
លោក ចូ បៃដិន ថ្លែងអំពីរុស្ស៊ី និងអ៊ុយក្រែននៅសេតវិមាន កាលពីថ្ងៃទី ១៥ កុម្ភៈ។ រូបថត AFP
លោក ចូ បៃដិន បាននិយាយថា នៅមាន «កន្លែងច្រើនសម្រាប់ការទូត» ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដោយការលើកឡើងបែបនេះជំរុញក្ដីសង្ឃឹមថា នៅមានពេលវេលាសម្រាប់កិច្ចពិភាក្សា ដែលនឹងនាំឱ្យរុស្សុីដកថយទាហានជិតព្រំដែនអ៊ុយក្រែន។
ក្នុងការថ្លែងសុន្ទរកថាកាលពីថ្ងៃអង្គារ ទី ១៥ កុម្ភៈ ពីសេតវិមាន លោក បៃដិន បាននិយាយថា រុស្ស៊ីបានប្រមូលផ្ដុំទាហានប្រមាណ ១៥០ ០០០ នាក់ នៅព្រំដែនជាមួយប្រទេសអ៊ុយក្រែន ហើយនៅតែឈរជើង «នៅកន្លែងបង្កការគំរាមកំហែង» ដោយការវាយប្រហារនៅតែអាចកើតឡើង។ បើទោះជាយ៉ាងនេះក៏ដោយលោក បៃដិន បានចៀងវាងការប្រើប្រាស់ល្បះ «ការវាយប្រហារនឹងកើតឡើងឆាប់ៗនេះ» ដូចដែលមន្ត្រីអាមេរិកដទៃទៀតបានប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក បៃដិន បាននិយាយថា «យើងគួរតែផ្ដល់ឱកាសគ្រប់បែបយ៉ាង ដើម្បីឱ្យមធ្យោបាយការទូតជោគជ័យ» ហើយខ្ញុំជឿថា មានវិធីពិតប្រាកដក្នុងការដោះស្រាយកង្វល់សុវត្ថិភាពរៀងៗខ្លួន»។
លោកនិយាយថា សហរដ្ឋអាមេរិកនៅមិនទាន់អាចបញ្ជាក់បានទេថា រុស្ស៊ីកំពុងដកទាហានទៅមូលដ្ឋានពួកគេវិញ ដូចដែលក្រុងមូ៉ស្គូបានប្រកាសកាលពីដើមខែនោះ។
ការថ្លែងសុន្ទរកថារបស់លោក បៃដិន ធ្វើឡើងនៅការបញ្ចប់នៃថ្ងៃមួយដែលពោរពេញទៅដោយសកម្មភាពការទូតដ៏មមាញឹក ដើម្បីកាត់បន្ថយភាពតានតឹងដែលអាចឈានដល់ការផ្ទុះសង្គ្រាម។
បន្ទាប់ពីជំនួបពិភាក្សាជា ៣ ម៉ោង ជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការប្រកាសថា ក្រុងមូ៉ស្គូនឹងចាប់ផ្ដើមដកទាហានមួយចំនួនចេញពីតំបន់ព្រំដែនជាមួយអ៊ុយក្រែន ដើម្បីបើក «កិច្ចសន្ទនា» ជាមួយលោកខាងលិច ខណៈពេលដែលសម្ពាធយោធាសឹងតែនៅដដែល។
លោក ពូទីន និយាយថា លោកយល់ព្រមធ្វើការពិភាក្សាលើការគ្រប់គ្រងមីស៊ីលនុយក្លេអ៊ែរចម្ងាយមធ្យម និងវិធានការពង្រឹងការទុកចិត្តជាមួយអាមេរិក និងណាតូ ប្រសិនបើពួកគេយល់ព្រមដោះស្រាយការព្រួយបារម្ភសន្តិសុខរបស់រុស្ស៊ី៕
វីដេអូ៖