អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល គឺជាមេដឹកនាំលោកខាងលិចចុងក្រោយគេដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុងម៉ូស្គូ ដើម្បីស្វែងរកមធ្យោបាយដើម្បីជួយកាត់បន្ថយភាពតានតឹងរវាងក្រុងម៉ូស្គូ និងក្រុងកៀវ ដោយក្នុងចំណោមមធ្យោបាយមួយចំនួននៃកិច្ចពិភាក្សារួមមានកិច្ចព្រមព្រៀងឈប់បាញ់ចំនួន ២ ដែលបានធ្វើឡើងកាលពី ៧ ឆ្នាំមុន។
កិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ទី១ (២០១៤) និងទី២ (២០១៥) គឺជាកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានសម្របសម្រួលដោយប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ដើម្បីចាប់ផ្ដើមដំណើរការសន្តិភាពរវាងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមប្រដាប់អាវុធផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងសង្គ្រាមផ្ដាច់ខ្លួននៅតំបន់ដុនបាស ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ថ្មីៗនេះកិច្ចព្រមព្រៀងទាំង ២ ត្រូវបានគេគាំទ្រជាមធ្យោបាយមួយ ដើម្បីចៀសវាងជម្លោះថ្មីមួយនៅអឺរ៉ុប។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ជួបជាមួយលោក សូល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បាននិយាយថា កិច្ចព្រមព្រៀងទាំង ២ នេះ គួរតែជា «មូលដ្ឋាន» សម្រាប់ការស្វែងរកដំណោះស្រាយចំពោះភាពតានតឹងបច្ចុប្បន្ន។
លោក ពូទីន បានបន្ទរការលើកឡើងរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដែលកាលពីសប្ដាហ៍មុន បានជួបលោកពូទីននៅក្រុងម៉ូស្គូ ហើយនិយាយថា កិច្ចព្រមព្រៀងទាំង ២ នេះ គឺ «មធ្យោបាយតែ ១ គត់» ក្នុងការកសាងសន្តិភាព។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អានតូនី ប្ល៊ីនកែន បាននិយាយថាសហរដ្ឋអាមេរិក និងអ៊ុយក្រែនបាន «រួបរួម» ក្នុងការគាំទ្រកិច្ចព្រមព្រៀងទាំង ២ ជាមធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅមុខ។
តែយ៉ាងណាមិញការពិភាក្សាទាំងនេះរវាងរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង ដែលគេហៅថា ទម្រង់នរម៉ង់ឌី (Normandy Format) គឺកំពុងជាប់គាំង។ អ្នកវិភាគមួយចំនួននិយាយថា ឥឡូវនេះអ៊ុយក្រែនបានគិតថា កិច្ចព្រមព្រៀងទាំង ២ គឺបានសរសេរក្នុងស្ថានភាពបង្ខំ ហើយបន្ថែមពីលើនេះទៀត ក្រុងកៀវ និងក្រុងមូ៉ស្គូមានការយល់ដឹងខុសគ្នាអំពីកិច្ចព្រមព្រៀងនេះ។ ក្រុងកៀវចាត់ទុកកិច្ចព្រមព្រៀងទាំងនេះជាមធ្យោបាយ ដើម្បីស្ដារបូរណភាពទឹកដីរបស់ពួកគេ រីឯក្រុងមូ៉ស្គូ បានចាត់ទុកកិច្ចព្រមព្រៀងទាំងនេះថា ជាមធ្យោបាយដើម្បីកាត់បន្ថយឥទ្ធិពលលោកខាងលិចលើប្រទេសអ៊ុយក្រែនទៅវិញ។
ប្រទេសអ៊ុយក្រែន លើកឡើងថា ខ្លួនត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង បន្ទាប់ពីកងកម្លាំងរុស្ស៊ី ធ្វើអន្តរាគមន៍ក្នុងសង្គ្រាមផ្ដាច់ខ្លួននៅតំបន់ដុនបាសនៅឆ្នាំ ២០១៤ និង២០១៥ ដែលបង្កការបាត់បង់ជីវិត និងការខាតបង់យ៉ាងធ្ងន់ធ្ងរដល់យោធាអ៊ុយក្រែន។ តែរុស្ស៊ី បានច្រានចោលថា ខ្លួនមិនបានពាក់ព័ន្ធនឹងសង្គ្រាម នៅដុនបាសនោះទេ។
