ក្រុមសកម្មជន និងអ្នកវិភាគនិយាយថា ការអំពាវនាវឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកកាន់សាសនាអ៊ិស្លាមពីសំណាក់ក្រុមជ្រុលនិយមនៃសាសនិកហិណ្ឌូនៅក្នុងប្រទេសឥណ្ឌា កាន់តែរីកខ្លាំងទៅៗ ខណៈដែលអ្នកនយោបាយធំៗនៅស្ងៀមមិនអើពើ។
កាលពីពាក់កណ្ដាលខែមករា អាជ្ញាធរឥណ្ឌាចាប់ខ្លួនសង្ឃហិណ្ឌូ ១ អង្គ គឺ Yati Narsinghanand Giri ដោយចោទប្រកាន់ពីបទញុះញង់ឱ្យមានអំពើហិង្សាសាសនាលើពួកមូស្លីម ដែលជាក្រុមកាន់សាសនាភាគតិចក្នុងប្រទេស។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីសង្ឃអង្គនេះ និងមេដឹកនាំសាសនាផ្សេងទៀត អំពាវនាវឱ្យអ្នកដើរតាមដែលជាសាសនិកហិណ្ឌូដូចគ្នា កាន់អាវុធ ហើយសម្លាប់ពួកមូស្លីមឱ្យរង្គាលកាលពីចុងឆ្នាំមុន។
ប៉ុន្តែក្រោយការអំពាវនាវដែលពោរពេញដោយការស្អប់ផ្ទុះការចែកចាយលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi) និងមេដឹកនាំកំពូលរបស់លោកបានរក្សាភាពស្ងៀមស្ងាត់ លើកលែងតែមន្ត្រីម្នាក់ប៉ុណ្ណោះ ដែលព្រមានថា «ញុះញង់ប្រជាជនឱ្យប្រឆាំងនឹងគ្នាទៅវិញទៅមក គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងជាតិ» ប៉ុន្តែមិនបញ្ជាក់ក្រុមណាជាក់លាក់នោះទេ។
លោក Rohinton Fali Nariman ចៅក្រមតុលាការកំពូលឥណ្ឌាដែលទើបចូលនិវត្តន៍ថ្មីៗនេះ និយាយនៅក្នុងបាឋកថាជាសាធារណៈថា៖ «មានការបណ្ដុះពាក្យស្អប់ខ្ពើមអំពាវនាវឱ្យមានអំពើប្រល័យពូជសាសន៍នៃក្រុមទាំងមូល ប៉ុន្តែយើងឃើញមានការស្ទាក់ស្ទើររបស់អាជ្ញាធរក្នុងការឃាត់មនុស្សទាំងនេះ»។ លោកបន្តថា៖ «ជាអកុសលមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃគណបក្សកាន់អំណាចមិនត្រឹមតែនៅស្ងៀមចំពោះពាក្យសម្តីស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែស្ទើរតែគាំទ្រវាទៀតផង»។
ថ្លែងការពារលោក Narsinghanand មេធាវីរបស់សង្ឃអង្គនេះ គឺលោក Uttam Singh Chauhan និយាយថា សុន្ទរកថារបស់លោក Narsinghanand ប្រហែលជាការប្រតិកម្មទៅនឹងការអត្ថាធិប្បាយប្រឆាំងនឹងហិណ្ឌូរបស់សាសនិកមូស្លីម។
