​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ចូ បៃ​ដិ​ន នឹង​ជួបគ្នា​ទ្វេភាគី​តាម​ប្រព័ន្ធ​វីដេអូ​ជា​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ ​បើ​គិត​តាម​ម៉ោង​នៅ​ប្រទេស​ចិន ​ឬនៅ​ល្ងាច​ថ្ងៃ​ចន្ទ បើ​គិត​តាម​ម៉ោង​សហរដ្ឋអាមេរិក​។​

​តាមពិតទៅ​ប្រធានាធិបតី​នៃ​មហាអំណាច​ទាំង​ ២ បាន​ជួប​ពិភាក្សាគ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ២ ​លើក​មកហើយ ដោយ​លើក​ទី​១ ​នៅ​ខែកុម្ភៈ និង​លើក​ទី​២ ​នៅ​ខែកញ្ញា​។ ជាមួយគ្នានេះដែរ​គេ​ក៏​សង្កេត​វត្តមាន​មេដឹកនាំ​ទាំង​ ២ ​នៅ​កញ្ចក់​ទូរទស្សន៍​កិច្ចប្រជុំ​ពហុភាគី​នានា​ដែរ​ដូចជា​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC)​ជាដើម​។​

​លោក​ ស៊ី ធ្លាប់​តែមាន​កាលវិភាគ​ទៅ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​ញឹកញាប់​ កាល​ពីមុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩ ​តែ​បន្ទាប់ពី​កូ​វីដ​ផ្ទុះ​មក​លោក​ខាន​ចេញពី​ស្រុក​ចិន​ជាង ​២ ​ឆ្នាំ​មកហើយ​។ ចំណែកឯ​លោក​ ចូ បៃ​ដិ​ន វិញ​តាំងពី​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​មក​លោក​បាន​ហោះហើរ​ទៅកាន់​អឺរ៉ុប​ហាក់បីដូចជា​ញឹកញាប់​ក្នុង​គោលបំណង​រឹត​ចំ​​ណង​ស្មារតី​សម្ព័ន្ធមិត្ត​របស់​សហរ​ដ្ឋ​អាមេរិក​។​

​ដើមឡើយ ថ្នាក់ដឹកនាំ​ត្រូវបាន​គេ​រំពឹងទុក​ថា អាច​នឹង​ជួបគ្នា​ដោយផ្ទាល់​ក្នុង​កិច្ចប្រជុំ​ក្រៅ​ឆាក​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០ ដែល​ហៅ​កាត់​ថា​ G-20 ដែល​ធ្វើឡើង​នៅ​ទីក្រុង​រ៉ូម ​ប្រទេស​អ៊ី​តា​លី ​ឬកិច្ចប្រជុំ​ប្រែប្រួល​អាកាសធាតុ​ COP26 ដែល​ធ្វើឡើង​នៅ​ស្កុ​ត​ឡេ​ន​កាលពីដើម​ខែវិច្ឆិកា​ នេះ​ជាដើម​។ យ៉ាងណាមិញ ការ​សម្រប​សម្រួល​ចុងក្រោយ មេដឹកនាំ​ទាំង​ ២ បានត្រឹមតែ​ជួបគ្នា​តាម​ប្រព័ន្ធ​វីដេអូ​ដដែល​។​

​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំង ​២ ​ត្រូវបាន​ប្រ​កាស​ជា​ផ្លូវការ​ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និង​ចិន​បាន​ទូរស័ព្ទ​ជួបគ្នា​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។​

​នៅពេល​នោះដែរ​ទាំង​ខាង​អាមេរិក និងខាង​ចិន​បានឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​រវាង​លោក បៃ​ដិ​ន និង​លោក ស៊ី​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក​បាន​ចុះផ្សាយ​ថា​៖ «​កិច្ច​ប្រជុំ​នេះ​ [​ប្រជុំ​រវាង​លោក បៃ​ដិ​ន និង​លោក ស៊ី​] ជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​ទាំង ​២ ​ពិភាក្សា​អំពី​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ការ​ប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន ខណៈពេលដែល​ស្វែងរក​វិស័យ​ណាមួយ ដែល​ប្រទេស​ទាំង ​២ មាន​ផលប្រយោជន៍​រួម​»​។​

