សហភាព​អឺរ៉ុប​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ខ្លាំង​ជាង​អ្វីដែល​ខ្លួន​ធ្លាប់​ដាក់​ក្នុង​ឆ្នាំ​ ២០១៤ ប្រឆាំងនឹង​រុស្ស៊ី ដោយ​សង្ឃឹមថា អាវុធ​គ្មាន​ផ្សែង​នេះ នឹង​រារាំង​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ដែល​ត្រូវបាន​រាយការណ៍​ថា កំពុង​ប្រមូលផ្តុំ​កងទ័ព​ជាង ១ សែន​នាក់​នៅតាម​ព្រំដែន​ពី​ការ​​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​

​ប៉ុន្តែ​អ្នកវិភាគ​ថា សហភាព​អឺរ៉ុប​ប្រឈមមុខ​នឹង​ឧបសគ្គ​យ៉ាងខ្លាំង​នៅពេល​អនុវត្ត​ទណ្ឌកម្ម ដោយ​សូម្បីតែ​ពេល​ចាប់ផ្ដើម ប្លុក​នេះ​ក៏ត្រូវ​ការឯកភាព​ពីរ​ដ្ឋ​សមាជិក​ទាំង​ចំនួន​ ២៧​ ដែល​ភាគច្រើន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី​សិន​។ ​ម្យ៉ាងទៀត ប្លុក​នេះ​ក៏​រង​ការចោទប្រកាន់ថា​ មាន​ភាពរអាក់រអួល​នៅពេល​និយាយ​ពី​ការអនុវត្ត​កម្មវិធី​ដាក់ទណ្ឌកម្ម​ឱ្យបាន​ឆាប់រហ័ស​ដោយមាន​ទណ្ឌ​កម្ម​លើ​បេឡា​រុស​ជា​គំរូ​។

​អ្នកជំនាញ​មួយចំនួន​និ​យាយ​ថា ការពឹង​ពាក់​គ្នា​ទៅវិញទៅមក​នៃ​សេដ្ឋកិច្ច​រុស្ស៊ី និង​សហភាព​អឺរ៉ុប ធ្វើឱ្យ​ប្លុក​នេះ​មានការ​លំបាក​ក្នុងការ​ធ្វើបាប​សេដ្ឋកិច្ច​រុស្ស៊ី ដោយ​គ្មាន​ការ​​ឈឺចាប់​ខ្លួនឯង​។​

​អ្នកស្រី Anastasiya Shapochkina ​សាស្ត្រាចារ្យ​ភូមិសាស្ត្រ​នយោបាយ​នៅ​វិទ្យា​ស្ថាន Sciences Po និយាយថា​៖ «​សហភាព​អឺរ៉ុប​នឹង​ធ្វើឱ្យ​ខ្លួនឯង​ឈឺចាប់​ដោយសារ​ការ​​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ពីព្រោះ ក្រុមហ៊ុន​អឺរ៉ុប​ដូចជា​ក្រុមហ៊ុនសាំង Total ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ប្រើប្រាស់ Engie ក្រុមហ៊ុន​នុយក្លេអ៊ែរ Areva​ និង​ក្រុមហ៊ុន​ចំណីអាហារ Dan one ជាដើម​នោះ បាន​វិ​និយោគ​យ៉ាងច្រើន នៅក្នុង​ប្រទេស​រុស្ស៊ី​ អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​ពួក​​គេ​នឹងរង​ទុក្ខ​ប្រសិនបើ​ទំនាក់​ទំនង​ត្រូវបាន​កាត់ផ្តាច់​»​។

​យ៉ាងណាមិញ ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​និយាយថា ខ្លួន​មាន​សុទិដ្ឋិនិយម​ដោយ​ថា ក្រុម​រដ្ឋាភិបាល​របស់​ខ្លួន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​ទទួលយក​ផលវិបាក​ដែល​បណ្ដាលមកពី​ការដាក់ទណ្ឌកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​ថាមពល និង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​របស់ខ្លួន​លើ​រុស្ស៊ី​។​

​លោកស្រី ​Ursula von der Leyen ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​និយាយប្រាប់​កាសែត​ Financial Times កាលពី​សប្ដាហ៍​មុន​ថា​៖ «​យើង​ទាំង​អស់​គ្នា​សង្ឃឹមថា ទំនាក់ទំនង​ការទូត​នឹង​ទទួលបាន​ជោគ​​ជ័យ​។ ប៉ុន្តែ​យើង​ក៏​ដឹងផង​ដែរ​ថា យើង​ត្រៀមខ្លួន​រួចរាល់នៅពេលដែល​ត្រូវ​ប្រើ​កញ្ចប់​ទណ្ឌកម្ម​ដ៏​រឹងមាំ​នេះហើយ​»​។​