ភាសាស្អប់ខ្ពើម កំពុងបង្កភាពតានតឹងក្នុងសហគមន៍របស់ឥណ្ឌា នៅពេលដែលរបៀបវារៈរបស់សង្ឃហិណ្ឌូ ធ្វើឱ្យមានក្រុមអ្នកដើរតាមជ្រុលនិយមដែលធ្វើការកាត់ទោសមនុស្សក្រៅប្រព័ន្ធច្បាប់ កាន់តែពុះកញ្ជ្រោលឡើង។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ អង្គការសិទ្ធិមនុស្សសកល និងសកម្មជនក្នុងស្រុក ក៏ដូចជាប្រធានសន្តិសុខចូលនិវត្តន៍របស់ប្រទេសឥណ្ឌាព្រមានថា វោហាស័ព្ទហិង្សាឈានដល់កម្រិតមួយដ៏គ្រោះថ្នាក់។ ខណៈដែលសារសម្អប់របស់ក្រុមស្តាំនិយមហិណ្ឌូរីករាលដាលយ៉ាងឆាប់រហ័សលើបណ្ដាញសង្គមហើយរដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការចាត់វិធានការអ្នកទាំងនេះបារម្ភថា វិវាទក្នុងតំបន់អាចនាំឱ្យរីករាលដាលនៃអំពើហិង្សាដែលពិបាកនឹងទប់ស្កាត់។
កាលពីពាក់កណ្ដាលខែមករា លោក Gregory Stanton ស្ថាបនិកនៃអង្គការឃ្លាំមើលការប្រល័យពូជសាសន៍ដែលធ្លាប់ព្រមានទុកមុនពីការសម្លាប់រង្គាលនៅរ្វ៉ាន់ដា ដែលកើតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៩០ បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយរបស់សភាអាមេរិកថា ស្ថានភាពបច្ចុប្បន្នក្នុងប្រទេសឥណ្ឌា កំពុងតែវិវឌ្ឍទៅរកការប្រល័យពូជសាសន៍លើពួកមូស្លីមដែលនឹងកើតឡើង។
លោក Stanton និយាយថា មីយ៉ាន់ម៉ាគឺជាឧទាហរណ៍មួយអំពីរបៀបដែលការផ្សព្វផ្សាយព័ត៌មានមិនពិត និងសារស្អប់ខ្ពើមលើបណ្ដាញសង្គម ក្លាយជាមូល-ដ្ឋានសម្រាប់អំពើហិង្សាហើយភាពខុសគ្នានៅក្នុងប្រទេសឥណ្ឌាគឺថា វានឹងមានក្រុមជនកំណាចធ្វើសកម្មភាពជំនួសឱ្យពួកយោធា។លោកនិយាយថា៖ «អ្នកត្រូវតែបញ្ឈប់វាឥឡូវនេះព្រោះពេលដែលវាធ្លាក់ទៅក្នុងកណ្ដាប់ដៃហ្វូងមនុស្ស ការស្លាប់ដ៏សាហាវនឹងកើតឡើង»។
យ៉ាងណាមិញលោក Syed Zafar Islam អ្នកនាំពាក្យគណបក្សកំពុងកាន់អំណាច Bharatiya Janata Party (BJP) ច្រានចោលការលើកឡើងបែបនេះដោយនិយាយថា៖ «មិនមានរឿងបែបនេះនោះទេ»។ លោកនិយាយនៅពេលនោះថា៖ «ចំណាប់អារម្មណ៍ដែលពួកគេបានបង្កើតឡើងនោះ គឺមិនត្រឹមត្រូវទេ។ មានករណីនៃការវាយលុកគ្នាទៅវិញទៅមកលើហេតុផលដូចជាជម្លោះទ្រព្យសម្បត្តិ ឬវិវាទផ្សេងៗទៀត។ រឿងទាំងនេះមិនត្រឹមតែកើតឡើងរវាងហិណ្ឌូ និងមូស្លីមប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមាន ក្នុងចំណោមអ្នកកាន់សាសនាហិណ្ឌូដូចគ្នាផងដែរ»។
