រុស្ស៊ីដាក់នាវាដឹកឧស្ម័នធម្មជាតិ (LNG) ក្នុងសមុទ្របាល់ទិកនៅជិតតំបន់ Kaliningrad របស់ខ្លួន ក្នុងសកម្មភាពដ៏កម្រមួយដែលធ្វើឱ្យមានការសង្កេតលើរឿងនេះ ខណៈភាពតានតឹងនៅតាមបណ្ដោយព្រំដែនជាប់អ៊ុយក្រែនបានកើនឡើង។
តំបន់ Kaliningrad ដែលនៅដាច់ដោយឡែកពីរុស្ស៊ីដីគោក និងស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី ជាធម្មតាបង្ហូរចូលឧស្ម័នធម្មជាតិតាមបំពង់បង្ហូរពីក្រុមហ៊ុនឧស្ម័នយក្ស Gazprom ដែលគាំទ្រដោយរដ្ឋរុស្ស៊ី។
ប៉ុន្តែការតាមដានផ្កាយរណបបង្ហាញថា នាវាដឹកប្រេង Marshal Vasilevskiy LNG របស់ Gazprom ដែលត្រូវបានរចនាឡើងដើម្បីផ្គត់ផ្គង់ឧស្ម័នដោយផ្ទាល់ទៅ Kaliningrad បានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្របាល់ទិកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនាំឱ្យអ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មនេះសន្មតថា វាជាផ្នែកមួយនៃផែនការបន្ទាន់របស់ទីក្រុងម៉ូស្គូ ក្នុងព្រឹត្តិការណ៍ឈ្លានពានអ៊ុយក្រែន។
ក្រុមអ្នកវិភាគនិយាយថា ពួកគេជឿថា ទីក្រុងម៉ូស្គូអាចនឹងពង្រឹងជម្រើសផ្គត់ផ្គង់ឧស្ម័ននៅ Kaliningrad ក្នុងករណីដែលការលុកលុយរបស់រុស្ស៊ីចូលទៅក្នុងអ៊ុយក្រែននាំឱ្យមានការរំខាននៃការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរ ទាំងតាមរយៈការដាក់ទណ្ឌកម្មរបស់លោកខាងលិច ឬការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការរឹតបន្តឹងការផ្គត់ផ្គង់ទៅអឺរ៉ុប។
ក្រុមហ៊ុន Gazprom មិនធ្វើអត្ថាធិប្បាយយ៉ាងណាទេចំពោះករណីនេះ។ Marshal Vasilevskiy គឺជាប្រភេទនាវាផ្ទុកឧស្ម័នធម្មជាតិ ដែលអាចភ្ជាប់ដោយផ្ទាល់ទៅក្នុងបណ្តាញឧស្ម័នដោយមិនចាំបាច់មានស្ថានីយផ្ទេរឧស្ម័ននោះទេ។
យោងតាមគេហទំព័រ Gazprom បានឱ្យដឹងថា នាវាដឹកប្រេង គឺជាប្រភេទតែមួយគត់នៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៩ ដែលជាផ្នែកមួយនៃគម្រោងដែលត្រូវបានរចនាឡើង ដើម្បីពង្រឹង «សន្តិសុខថាមពលរបស់ Kaliningrad ដោយគិតគូរពីការកំណត់ភូមិសាស្ត្ររបស់វា»។ ប៉ុន្តែកប៉ាល់ដឹកប្រេងនេះត្រូវបានប្រើប្រាស់ជាចម្បងតាំងពីពេលនោះមកសម្រាប់ការនាំចេញធម្មតានៃឧស្ម័នធម្មជាតិជុំវិញពិភពលោក៕
ហួន ឌីណា