​លោក ​Edward Fishman មន្ត្រី​សិក្សា​ស្រាវជ្រាវ​នៅ​ម​ជ្ឈ​មណ្ឌល​សម្រាប់​សន្តិសុខ​អាមេរិក​ថ្មី​បាន​និយាយថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​ដែល​លោកខាងលិច​រក្សា​ការរួបរួម​របស់ខ្លួន​ក្នុងការ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​ប្រទេស​រុស្ស៊ី ហើយ​នោះ​មានន័យថា គ្រប់​សមាជិក​នៃ​សហភាព​អឺរ៉ុប​ត្រូវ​ឈរលើ​គោលដៅ​រួមមួយ​»​។

​លោក​បន្តថា​៖ «​ឥឡូវនេះ រាល់​សញ្ញា​ទាំង​អស់ពី​មេដឹកនាំ​អាមេរិក និង​អឺរ៉ុប ចង្អុល​ទៅ​កម្រិត​នៃ​ការ​ឯកភាពគ្នា​គួរឱ្យកត់សម្គាល់​លើ​កិច្ចខិតខំ​ប្រឹង​​ប្រែង​ដាក់ទណ្ឌកម្ម​»​។​

​ទន្ទឹម​ជាមួយគ្នា​នោះ អ្នក​​រិះគន់​និយាយថា គំរូ​មួយ​នៃ​ទណ្ឌកម្ម​ដែល​ប្លុក​អឺរ៉ុប​ធ្លាប់​ដាក់​លើ​រដ្ឋាភិបាល​បេឡា​រុស ​គឺ​បង្កប់​នូវ​ភាពទន់ខ្សោយ និង​ដែន​កំណត់​ជាច្រើន​របស់​ក្រប​​ខ័​ណ្ឌ​សហភាព​អឺរ៉ុប​។ ​ទណ្ឌកម្ម​ផ្សេងៗ​ទៅលើ​បេឡា​រុស​រួម​​ទាំង​លើ​វិស័យ​ហិរញ្ញវត្ថុ​ត្រូវបាន​ព្រមព្រៀងគ្នា​ជិត​ ១​ ឆ្នាំ បន្ទាប់ពី​លោក​ប្រធានាធិបតី​ Alexander Lukashenko ​ចាប់ផ្តើម​បង្ក្រាប​ក្រុមប្រឆាំង​។

​មន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់​និយាយ​ជា​អនាមិក​ប្រាប់​កាសែត ​Financial Times ថា​៖ «​វា​មិន​ងាយស្រួល​ទេ សម្រាប់​គណៈកម្មាការនៅពេលដែល​ពួកគេ​មាន​រដ្ឋ​ជា​សមាជិក​មើល​ពី​អំ​រែក​របស់ខ្លួន​ពេល​និយាយ​ពី​ការដាក់ទណ្ឌកម្ម​។ វា​ធ្វើឱ្យ​យឺត​​យ៉ាវ និង​ធ្វើឱ្យ​លទ្ធផល​ធ្លាក់ចុះ​។ លទ្ធផល​មិនមែនជា​ភាគបែង​រួម​ខ្ពស់បំផុត​ទេ ប៉ុន្តែ​ជា​កម្រិត​ទាប​បំផុត​នៃ​អ្វីដែល​រដ្ឋ​សមាជិក អាចធ្វើ​បាន​»​។​

​គណៈកម្មការ​ប្លុក​ការពារ​ការ​​ដាក់ទណ្ឌកម្ម​ជាច្រើន​ជុំ​លើ​បេឡា​រុស ​ដោយ​ទទូចថា​វា​អាច​ឡើង ឬ​ចុះក្រោម​អាស្រ័យ​លើ​អាកប្បកិរិយា​របស់​រដ្ឋា​ភិ​បាល​ក្រុង​មីន​ស្ក៍​។ ​ប៉ុន្តែ​មាន​សំណួរ​ស្រដៀង​គ្នា​នេះ​ ជុំវិញ​ប្រសិទ្ធ​ភាព​នៃ​ទណ្ឌកម្ម​ឆ្នាំ ​២០១៤ របស់​សហរដ្ឋអាមេរិក និងសហភាព​អឺរ៉ុប​លើ​រុស្ស៊ី​។​

