កាលពីថ្ងៃអង្គារ ទី ៩ វិច្ឆិកា ទីភ្នាក់ងារស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអាមេរិកបានរាយការណ៍ថា យ៉ាងហោចណាស់មានបុគ្គលចំនួន ១៣ នាក់ ជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបំពានច្បាប់ហាមឃាត់មិនឱ្យមន្ត្រីមុខងារសាធារណៈចូលរួមក្នុងយុទ្ធនាការនយោបាយ ដោយចោទប្រកាន់ពួកគេថា បានបង្កើត «ឧបករណ៍យុទ្ធនាការដែលផ្ដល់មូលនិធិដោយអ្នកបង់ពន្ធ» នៅក្នុងសេតវិមាន។
ក្នុងរបាយការណ៍កម្រាស់ ៦៥ ទំព័រ ចេញដោយខុទ្ទកាល័យរដ្ឋអាជ្ញាពិសេសអាមេរិក (OSC) បានលើកឡើងឧទាហរណ៍ករណីមួយចំនួនដែលទីប្រឹក្សារបស់លោក ត្រាំ បានប្រើប្រាស់អាជ្ញាធររបស់ពួកគេជាមន្ត្រីមុខងារសាធារណៈ ដើម្បីជួយគាំទ្រយុទ្ធនាការបោះឆ្នោតឆ្នាំ ២០២០ របស់លោក។ មន្ត្រីទាំងនេះរួមមានអតីតរដ្ឋមន្ត្រីការបរទេសលោក ម៉ៃ ប៉ុមប៉េអូ កូនប្រសារបស់លោក ត្រាំ គឺលោក យ៉ារេធ ឃូស្នើរ និងទីប្រឹក្សាជាន់ខ្ពស់លោកស្រី ខេលីអេន ខុនវ៉េ។
របាយការណ៍នេះ បានសន្និដ្ឋានថា មន្ត្រីរដ្ឋបាលលោកត្រាំមួយចំនួននេះ បានព្យាយាមប្រើប្រាស់អំណាចប្រតិបត្តិដែលពួកគេមាន ដើម្បីជួយឱ្យលោកត្រាំជាប់ឆ្នោតមួយអាណត្តិទៀត ហើយបានព្យាយាមកាត់បន្ថយអំណាចស៊ើបអង្កេតរបស់ OSC។
ខុទ្ទកាល័យរដ្ឋអាជ្ញាពិសេសអាមេរិក OSC លើកឡើងការដាក់វិន័យគឺ «មិនអាចទៅរួច» ទេ ដោយសារមន្ត្រីរដ្ឋបាលលោក ត្រាំ បានលាលែងពីតំណែងរួចទៅហើយ ប៉ុន្តែនិយាយថា ការចេញផ្សាយរបាយការណ៍នេះ គឺដើម្បីបង្ហាញពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ហើយដើម្បីទប់ស្កាត់ការរំលោភនៅពេលអនាគត។
យ៉ាងណាមិញ OSC គឺជាភ្នាក់ងារអធិការកិច្ចឯករាជ្យមួយក្នុងរដ្ឋាភិបាលអាមេរិក ដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតការរំលោភច្បាប់ស្ដីពីការទប់ស្កាត់សកម្មភាពនយោបាយគ្រោះថ្នាក់ ដែលច្បាប់នេះ បានហាមឃាត់មិនឱ្យមន្ត្រីមុខងារសាធារណៈទាំងអស់ចូលរួមក្នុងសកម្មភាពនយោបាយ ដោយមានករណីលើកលែងចំពោះតែប្រធានាធិបតី និងអនុប្រធានាធិបតីតែប៉ុណ្ណោះ។ របាយការណ៍នេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតដែលចាប់ផ្ដើមបន្ទាប់ពីលោកត្រាំសម្រេចចិត្តរៀបចំមហាសន្និបាតគណបក្សសាធារណរដ្ឋនៅសេតវិមាន៕