នៅពេលកាន់តំណែងជាអភិបាលរដ្ឋ Gujarat លោក Modi ឃើញផ្ទាល់ភ្នែកពីរបៀបដែលភាពតានតឹងសហគមន៍ ប្រែក្លាយជាការបង្ហូរឈាម។ ក្នុងឆ្នាំ ២០០២ រថភ្លើងមួយបានឆេះ និងសម្លាប់អ្នកធ្វើធម្មយាត្រាហិណ្ឌូ ៥៩ នាក់។ ទោះបីជាមូលហេតុនៃការឆេះមានភាពចម្រូងចម្រាសក្ដីកំហឹងមហាជនដែលដាក់គោលដៅលើពួកមូស្លីមផ្ទុះឡើងរហូតសម្លាប់មនុស្សជាង ១ ០០០ នាក់ ដោយអ្នកខ្លះត្រូវបានគេដុតទាំងរស់។ អង្គការសិទ្ធិមនុស្ស និងមេដឹកនាំបក្សប្រឆាំងចោទលោក Modi ថា មើលរំលងពីបញ្ហា ប៉ុន្តែត្រូវបានលោកច្រានចោលថា ជាការចោទប្រកាន់នយោបាយ។
កាលពីឆ្នាំ ២០១៧ លោក Modi តែងតាំងលោក Yogi Adityanath សង្ឃហិណ្ឌូដែលបង្កើតក្រុមពួកមនុស្សកាត់ទោសមនុស្សក្រៅច្បាប់ដោយប្រើជំនឿសាសនាឱ្យដឹកនាំរដ្ឋ Uttar Pradesh។ លោក Adityanath បានបង្កើតច្បាប់ហាមប្រាមលើការប្រែចិត្តជឿសាសនាដោយអាពាហ៍ពិពាហ៍ដូចជាបុរសមូស្លីមទាញស្ត្រីហិណ្ឌូឱ្យប្ដូរសាសនាក្រោយរៀបការ។ ក្រុមរបស់លោក Adityanath បានបម្រើការជាប៉ូលិសសីលធម៌ ចាប់គូស្វាមីភរិយាអន្តរជំនឿ និងដាក់ទណ្ឌកម្មជនណាដែលសង្ស័យថា មិនគោរពសត្វគោជាដើម។
លោក Dhirendra K. Jha អ្នកនិពន្ធដែលសិក្សាពីការងើបឡើងនៃលទ្ធិជាតិនិយមហិណ្ឌូនិយាយថា លោកព្រួយបារម្ភថា បច្ចុប្បន្ននេះពួកជ្រុលនិយមគ្រប់គ្រងនយោបាយរបស់ឥណ្ឌាតាមរបៀបដែលអ្នកអំពាវនាវឱ្យមានអំពើហិង្សាបែរជាមានអារម្មណ៍ថាត្រូវបានការពារ។ លោក Jha និយាយថា៖ «លុះត្រាតែរឿងនេះត្រូវបានដោះស្រាយប្រភេទនៃផលវិបាកអាចនឹងកើតឡើងដែលខ្ញុំមិននឹកស្មានដល់ ហើយខ្ញុំក៏មិនហ៊ានស្រមៃដែរ»។
យ៉ាងណាមិញ លោក Pradeep Jha ដែលជាអ្នករៀបចំដ៏សំខាន់នៃពិធីបុណ្យធម្មយាត្រាដ៏ធំបំផុតរបស់ទីក្រុងហិណ្ឌូ Haridwar និយាយថា លោកបានចែករំលែកទស្សនវិស័យនៃរដ្ឋហិណ្ឌូ មិនមែនតាមរយៈអំពើហិង្សាទេ ប៉ុន្តែដោយការជំរុញឱ្យអ្នកកាន់សាសនាអ៊ិស្លាមឥណ្ឌា ប្តូរជំនឿត្រឡប់មកវិញ។លោកនិយាយថា៖«ខ្ញុំជឿថា យើងត្រូវតែធ្វើតាមគោលដៅរបស់យើងដោយភាពអត់ធ្មត់ដោយសន្តិភាព។ បើមិនដូច្នេះទេ តើអ្វីជាភាពខុសគ្នារបស់យើងជាមួយអ្នកដទៃ?»៕
ហួន ឌីណា