​ការដាក់ទណ្ឌកម្ម​នាពេល​នោះ​រួម​មានការ​រឹតបន្តឹង​លើ​ក្រុមហ៊ុន និង​បុគ្គល​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ក៏ដូចជា​វិធាន​ការទាក់ទង​នឹង​វិស័យ​ការពារជាតិ ថាមពល និង​ហិរញ្ញវត្ថុ​។ ​ប៉ុន្តែ​ខណៈដែល​អ្នកការទូត​លោកខាងលិច​មួយចំនួន​ជឿថា ទណ្ឌកម្ម​នោះ​ធ្វើឱ្យ​លោក Putin ​មិន​ពង្រីក​ខ្លួន​នៅ​តំបន់ ​Donbas របស់​អ៊ុយ​ក្រែ​ន​ដែល​ក្រុម​ផ្ដាច់ខ្លួន​រឹបអូស វា​នៅតែ​បរាជ័យ​ក្នុង​ការបង្ខំ​រុស្ស៊ី​ចេញពី​តំបន់​គ្រី​មា ដែល​រុស្ស៊ី​រាប់​ចូល​ថា ​ជា​ទឹកដី​ខ្លួន​។​

​ម្យ៉ាងវិញទៀត ទណ្ឌកម្ម​ឆ្នាំ​ ២០១៤ ក៏​មិនសូវ​ជាមាន​ឥទ្ធិពល​លើ​កំណើនសេដ្ឋកិច្ច​របស់​រុស្ស៊ី​។​យោងតាម​របាយ​ការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF) ​ក្នុង​ឆ្នាំ ​២០១៩ កំណើន​ប្រចាំឆ្នាំ​របស់​រុស្ស៊ី​ពី​ឆ្នាំ ​២០១៤ ដល់​ឆ្នាំ ​២០១៨ ធ្លាក់ចុះ​តិចជាង​ការរំពឹងទុក​មុន​ចំនួន ​០,២ ភាគរយ​ប៉ុណ្ណោះ​។​

​ទោះបីយ៉ាងណា ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​និយាយថា ភាព​​ខុសគ្នា​ដ៏​សំខាន់​រវាង​ផែនការ​ទណ្ឌកម្ម​បច្ចុប្បន្ន និង​ឆ្នាំ ​២០១៤ គឺ​ការងារ​លម្អិត​រវាង​សម្ព័ន្ធមិត្ត​ដែល​ធ្វើ​ទាន់ពេល និង​សកម្ម ដោយ​សង្ឃឹមថា វា​នឹង​រារាំង​លោក​ Putin ​ពី​ការធ្វើ​សកម្ម​ភាព​អរិភាព​នៅ​អ៊ុយ​ក្រែ​ន​។​

​ការពិភាក្សា​បែប​ស៊ីជម្រៅ មួយ​រវាង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ឥឡូវនេះ​បាន​ដំណើរការ​អស់​រយៈពេល​ ៣ ​ខែ​មកហើយ​។ អ្នកបង្កើត​គោល​​នយោបាយ​ទាំងសងខាង​សង្កត់ធ្ងន់ថា គោលដៅ​ គឺ​មិនមែន​ដើម្បី​រក​ទណ្ឌកម្ម​ដូចគ្នា​ប្រឆាំងនឹង​រុស្ស៊ី​នោះទេ ប៉ុន្តែ​ដើម្បី​បង្កើត​វិធីសាស្ត្រ​សម្របសម្រួល ផ្ទុយទៅនឹង​ព្រឹត្តិការណ៍​ដ៏​ច្របូក​​ច្របល់​របស់​រដ្ឋបាល​ Trump ដែល​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាលុយមីញ៉ូម​យក្ស​ Rusal ក្នុង ​២០១៨ ដោយ​មិន​ពិគ្រោះ​ជាមួយ​សម្ព័ន្ធមិត្ត​។​

​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នឹង​គ្រប​ដណ្តប់​លើ​ថាមពល ធនាគារ ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់ និង​ឥស្សរជន​នយោបាយ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​មួយ​លោក​ Putin ដោយ​ក្រុម​​លោកខាងលិច​មាន​ឆន្ទៈ​ធ្វើឱ្យ​ធនាគារ​រុស្ស៊ី​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​កាលពី​ឆ្នាំ ​២០១៤​។ អ្នកការទូត​លោកខាងលិច​និយាយថា ក្រុមហ៊ុន​ Sberbank ​ក្រុមហ៊ុន VTB​ ក្រុមហ៊ុន ​Gazprombank ​ក្រុមហ៊ុន​ Alfa-Bank និង​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី​ទាំងអស់ កំពុង​ស្ថិតនៅក្រោម​ការពិចារណា​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​ស្ថាប័នហិរញ្ញវត្ថុ​ធំ​បំផុត​របស់​រុស្ស៊ី​នាពេលនេះ​៕

​ហួន ឌី​ណា​

វីដេអូ៖