មន្ត្រី​អាមេរិក​ជឿថា អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារដ្រូន​មួយ​កាលពី​សប្តាហ៍​មុន​ នៅ​មូលដ្ឋា​ន​យោធា al-Tanf នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី ជាទី​ដែល​កងទ័ព​អាមេរិក​ឈរជើង​។​

​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទថា អាមេរិក​ជឿថា អ៊ីរ៉ង់បានផ្តល់​ធនធាន និង​លើកទឹកចិត្ត​ដល់​ការ​វាយប្រហារ​នោះ ប៉ុន្តែថា ដ្រូន​ជា​ច្រើន​គ្រឿងមិនត្រូវ​បាន​បាញ់​ចេញពី​ប្រទេសអ៊ី​រ៉ង់​នោះទេ​។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារ​ព័ត៌មាន Associated Press​។​

​មន្ត្រី​បាន​និយាយថា យន្តហោះ​ដ្រូន​ទាំងនោះ គឺ​របស់អ៊ីរ៉ង់​ ហើយ​អ៊ី​រ៉ង់​ទំនងជាបាន​សម្រួល​ដល់​ការប្រើប្រាស់​របស់​ពួកគេ​ដោយបាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​លម្អិត​ដែល​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​ក្រុមមន្ត្រី​បាន​និយាយទៀតថា ពួកគេ​ជឿថា ការវាយប្រហារ​នោះ​ពាក់ព័ន្ធ​នឹង​យន្ត​ហោះដ្រូន​ចំនួន​ ៥ ​គ្រឿង ​ផ្ទុក​ដោយ​គ្រឿងផ្ទុះ ហើយ​ថា ពួកគេ​បាន​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ al-Tanf របស់​ទាហាន​អាមេរិក និង​ទីតាំង​ឈរជើង​របស់​កម្លាំង​ប្រឆាំង​ស៊ី​រី​។​

​មិនមាន​សេចក្តីរាយការណ៍​ថា មិនមាន​អ្នករងរបួស​ ឬ​ស្លាប់​ដោយ​​សារ​ការវាយប្រហារ​នោះទេ ប៉ុន្តែ​វា​កើតឡើង​នៅក្នុង​អំឡុងពេល​នៃ​ភាព​តានតឹង​កើនឡើង​រវាង អាមេរិក និងអ៊ី​រ៉ង់​។ រដ្ឋការ​របស់លោក ​ចូ បៃ​ដិ​ន ក្នុង​សប្តាហ៍​នេះ បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​អន្តរជាតិ ​ដើម្បី​ធ្វើឱ្យអ៊ី​រ៉ង់​ត្រឡប់​ទៅរក​កិច្ចព្រមព្រៀង​នុយ​​ក្លេ​អ៊ែរ​ឆ្នាំ ​២០១៥ ស្ថិតនៅ «​កន្លែង​សំខាន់​» ហើយ​ថា ការអត់ធ្មត់​របស់​អា​មេ​រិ​ក​កំពុង​ថយចុះ​បន្តិច​ម្តងៗ​។​

​កងទ័ព​អាមេរិក និង​ក្រុមចម្រុះ​នៅ​មូលដ្ឋានទ័ព ​al-Tanf ដើម្បី​បណ្តុះបណ្តាល​កងកម្លាំង​ស៊ី​រី​អំពី​ការ​ល្បាត ដើម្បី​ទប់ទល់​នឹង​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ិ​ស្លាម​។ មូលដ្ឋាន​នេះ​មាន​ទីតាំងនៅ​លើផ្លូវ​មួយ​ដែល​បម្រើ​ជា​ការតភ្ជាប់​ដ៏​សំខាន់​សម្រាប់​កងកម្លាំង​គាំទ្រ​ដោយ​អ៊ី​រ៉ង់ ពី​ទីក្រុង​តេ​អេ​រ៉ង់​ទៅកាន់​ប្រទេស​លី​បង់​ភាគខាងត្បូង និង​អ៊ី​ស្រា​អែល​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ លោក ច​ន ឃើ​រ​ប៊ី បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិតនៅពេលដែល​ត្រូវបាន​សួរ​អំពី​របាយការណ៍​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក​ ឃើ​រ​ប៊ី បាន​ហៅ​ការ​វាយ​ប្រហារ​នោះថា​ ជាការ​វាយប្រហារ​ដ៏​ស្មុគស្មាញ ត្រូវបាន​សម្រប​​សម្រួល និង​ដោយ​ចេតនា ហើយ​បាន​និយាយថា អាមេរិក​បានឃើញ​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​ពីមុន​ពី​ក្រុម​ជន​សកម្ម​​ប្រយុទ្ធ ​Shia​ ដែល​ត្រូវបាន​គាំទ្រ​ដោយអ៊ី​រ៉ង់​។ ប៉ុន្តែ​លោក​នឹងមិន​បញ្ជាក់​ឱ្យ​ជាក់លាក់​ទេ​ហើយ​បាន​និយាយថា លោក​មិនមាន​ព័ត៌មាន​ថ្មីៗ​អំពី​អាវុធ និង​គ្រាប់​ដែល​ត្រូវ​ប្រើ​ក្នុងការ​វាយប្រហារ​នោះទេ​។​

