ក្រុងប៉េកាំង: ទីក្រុងស៊ីអាន(Xi''an)នៃប្រទេសចិនចាប់ផ្តើមធ្វើតេស្តប្រជាពលរដ្ឋរាប់លាននាក់រកវីរុសកូរ៉ូណាកាលពីថ្ងៃអង្គារ បន្ទាប់ពីការរកឃើញករណីថ្មីនៃវីរុសប្រភេទនេះជាង៤០ករណីដែលបង្កឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលកាន់តែខ្លាំង។
យោងតាមតួលេខពីគណៈកម្មការសុខាភិបាលខេត្តXi''anនិងជាទីក្រុងប្រវត្តិសាស្ត្រភាគពាយព្យមានប្រជាជនប្រមាណ១៣លាននាក់រស់នៅ បានរាយការណ៍ពីករណីថ្មីចំនួន ៤២ ករណីកាលពីថ្ងៃអង្គារដែលនាំឱ្យចំនួនសរុបចាប់តាំងពីថ្ងៃទី៩ ខែធ្នូ កើនដល់ ៩១ ករណី។
អាជ្ញាធរក្រុងនេះ ក៏ចេញវិធានការបិទសាលារៀន និងកន្លែងកម្សាន្តក្នុងផ្ទះធំៗ ខណៈពេលដែលលើកទឹកចិត្តឱ្យអ្នកស្រុកចៀសវាងចេញដើរទៅក្រៅ និងការជួបជុំគ្នាជាក្រុមធំ។
ចិនទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩បានមួយកម្រិតចាប់ពីពាក់កណ្ដាលឆ្នាំមុននៅពេលដែលប្រទេសនេះចេញវិធានការរឹតបន្តឹងព្រំដែនបិទខ្ទប់តំបន់គោលដៅនិងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេលយូរ ក្នុងយុទ្ធនាការកូវីដ-សូន្យ។ ប៉ុន្តែឥឡូវ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងការរាលដាលក្នុងតំបន់នៅទីក្រុងជាច្រើនរួមទាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ៗនៅភាគខាងកើត និងភាគខាងត្បូង។
អាជ្ញាធរចិនកំពុងពុះពារទប់ស្កាត់ការរាលដាលឱ្យបានមុនពេលដ៏សំខាន់ដែលរដ្ឋធានីប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្នុងខែកុម្ភៈ ក៏ដូចជាការកើនឡើងនៃការធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំចិនខាងមុខ៕
ហួន ឌីណា