​ចំណែក​ឯខាង​ចិន​វិញ​យល់ថា​ ពិភពលោក​នឹង​តាមដាន​ទៅលើ​កិច្ចប្រជុំ​នេះហើយ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំង ​២ ​មិន​ត្រឹមតែ​ផ្ដល់​ប្រ​យោជន៍​ទៅកាន់​អាមេរិក​ និង​ចិន​ទេ​ តែ​ថែម​ទាំង​ជា​វិភាគទាន​មួយ​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​ទៀតផង​។​

​យោងតាម​សារព័ត៌​មាននៃ​ភាគី​ទាំងសងខាង បាន​កត់សម្គាល់ថា ប្រធានបទ​ដែល​ប្រ​ធានា​ធិបតី​ទាំង ​២ ​នឹង​លើក​យកមក​ពិភាក្សា​មាន​ចាប់តាំងពី​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២​រហូតដល់​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដូចជា​រឿង​សមុទ្រ​ចិន​ខាងត្បូង​។ ​បញ្ហា​តៃវ៉ាន់​ក៏​នឹង​លើក​មក​និយាយ​ផងដែរ​។​

​ទោះបីជា​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការ បរទេស​នៃ​ប្រទេស​ទាំង ​២ និយាយ​ពាក្យ​ល្អៗ​ប្រកប​ជាមួយ​សុទិដ្ឋិនិយម ក៏​មន្ត្រី​រដ្ឋការ និង​អ្នកជំនាញ​មកពី​ប្រទេស​ទាំង ​២ ​មិនសូវ​សង្ឃឹមថា កិច្ចប្រជុំ​នេះ នឹង​ផ្ដល់​ជា​ផ្លែផ្កា​នោះទេ​។

​មន្ត្រីជាន់ខ្ពស់ ​១ ​រូប​ នៃ​រដ្ឋការ​លោក ចូ បៃ​ដិ​ន បានលើកឡើង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​៖ «​កិច្ចប្រជុំ​នេះ​មិនមែន​ប្រជុំ ដើម្បី​សម្រេច​លទ្ធផល​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CNBC​ របស់​អាមេរិក​។

«​ប្រជុំ​នេះ ជាការ​កំណត់​លក្ខខណ្ឌ​ក្នុងការ​​ប្រកួតប្រជែង [​រវាង​ចិន និង​អាមេរិក​] ប្រកប​​ដោយ​ប្រសិទ្ធភាព​ដែល​យើង [​សំដៅលើ​អាមេរិក​] អាចមាន​គោលជំហរ​ក្នុងការ​ការពារ​គុណ​តម្លៃ និង​ផលប្រយោជន៍​របស់​យើង​និង​សម្ព័ន្ធមិត្ត​របស់​យើង ក៏ដូចជា​ដៃគូ​នានា​»​។ នេះ​បើតាម​ការបន្ថែម​របស់​មន្ត្រី​រូបនោះ ហើយ​លោក​ក៏​បន្តថា ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​អាច​កំណត់​បាន នោះ​អាមេរិក និង​ចិន​អាច​រក្សា​ស្ថានភាព​បច្ចុប្បន្ន ដែលមាន​ការប្រកួតប្រជែង​នឹង​គ្នា​។

​ចំណែកឯ​សារព័ត៌មាន Global Times ​ដែលជា​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស ក្រោម​ការគ្រប់គ្រង​រប​ស់​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ចុះផ្សាយ​ថា បញ្ហា​តៃវ៉ាន់​នឹង​ជា​របៀបវារៈ​កំពូល​នៃ​ជំនួប​រវាង​លោក ស៊ី និង​លោក បៃ​ដិ​ន​។​

​ជាមួយគ្នានេះដែរ អ្នកវិភាគ​នៅក្នុង​សារ​​ព័ត៌មាន​នេះ​ក៏​យល់​ដូច​ខាង​អាមេរិក​ដែរ​ថា កិច្ចប្រជុំ​នេះ​នឹងមិន​ផ្ដល់​ជា​លទ្ធផល​ដុំកំភួន ឬក៏មាន​កុងសង់ស៊ីស​ត្រង់ចំណុច​ណាមួយ​ទេ តែ​ជំនួប​នេះ​ជាការ​បើកផ្លូវ​សម្រាប់​កិច្ច​​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ ២ ​នាពេល​អនាគត​៕

​ហ៊ីម រដ្ឋា​