន្ធ​បន្ថែម​នៅ​កន្លែង​ដែល​ពួកគេ​ធ្វើ​អាជីវកម្ម​។ ក្រុមហ៊ុន​ដែលមាន​ចំណូល​លើសពី ២០​ ប៊ី​លាន​ផោន ​នឹងត្រូវ​បែងចែក ២៥ ភាគរយ​ នៃ​ប្រាក់ចំណេញ​របស់​ពួកគេ​លើសពី ១០ ភាគរយ ​សម្រាប់​ប្រទេស​ដែល​ខ្លួន​ដំណើរការ​ដោយ​ផ្អែកលើ​ការលក់​របស់ខ្លួន​។ ប្រាក់ចំណេញ ១០ ភាគរយ​ នឹងត្រូវ​គណនា​ដោយ​ប្រើ​យន្តការ​ជា​មធ្យម​ដោយ​ផ្អែកលើ​ប្រាក់ចំណេញ​មុនពេល​បង់ពន្ធ​។​

​ប្រទេស​កំពុងអភិវឌ្ឍន៍​បាន​ត្អូញត្អែរ​អំពី​ការខ្វះ​ប្រាក់ចំណូល​ដែល​ខ្លួន​បាន​ពី​កិច្ចព្រមព្រៀង​ស្តីពី​ការបែងចែក​ប្រាក់ចំណេញ​ត្រឹមត្រូវ និង​សិទ្ធិ​បង់​​ពន្ធ​។ ​ប្រទេស​ទាំងនេះ​ចង្អុល​បង្ហាញថា បញ្ហា​នេះ​កាន់តែ​អាក្រក់​ទៅៗ​ដោយសារ​ការដក​ពន្ធ​សេវាកម្ម​ឌីជីថល ទោះបីជា​ការប៉ាន់ស្មានរ​បស់​ OECD បង្ហាញថា ពួកគេ​នឹង​ទទួលបាន​ក៏ដោយ​៕

​ហួន ឌី​ណា