ចុះនៅឆ្នាំ ២០១៤ ប្រមាណ ៦ ខែបន្ទាប់ពីរុស្ស៊ី កាត់យកឧបទ្វីបគ្រីមា កិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ទី១ គឺជាកិច្ចព្រមព្រៀងឈប់បាញ់ ១២ ចំណុច ដែលត្រូវបានរំលោភស្ទើរតែភ្លាមៗ។
ចុះនៅខែកុម្ភៈ ឆ្នាំ ២០១៥ កិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ទី២ បានដាក់ចេញនូវរូបមន្ត ដើម្បីដាក់បញ្ចូលតំបន់ផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ឱ្យចូលជាមួយអ៊ុយក្រែន ជាថ្នូរនឹងការផ្ដល់ឥទ្ធិពលមួយចំនួនឱ្យរុស្ស៊ី លើនយោបាយរបស់ប្រទេសអ៊ុយក្រែន។ អ្នករិះគន់បាននិយាយថា ប្រធានាធិបតីនៅពេលនោះគឺលោក ប៉េត្រូ ប៉ូរ៉ូសិនកូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយសារកងកម្លាំងយោធាអ៊ុយក្រែន គឺកំពុងប្រឈមមុខនឹងការចាញ់សង្គ្រាមនេះ។
កិច្ចព្រមព្រៀងទី២ គឺបានទទួលការគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែវាមិនដែលត្រូវបានភាគីទាំងសងខាងអនុវត្តដោយពេញលេញនោះទេ ហើយឥឡូវវាបានក្លាយជាចំណុចផ្ដោតនៃកិច្ចខិតខំប្រឹងប្រែងការទូតនាពេលបច្ចុប្បន្ន។
លក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងទី២ រួមមានបទឈប់បាញ់ភ្លាមៗ និងការដកអាវុធធុនធ្ងន់ ការឃ្លាំមើលដោយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) និងការបន្តឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ច និងសង្គមពេញលេញរវាងរដ្ឋាភិបាលអ៊ុយក្រែន និងតំបន់ផ្ដាច់ខ្លួន។
OSCE នៅតែតាមដានតំបន់នោះ ហើយល្បឿននៃអ្នកស្លាប់ និងរបួសបានថយចុះ នោះគឺជាផ្នែកនៃកិច្ចព្រមព្រៀងត្រូវបានបំពេញដោយផ្នែក។
លក្ខខណ្ឌដ៏តានតឹង និងមានការយល់ឃើញខុសគ្នារួមមានការស្ដារការគ្រប់គ្រងព្រំដែនរុស្ស៊ីទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែនវិញ ការដកកងកម្លាំង ទាហានស៊ីឈ្នួលនិងអាវុធបរទេសចេញទាំងអស់ និងការធ្វើកំណែទម្រង់ដើម្បីផ្ដល់សិទ្ធិគ្រប់គ្រងខ្លួន-ឯងមួយកម្រិតទៅឱ្យតំបន់ផ្ដាច់ខ្លួន។
អ៊ុយក្រែនចង់ស្ដារគ្រប់គ្រងព្រំដែនឡើងវិញមុនពេលការបោះឆ្នោតនៅក្នុងតំបន់ផ្ដាច់ខ្លួន រីឯរុស្ស៊ីវិញចង់រៀបចំការបោះឆ្នោតមុនអ៊ុយក្រែនគ្រប់គ្រងព្រំដែនឡើងវិញ។ បន្ថែមពីលើនេះអ៊ុយក្រែនចង់ឱ្យរុស្ស៊ី ដកទ័ពចេញឱ្យអស់ពីដែនដីអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានបដិសេធថា ខ្លួនគ្មានដាក់ពង្រាយទ័ពក្នុងទឹកដីអ៊ុយក្រែនទេ។
បញ្ហាមួយទៀតគឺការសម្រេច ចិត្តរបស់ទីក្រុងម៉ូស្គូក្នុងការចេញលិខិតឆ្លងដែនរុស្ស៊ីជាង ៦០០ ០០០ ទៅឱ្យក្រុមបំបែកខ្លួនដុនបាស បើទោះបីជារដ្ឋធម្មនុញ្ញអ៊ុយក្រែនមិនអនុញ្ញាតឱ្យមានសញ្ជាតិ ២ ក៏ដោយ។ ជាងនេះទៅទៀត កាលពីថ្ងៃអង្គារ សភារុស្សុី បានអនុម័តសេចក្ដីសម្រេចមួយដែលស្នើឱ្យលោក ពូទីន ទទួលស្គាល់ឯករាជភាពនៃរដ្ឋផ្ដាច់ខ្លួននៅដុនបាសពីអ៊ុយក្រែន ហើយវាជាការទទួលស្គាល់មួយដែលមន្ត្រីលោកខាងលិចបាននិយាយថា ការស្លាប់របស់កិច្ចព្រមព្រៀងក្រុងមីនស្ក៍។ នៅពេលសួរអំពីសេចក្ដីសម្រេចនេះ លោក ពូទីន បាននិយាយថា រុស្សុីដំបូងមានបំណងមួយសម្រាប់ «លទ្ធភាពដែលមិនអាចសម្រេច បាននៃការបំពេញកិច្ចព្រមព្រៀងមីនស្ក៍»៕
វីដេអូ៖