​លោក ឃើ​រ​ប៊ី ក៏បាន​បដិសេធ​មិន​និយាយ​ដែរ​ថា តើ​ទាហាន​ត្រូវបាន​ព្រមាន​មុនពេល​វាយប្រហារ ឬក៏​ថា ​តើ​អាមេរិក​មានបំណង​ធ្វើការ​ឆ្លើយតប​ដោយ​យោធា​ដែរ​ ឬ​យ៉ាងណា​?

​លោក​បាន​និយាយថា ការ​ការពារ និង​សន្តិសុខ​របស់​កងទ័ព​របស់​យើង​នៅ​បរទេស នៅតែ​ជា​ក្តីកង្វល់​ដ៏​សំខាន់​សម្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​។​

​លោក ឃើ​រ​ប៊ី បាន​និយាយទៀតថា ប្រសិនបើ​ត្រូវមាន​ការឆ្លើយតប​វា​នឹង​នៅពេល​វេលា​មួយ និង​ទីកន្លែង​មួយ និង​លក្ខណៈ​នៃ​ការ​​ជ្រើសរើស​របស់​យើង ហើយ​យើង​ប្រាកដជា នឹងមិន​ទាន់​ឈានដល់​ការសម្រេចចិត្ត​នៅឡើយ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រអ៊ី​រ៉ង់បាន​និយាយថា ការវាយប្រហារ ទៅលើ​មូលដ្ឋានទ័ព al-Tanf ត្រូវបាន​ធ្វើឡើង​ដោយ​សម្ព័ន្ធមិត្ត​របស់​ស៊ី​រី ដែលជា​ការ​សំដៅ​ជាក់​​ស្តែង​ចំពោះ​ក្រុម​ដែល​គាំទ្រ​ដោយអ៊ី​រ៉ង់ ក្នុងការ​សងសឹក​ទៅនឹង​ការ​​វាយប្រហារ របស់​អ៊ី​ស្រា​អែល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ជិត​ទីក្រុង​ប្រវត្តិសាស្ត្រ​ស៊ី​រី​បុរាណ ​Palmyra​។ អ៊ីស្រា​អែល​ត្រូវបាន​គេ​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​នេះ ប៉ុន្តែ​មន្ត្រី​អាមេរិក​និយាយថា យោធា​អាមេរិក​មិន​ជាប់​ពាក់ព័ន្ធ​ទេ​។​

​អាមេរិក​ផ្តល់ប្រាក់​ចំនួន ៣,៥ ពាន់​លាន​ដុល្លារ ​ក្នុង ​១ ​ឆ្នាំ ដើម្បី​ជួយ​ដល់​យោធា​របស់​អ៊ី​ស្រា​អែល​។ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែល​នៅ​ជិត​ទីក្រុង ​Palmyra បាន​បណ្តាលឱ្យ​ទាហាន​ស៊ី​រី​ម្នាក់ និង​យុទ្ធជន​គាំទ្រ​អ៊ី​រ៉ង់ ​៣ ​នាក់ស្លាប់​។ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំ​​មើល​សង្គ្រាម​ដែលមានមូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។​

​អ្នក​អាច​ពិចារណា​ថា ការ​វាយ​​ប្រហារ​ទៅលើ​មូលដ្ឋាន​ al-Tanf គឺជា​ការអនុវត្ត​ការសន្យា​ពីមុន​របស់​សម្ព័ន្ធមិត្ត​ស៊ី​រី​ក្នុង​ការសង​​សឹក​ទីក្រុង ​Palmyra​។ នេះ​បើ​យោងតាម​មន្ត្រី​ម្នាក់​ដែល​ហៅថា​សម្ព័ន្ធមិត្ត​តស៊ូ ​«Axis of Resistance» ជា​សម្ព័ន្ធមិត្ត​នយោបាយ​យោធា​ប្រឆាំង​លោកខាងលិច​ដែល​រួមមានអ៊ី​រ៉ង់ ស៊ី​រី ក្រុម​ហេស​បូ​ឡា​ហ៍ និង​ក្រុម​ផ្សេងទៀត​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ី​រី បា​សារ​-​អាសាដ​៕​