មន្ត្រីសហរដ្ឋអាមេរិក និងអារ៉ាប់រួមនិយាយថា ក្រុមសកម្មប្រយុទ្ធ Houthi របស់យេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលលើអេមីរ៉ាតអារ៉ាប់រួមកាលពីថ្ងៃចន្ទ ដោយកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក ប៉ុន្តែត្រូវបានស្ទាក់កម្ទេចដោយប្រព័ន្ធរ៉ាដាការពារ Patriot។
ការវាយប្រហារដែលបញ្ជូនទាហានអាមេរិកចូលទៅក្នុងលេណដ្ឋាន គឺជាលើកទី២ហើយលើអារ៉ាប់រួម។ កាលពីថ្ងៃទី១៧ខែមករា ក្រុមHouthis បានវាយប្រហារដោយដ្រូនលើស្ថានីយប្រេងឥន្ធនៈមួយក្នុងរាជធានីអាប៊ុយដាប៊ីដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់។
ក្រុម Houthis ដែលប្រយុទ្ធជាមួយក្រុមចម្រុះយោធាដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត រួមមានទាំងអារ៉ាប់រួមផងនោះនិយាយថាខ្លួនមានគោលបំណងដាក់ទណ្ឌកម្មប្រទេសឈូងសមុទ្រពែរ្សនេះ ចំពោះការគាំទ្រក្រុមជីវពលដែលកំពុងរារាំងការប៉ុនប៉ងរបស់ខ្លួនក្នុងការដណ្តើមយកតំបន់ផលិតប្រេងក្នុងប្រទេសយេម៉ែន។
រ៉យទ័រស្រង់សម្ដីអ្នកនាំពាក្យយោធា Houthi ដែលនិយាយថា ក្រុមបានបាញ់មីស៊ីលផ្លោង Zulfiqar ទៅមូលដ្ឋានអាកាស al-Dhafra ដែលកងកម្លាំងសហរដ្ឋអាមេរិកប្រើប្រាស់ និងគោលដៅរសើបផ្សេងទៀត។អ្នកនាំពាក្យដដែលនិយាយថា ខ្លួនក៏បានបាញ់ដ្រូនឆ្ពោះទៅទីក្រុងឌូបៃផងដែរ។លោកបន្តថា៖ «យើងណែនាំក្រុមហ៊ុនបរទេស និងអ្នកវិនិយោគនៅអេមីរ៉ាតអារ៉ាប់រួមឱ្យចាកចេញព្រោះប្រទេសនេះនឹងក្លាយទៅជាគ្មានសុវត្ថិភាព»។
ក្រសួងការបរទេសអារ៉ាប់រួមដែលជាផ្នែកមួយនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែរ្ស(GCC) ហៅការវាយប្រហារនេះថាជាការកើនឡើងឧក្រិដ្ឋកម្មហើយនិយាយថា ខ្លួនមានសិទ្ធិក្នុងការឆ្លើយតប។
ជាការវាយបកមួយលើការវាយប្រហារនៅរាជធានីអាប៊ុយដាប៊ី ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៧ នាក់ នៅក្នុងខេត្តSaada កាលពីថ្ងៃសុក្រ និងប្រហែល ២០ នាក់ នៅក្នុងរដ្ឋធានីសាណាដែលគ្រប់គ្រងដោយ Houthi កាលពីថ្ងៃអង្គារសប្ដាហ៍មុន៕
ហួន ឌីណា