រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាមានគម្រប់ខួប ១ ឆ្នាំហើយ កាលពីថ្ងៃអង្គារកន្លងទៅ។ នៅក្នុងថ្ងៃនោះដែរប្រជាជននៅតាមទីក្រុងធំៗមួយចំនួនបានចូលរួម «កូដកម្មស្ងៀមស្ងាត់» ខណៈពេលដែលយោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ៦ ខែបន្តទៅទៀត។
សកម្មជនតវ៉ាប្រឆាំងនឹងរដ្ឋអំណាចយោធាបានអំពាវនាវឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះហើយរបររកស៊ីនានាឱ្យផ្អាក ១ ថ្ងៃ ដើម្បីបង្ហាញពីភាពស្ងៀមស្ងាត់ទុកជាការប្រឆាំងនឹងការដឹកនាំរបស់យោធា។ យ៉ាងណាមិញ សកម្មភាពនេះ ប្រឈមនឹងការចាប់ខ្លួន ឬការបិទអាជីវកម្មតែម្ដង។
ម្យ៉ាងទៀត គេក៏សង្កេតឃើញមានព្រឹត្តិការណ៍នានាបង្ហាញពីការគាំទ្រដល់ការដឹកនាំរបស់យោធាមីយ៉ាន់ម៉ាផងដែរ នៅតាមកន្លែងមួយចំនួនដូចជានៅរដ្ឋធានីណៃពិដោ។ ក្នុងព្រឹត្តិការណ៍នោះ មានសម្រែកជូនពរឱ្យលោក មីន អ៊ុងឡាំង ឱ្យមានសុខភាពល្អជាដើម។
អំឡុងពេលមានការជួបជុំក្នុងចំណោមក្រុមអ្នកគាំទ្រយោធានៅស្រុក Tachileik ដែលនៅជាប់ព្រំដែនថៃមានសាក្សីចំនួន ២ នាក់ បានអះអាងថា មានការបំផ្ទុះគ្រាប់បែកដែលបណ្ដាលឱ្យមនុស្ស ២ នាក់បានស្លាប់ និង ៣០ នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រតែមិនទាន់មានការបញ្ជាក់ឱ្យបានជាក់លាក់ពីភាគីពាក់ព័ន្ធណាមួយទេ៕
ហ៊ីម រដ្ឋា
វីដេអូ៖